ច្បាប់ស្ដីពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា Cambodia Democracy Act ឆ្នាំ២០២១ ឬហៅកាត់ថា H.R.4686 ដែលបានជាប់គាំងកាលពីអាណត្តិប្រធានាធិបតីមុនៗ ត្រូវបានរដ្ឋសភាសហរដ្ឋអាមេរិកនៃអាណត្តិប្រធានាធិបតីលោក ចូ បៃដិន អនុម័តយល់ព្រមគាំទ្រក្នុងសំឡេងច្រើនលើសលប់ហើយនៅថ្ងៃពុធ សប្តាហ៍នេះ។
រដ្ឋសភារបស់សហរដ្ឋអាមេរិកដែលមកពីគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋក្នុងអាណត្តិប្រធានាធិបតីលោក ចូ បៃដិន នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ នេះ បានអនុម័តគាំទ្រច្បាប់ Cambodia Democracy Act H.R 4686 ដែលមានសំឡេងគាំទ្រចំនួន ៤០៣សំឡេង ខណៈសំឡេងបដិសេធមានត្រឹមតែ ១៧សំឡេង និងសំឡេងអនុបវាទមានតែ ១២សំឡេងប៉ុណ្ណោះ។
Cambodia Democracy Act ឬហៅកាត់ថា H.R. ៤៦៨៦ គឺជាច្បាប់ស្ដីពីលទ្ធិប្រជាធិបតេយ្យសម្រាប់ប្រទេសកម្ពុជាដែលមានគោលបំណងដាក់ទណ្ឌកម្មលើមេដឹកនាំជាន់ខ្ពស់ និងមន្ត្រីរដ្ឋាភិបាលកម្ពុជា ដែលបានរំលោភសិទ្ធិមនុស្ស ជាន់ឈ្លីលទ្ធិប្រជាធិបតេយ្យ ប្រព្រឹត្តអំពើពុករលួយ រំលោភលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ និងបំបិទសេរីភាពសារព័ត៌មាន ជាដើម។
ច្បាប់ស្ដីពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា Cambodia Democracy Act ឆ្នាំ២០២១ នេះ ត្រូវបានផ្ដួចផ្ដើមឡើងដោយតំណាងរាស្ត្រសហរដ្ឋអាមេរិកមកពីគណបក្សសាធារណរដ្ឋប្រចាំរដ្ឋអូហៃយូ (Ohio) លោក Steve Chabot និងលោក Alan Lowenthal សមាជិករដ្ឋសភាអាមេរិកមកពីគណបក្សប្រជាធិបតេយ្យប្រចាំរដ្ឋកាលីហ្វ័រញ៉ា ដែលមានការគាំទ្រជាឯកច្ឆន្ទដោយប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាអាមេរិក លោក Gregory Meek កាលពីចុងខែកក្កដា ឆ្នាំ២០២១ កន្លងទៅ។
ជុំវិញការអនុម័តច្បាប់នេះ សមាជិករដ្ឋសភាអាមេរិកមកពីគណបក្សប្រជាធិបតេយ្យប្រចាំរដ្ឋកាលីហ្វ័រញ៉ា លោក Alan Lowenthal បានចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃនេះថា ច្បាប់ Cambodia Democracy Act នេះ ត្រូវបានអនុម័តឡើងក្នុងគោលបំណងដាក់ទណ្ឌកម្មទៅលើមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលកម្ពុជា រួមមានមន្ត្រីមានអំណាចក្នុងជួរកងទ័ពមួយចំនួន និងបង្កកទ្រព្យសម្បត្តិរបស់ពួកគេដែលពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជាផងដែរ។
លោកបញ្ជាក់ថា ច្បាប់ស្ដីពីប្រជាធិបតេយ្យនៅកម្ពុជា H.R. ៤៦៨៦ នេះ គឺជាលទ្ធផលដែលលោក ហ៊ុន សែន និងបក្ខពួករបស់គាត់បានរំលោភបំពានឥតឈប់ឈរទៅលើសេរីភាពរបស់ពលរដ្ឋខ្មែរកន្លងមក ហើយច្បាប់នេះនឹងមានប្រសិទ្ធភាពអនុវត្តទណ្ឌកម្មបន្ទាប់ពីសភាដាក់ជូនប្រធានាធិបតីអាមេរិករយៈពេល ១៨០ថ្ងៃ ឬរយៈពេល ៦ខែ។
យ៉ាងណាក៏ដោយ មេដឹកនាំគណបក្សកាន់អំណាចដែលតែងតែគំរាមចាប់ចងពលរដ្ឋខ្លួនឯង លោក ហ៊ុន សែន បានលើកឡើងក្នុងមហាសន្និបាតរបស់អង្គការសហប្រជាជាតិលើកទី៧៦ កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ ថា ការគោរពនូវបំណងប្រាថ្នានៃប្រជាជាតិនីមួយៗ និងសិទ្ធិរបស់ប្រជាជនក្នុងការសម្រេចចិត្តដោយខ្លួនឯង គឺជាគុណតម្លៃមួយដ៏ធំធេង។
អតីតមេកម្មាភិបាលខ្មែរក្រហមរូបនេះបញ្ជាក់ថា ប្រទេសធំ និងប្រទេសតូចតែងតែមានការរៀបចំនយោបាយខុសៗគ្នា ហើយប្រទេសនីមួយៗមិនគួរត្រូវបានបង្អាក់ដំណើរដោយសារតែការដាក់ទណ្ឌកម្ម ឬវិធានការបង្ខិតបង្ខំផ្នែកសេដ្ឋកិច្ចនោះទេ ដែលករណីបែបនេះគឺជាការរំលោភលើច្បាប់អន្តរជាតិទាំងស្រុង។
ដោយឡែកប្រធានមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) លោក ប៉ា ងួនទៀង បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា ការអនុម័តគាំទ្រឱ្យមានច្បាប់ស្ដីពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជានេះ បង្ហាញឱ្យឃើញពីការតាំងចិត្តដ៏មោះមុតរបស់សហរដ្ឋអាមេរិកក្នុងការជំរុញឱ្យរដ្ឋាភិបាលកម្ពុជាគោរពរដ្ឋធម្មនុញ្ញ គោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ស្ដារលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជាឡើងវិញផងដែរ។
លោកអះអាងថា ច្បាប់នេះនឹងមិនជាប់គាំងដូចអាណត្តិប្រធានាធិបតីមុនៗទៀតនោះទេ ព្រោះថារដ្ឋាភិបាលកម្ពុជាកំពុងដឹកនាំនយោបាយប្រាសចាកពីស្មារតីនៃរដ្ឋធម្មនុញ្ញរបស់ខ្លួន ដើម្បីពង្រឹងអំណាចឱ្យមហាអំណាចកុម្មុយនីស្តចិនសព្វថ្ងៃនេះ ដូច្នេះមហាអំណាចអាមេរិកនឹងមិនបណ្តែតបណ្តោយឱ្យមេដឹកនាំកម្ពុជាលះបង់ឯករាជភាពរបស់ខ្លួនទៅគាំទ្រចិន ដែលនឹងប៉ះពាល់ដល់ឥទ្ធិពល និងផលប្រយោជន៍របស់សហរដ្ឋអាមេរិកនោះឡើយ។
ទោះជាយ៉ាងណាក៏ដោយ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បណ្ឌិត សុខ ទូច បានប្រាប់សារព័ត៌មាន The Cambodia Daily យ៉ាងខ្លីថា លោករង់ចាំមើលការអនុវត្តជាមុនសិន។
ប៉ុន្តែអ្នកវិភាគនយោបាយឯករាជ្យ បណ្ឌិត ឡៅ ម៉ុងហៃ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃពុធនេះថា ទណ្ឌកម្មនៃច្បាប់ Cambodia Democracy Act អាចមានប្រសិទ្ធភាពធ្វើឱ្យអ្នកមានអំណាចដែលរំលោភច្បាប់កោតខ្លាចទៅបាន លុះត្រាតែច្បាប់នេះអាចធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ពួកគេ ប៉ុន្តែបើត្រឹមតែប៉ះពាល់កិត្តិយស ឬអាប់ឱនកេរ្តិ៍ឈ្មោះនោះ ពួកគេនឹងមិនខ្លាចទណ្ឌកម្មទាំងនោះជាដាច់ខាត។
លោកសង្កត់ធ្ងន់ថា ប្រសិនបើផលប្រយោជន៍ដែលពួកអ្នកកាន់អំណាចបាត់បង់ពីការដាក់ទណ្ឌកម្មនៃច្បាប់នេះនៅមានទំហំតិចជាងផលប្រយោជន៍ដែលមហាអំណាចកុម្មុយនីស្តចិនផ្តល់ឱ្យទេ នោះពួកគេនឹងមិនខ្លាចទណ្ឌកម្មនោះឡើយ បើទោះបីជាការបំពានលើទណ្ឌកម្មទាំងនោះនឹងធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់កម្ពុជា និងពលរដ្ឋខ្មែរក៏ដោយ ក៏ពួកគេមិនខ្វល់ដែរ។
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បានសរសេរលើបណ្ដាញសង្គម Facebook របស់លោកនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ សម្ដែងការសោកស្ដាយដែលសេចក្តីស្នើច្បាប់របស់សភាជាន់ទាបសហរដ្ឋអាមេរិកត្រូវបានអនុម័ត។
លោកអះអាងថា ច្បាប់ប្រជាធិបតេយ្យកម្ពុជាឆ្នាំ២០២១ ឬ H.R 4686 ផ្ដោតលើការទាក់ទណ្ឌកម្មលើមន្ត្រីរដ្ឋាភិបាលកម្ពុជាមួយចំនួនដែលជាការចោទប្រកាន់យ៉ាងអយុត្តិធម៌ ប្រាសចាកពីការពិតជាក់ស្ដែង គ្រាដែលកម្ពុជាកំពុងខិតខំប្រឹងប្រែងកសាងនូវរបបនីតិរដ្ឋដែលជាកិច្ចប្ដេជ្ញារបស់ខ្លួនដើម្បីសង្គមខ្មែរជាសង្គមប្រជាធិបតេយ្យ។
លោកបន្តថា សេចក្ដីស្នើច្បាប់នេះនឹងមិនអាចក្លាយទៅជាច្បាប់ដែលត្រូវអនុវត្តដោយលោកប្រធានាធិបតី ចូ បៃដិន នោះទេ។ ដ្បិតរដ្ឋាភិបាលអាមេរិកតំណាងដោយលោកស្រី Wendy Sherman អនុរដ្ឋមន្ត្រីការបរទេសទើបបានមកធ្វើទស្សនកិច្ចនៅកម្ពុជា កាលពីខែមិថុនា បង្ហាញយ៉ាងជាក់ស្ដែងនូវការពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីផលប្រយោជន៍រួមនៃប្រជាជាតិទាំងពីរ។ លោកបានបន្ថែមថា សេចក្ដីស្នើច្បាប់នេះជាស្នូលនៃឧបសគ្គមួយចំពោះកិច្ចសហប្រតិបត្តិការរវាងប្រជាជាតិទាំងពីរ បើទោះបីក្នុងបរិបទទ្វេភាគី ក៏ដូចជាពហុភាគីនៅក្នុងតំបន់អាស៊ានដែលជារឿងគួរឱ្យសោកស្ដាយបំផុត។
ទោះជាបែបនេះក្តី អនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនាពលរដ្ឋដើម្បីប្រជាធិបតេយ្យ និងជាអ្នកវិភាគនយោបាយសង្គមផងនោះ បានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោកដោយថ្លែងយ៉ាងខ្លីថា សភាអាមេរិកប្រើពេលយូរបន្តិចហើយ។
ចំណែកប្រធានប្រតិបត្តិនៃចលនាពលរដ្ឋដើម្បីប្រជាធិបតេយ្យ លោក ទូច វិបុល បានសរសេរនៅលើហ្វេសប៊ុករបស់លោកថា លោកសូមធ្វើការគាំទ្រទាំងស្រុងនូវការដាក់ទណ្ឌកម្មទៅលើបុគ្គលដែលពុំមានផលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពលរដ្ឋខ្មែរ ជាពិសេសការងារនៅក្នុងស្រុក។ លោកសង្ឃឹមថា ព្រឹទ្ធសភាអាមេរិកាំងនឹងពិនិត្យ ហើយបន្តបញ្ជូនច្បាប់នេះទៅកាន់លោកប្រធានាធិបតីឲ្យចុះហត្ថលេខាក្លាយជាច្បាប់។ ប៉ុន្តែលោកចោទជាសំណួរថា តើរដ្ឋាភិបាលកម្ពុជានឹងសងសឹកមកលើសហរដ្ឋអាមេរិកវិញតាមវិធីណាដែរ? តើក្រុមប្រឆាំងដែលបានរត់ចោលម្ចាស់ឆ្នោត ហ៊ានត្រឡប់ទៅមាតុភូមិរបស់ខ្លួនវិញដែរទេ?
លោកបន្តថា ដើម្បីដោះស្រាយនយោបាយជាតិដែលជាប់គាំងរាប់ឆ្នាំមកនេះ មេដឹកនាំខ្មែរត្រូវតែទម្លាក់ចោលនូវភាពមានះ និងអាត្មានិយម ហើយងាកមកបម្រើផលប្រយោជន៍ប្រទេសជាតិ និងពលរដ្ឋវិញ។ លោកបន្តដោយចោទជាសំណួរថា បរទេសគេតែងគិតពីផលប្រយោជន៍របស់ប្រទេសគេ ហេតុអ្វីខ្មែរយើងមិនហ៊ានគិត និងបម្រើផលប្រយោជន៍ជាតិរបស់ខ្លួនឯង?
ពាក់ព័ន្ធនឹងការអនុម័តច្បាប់នេះ អ្នកវិភាគខាងផ្នែកគោលនយោបាយរបស់អង្គការ Heritage Foundation ក្នុងរដ្ឋធានីវ៉ាស៊ីនតោន អ្នកស្រី Olivia Enos បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីចុងខែកក្កដា ឆ្នាំ២០២១ នេះថា ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើរដ្ឋាភិបាលកម្ពុជា គឺមិនមានឥទ្ធិពលលើពលរដ្ឋខ្មែរនោះទេ ប៉ុន្តែទណ្ឌកម្មនេះនឹងប៉ះពាល់ខ្លាំងតែទៅលើអ្នកមានអំណាចដែលរំលោភច្បាប់ និងបំបិទសិទ្ធិសេរីភាពពលរដ្ឋខ្មែរតែប៉ុណ្ណោះ។
អ្នកស្រី Olivia Enos លើកឡើងទៀតថា ការដាក់ទណ្ឌកម្មនេះត្រូវធ្វើឡើងមានច្រើនសណ្ឋាន ច្រើនរបៀប ដូចជាការដាក់ទណ្ឌកម្មលើរដ្ឋាភិបាលកម្ពុជាអំពីការចរាចរលុយកខ្វក់ ការប្រព្រឹត្តអំពើពុករលួយរបស់មន្ត្រីរដ្ឋាភិបាល និងឈ្មួញទុច្ចរិតធំៗរបស់កម្ពុជាជាដើម ដូច្នេះគ្មានទណ្ឌកម្មណាមួយរបស់អាមេរិកនឹងត្រូវប៉ះពាល់លើផលប្រយោជន៍របស់ពលរដ្ឋខ្មែរស្លូតត្រង់នោះឡើយ។
ច្បាប់ស្ដីពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា Cambodia Democracy Act ឆ្នាំ២០២១ ឬហៅកាត់ថា H.R.4686 ត្រូវការសំឡេងគាំទ្រពីសមាជិកសភាអាមេរិកត្រឹមតែ ២១៨សំឡេងប៉ុណ្ណោះនៃសមាជិកសភា ៤៣៥រូប ប៉ុន្តែការអនុម័តគាំទ្រច្បាប់នេះបានកើនឡើងដល់ទៅ ២ភាគ៣ ដូច្នេះច្បាប់នេះនឹងត្រូវបញ្ជូនទៅព្រឹទ្ធសភាអាមេរិកបន្តទៀត។
នៅព្រឹទ្ធសភាអាមេរិក ច្បាប់នេះនឹងត្រូវការសំឡេងគាំទ្រ ៥០ភាគរយបូក១ គឺត្រូវការសំឡេង ៥១នាក់នៃសមាជិកព្រឹទ្ធសភាអាមេរិកសរុប ១០០នាក់ ទើបច្បាប់នេះអាចបន្តដំណើរចូលទៅឱ្យប្រធានាធិបតីចុះហត្ថលេខាជាផ្លូវការដើម្បីក្លាយជាច្បាប់ពេញលក្ខណៈ៕