មន្ត្រីរាជការថ្នាក់ទាប និងសាធារណជនសម្ដែងការហួសចិត្តកាលបើពិនិត្យឃើញថា សកម្មភាពរបស់សមត្ថកិច្ចនគរបាលដែលដាក់ពង្រាយការត្រួតពិនិត្យ និងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេសកម្ពុជា ជាពិសេសនៅរាជធានីភ្នំពេញរាល់ថ្ងៃនេះ ធ្វើឡើងតែដើម្បីរកប្រាក់ចំណូលចូលហោប៉ៅ ជាជាងការចុះពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឲ្យមានប្រសិទ្ធភាព។
មន្ត្រីរាជការ និងពលរដ្ឋមួយចំនួនបានប្រាប់សារព័ត៌មាន The Cambodia Daily តាម Messenger Facebook នៅថ្ងៃសុក្រ ទី២៤ ខែកញ្ញា នេះថា ជារៀងរាល់ថ្ងៃគេសង្កេតឃើញមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកដែលដាក់ពង្រាយកម្លាំងនៅតាមផ្លូវជាតិនានា ឬនៅតាមទីប្រជុំជនក្នុងរាជធានី-ខេត្តទូទាំងប្រទេស គឺបានយកការងារចុះពង្រឹងច្បាប់ចរាចរណ៍ផ្លូវគោកនេះសម្រាប់តែរកប្រាក់ចំណូលប្រចាំថ្ងៃ ដើម្បីចែកគ្នាចាយតែប៉ុណ្ណោះ។
ពលរដ្ឋបានថ្លែងថា ជានិច្ចកាល ពួកគាត់តែងឃើញមន្ត្រីនគរបាលនៅតាមគោលដៅនីមួយៗបានឃុបឃិតជាមួយម្ចាស់យានយន្តល្មើសច្បាប់ចរាចរណ៍មួយចំនួន ជាថ្នូរទទួលលុយពុករលួយដែលមិនមានវិក្កយបត្រទេ។
ម្ចាស់យានជំនិះមួយចំនួនដែលត្រូវមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ចាប់ផាកពិន័យ បានទទួលស្គាល់ថា ពួកគាត់ពិតជាត្រូវបង្ខំចិត្តបង់លុយជូននគរបាលនៅតាមគោលដៅនីមួយៗទៅតាមការទាមទាររបស់មន្ត្រីនគរបាលទាំងនោះ ដោយមិនទទួលយកវិក្កយបត្រទេ ព្រោះបើយកវិក្កយបត្រ គឺត្រូវចំណាយលុយបង់ផាកពិន័យអស់ជាច្រើន ចាប់ពី ៦ម៉ឺនរហូតដល់ជាង ១០ម៉ឺនរៀល ឬច្រើនជាងនេះទៅតាមប្រភេទបទល្មើសនីមួយៗ។ ដូច្នេះ ទើបពួកគាត់បង្ខំចិត្តបង់លុយឲ្យនគរបាលតាមគោលដៅមួយចំនួននោះ ដោយមិនទទួលយកវិក្កយបត្រជាថ្នូររួចផុតពីការផាកពិន័យស្របតាមផ្លូវច្បាប់។
ករណីនេះ មហាជនមួយចំនួនបានបង្ហាញទស្សនៈថា ប្រសិនបើបទល្មើសគ្រឿងញៀនត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលពង្រាយកម្លាំងពួនស្ទាក់ចាប់បង្ក្រាបជនល្មើស ដូចករណីសមត្ថកិច្ចនគរបាលពួនស្ទាក់ចាប់ពលរដ្ឋល្មើសច្បាប់ចរាចរណ៍ផ្លូវគោកដូចដែលធ្លាប់បានអនុវត្តជាបន្តបន្ទាប់មកនេះ ទំនងជាគ្រឿងញៀនមិនអាចរីករាលដាលពាសពេញផ្ទៃប្រទេសចាប់ពីទីប្រជុំជន រហូតដល់ទីជនបទដូចសព្វថ្ងៃនេះទេ។
ពលរដ្ឋបានលើកជាសំណូមពរថា ស្ថិតក្នុងកាលៈទេសៈដែលកម្ពុជាកំពុងផ្ទុះរាលដាលនៃជំងឺ Covid-19 ពាសពេញផ្ទៃប្រទេស គួរតែរដ្ឋាភិបាលពិចារណាបន្ធូរបន្ថយការផាកពិន័យ ឬផ្អាកការអនុវត្តច្បាប់ចរាចរណ៍ជាបណ្ដោះអាសន្ន។
ប្រភពដដែលបញ្ជាក់ថា សកម្មភាពរបស់កម្លាំងនគរបាលស្ទើរនៅគ្រប់គោលដៅនានា ជាពិសេសនៅរាជធានីភ្នំពេញ បានយកការងារអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកសម្រាប់ធ្វើជាមុខរបររកលុយចូលហោប៉ៅ ជាជាងចុះពង្រឹងការត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍។
ប្រភពដដែលបានរិះគន់ថា កងកម្លាំងនគរបាលចរាចរណ៍ក៏ត្រូវបានប្រជាពលរដ្ឋប្រសិទ្ធិនាមថា «ជាក្រុមចោរស្របច្បាប់» និងជាមន្ត្រីនគរបាលស្ថិតក្នុងកងកម្លាំងប្រដាប់អាវុធដែលរកប្រាក់ចំណូលបានច្រើនជាងគេនៅក្នុងអំឡុងពេលប្រទេសកម្ពុជា រងការរាតត្បាតដោយជំងឺ Covid-19 ធ្ងន់ធ្ងរ ខណៈមន្ត្រីរាជការ និងប្រជាពលរដ្ឋភាគច្រើននៅទូទាំងប្រទេសកម្ពុជាកំពុងជួបប្រទះការខ្វះខាត គ្មានប្រាក់ចំណូល និងទ្រាំរស់ទាំងត្រដរខ្យល់នោះ។
ទោះជាបែបនេះក្តី សារព័ត៌មាន The Cambodia Daily នៅមិនទាន់អាចទាក់ទងអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ ដើម្បីបំភ្លឺលើការចោទប្រកាន់របស់ប្រជាពលរដ្ឋបាននៅឡើយទេ នៅថ្ងៃសុក្រ ទី២៤ ខែកញ្ញា ឆ្នាំ២០២១ នេះ។
កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ កន្លងមកនេះ លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងនូវយុទ្ធសាស្ត្រកាត់បន្ថយការប្រើប្រាស់កងកម្លាំងនគរបាលចរាចរណ៍ឈរនៅតាមដងផ្លូវ ដោយជំនួសមកវិញនូវការប្រើប្រាស់សម្ភារៈឧបករណ៍បច្ចេកទេស ដូចជាប្រព័ន្ធកាមេរ៉ាគំនូស និងស្លាកសញ្ញាចរាចរណ៍៕