ពលរដ្ឋខេត្តព្រះសីហនុ ស្វាគមន៍ចំពោះចំណាត់ការរបស់សមត្ថកិច្ចគ្រប់ស្ថាប័ន និងសាលាដំបូងខេត្តព្រះសីហនុ ដែលបានចាប់ឃុំខ្លួនមេខ្លោងកាប់បំផ្លាញដីព្រៃឈើសាធារណៈរបស់រដ្ឋ នៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ចំនួន ៦នាក់ដាក់ពន្ធនាគារជាបន្តបន្ទាប់កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១។
សាលាដំបូងខេត្តព្រះសីហនុ បានចោទជនសង្ស័យទាំង ៦នាក់នេះពីបទចូលរួមសមាគមនៃជនទុច្ចរិត បទបន្លំឯកសារសាធារណៈ បទប្រើប្រាស់ឯកសារសាធារណៈក្លែង បទផ្តល់សេចក្តីប្រកាសក្លែងដោយភូតកុហក សមគំនិតប្រើអំពើហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត និងកាប់រានព្រៃ ឈូសឆាយដីព្រៃ ហ៊ុមព័ទ្ធកាន់កាប់ដីព្រៃ។
សាលាដំបូងខេត្តព្រះសីហនុ បានចេញដីកាឃុំខ្លួនជនសង្ស័យចំនួន ៥នាក់ដាក់ពន្ធនាគារខេត្តព្រះសីហនុ កាលពីថ្ងៃទី០៧ ខែតុលា និងជនសង្ស័យម្នាក់ទៀតឃុំខ្លួននៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១។
ជនសង្ស័យទាំង ៦នាក់ខាងលើនេះមានអ្នកខ្លះមានលំនៅឋាននៅរាជធានីភ្នំពេញ និងខ្លះទៀតរស់នៅស្រុកព្រៃនប់ និងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ក្នុងចំណោមនោះក៏មានជនសង្ស័យម្នាក់ជាអតីតអភិបាលរងស្រុកព្រៃនប់ ម្នាក់ទៀតជាអតីតមេឃុំបិតត្រាំង និងម្នាក់ទៀតជាមន្ត្រីនៃទីបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ។
ជនសង្ស័យទាំង ៦នាក់នេះ រួមមាន៖
- ទី១ ឈ្មោះ ណុប ភាន ភេទប្រុស អាយុ ៦៧ឆ្នាំ ជនជាតិខ្មែរ អតីតជាអភិបាលរងស្រុកព្រៃនប់។
- ទី២ ឈ្មោះ រស់ ប៊ីធុល ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបររកស៊ីដីធ្លី។
- ទី៣ ឈ្មោះ ញ៉ក់ គឹមតុង ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបររកស៊ីដីធ្លី។
- ទី៤ ឈ្មោះ ឡាក់ គាន ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ អតីតមេឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
- ទី៥ ឈ្មោះ វ៉េ វ៉េត ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបររកស៊ីដីធ្លី។
ជនសង្ស័យទាំង ៥នាក់នេះ ត្រូវសាលាដំបូងខេត្តព្រះសីហនុ ដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យពីបទចូលរួមសមាគមនៃជនទុច្ចរិត បទក្លែងបន្លំឯកសារសាធារណៈ បទប្រើប្រាស់ឯកសារសាធារណៈក្លែង បទផ្តល់សេចក្តីប្រកាសដោយភូតកុហក បទសមគំនិតប្រើអំពើហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត និងកាប់រានព្រៃ ឈូសឆាយដីព្រៃ ហ៊ុមព័ទ្ធកាន់កាប់ដីព្រៃ។
ចំណែកមនុស្សទី៦ ឈ្មោះ ហេង ម៉េង ភេទប្រុស អាយុ ៤៧ឆ្នាំ ជនជាតិខ្មែរជាមន្ត្រីកងរាជអាវុធហត្ថខេត្តព្រះសីហនុ ហើយត្រូវតុលាការឃុំខ្លួនក្នុងពន្ធនាគារកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១។ ជនសង្ស័យរូបនេះត្រូវតុលាការដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យពីបទសមគំនិតក្នុងអំពើហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត សមគំនិតក្នុងអំពើប៉ះពាល់កម្មសិទ្ធិនៃទ្រព្យសម្បត្តិសាធារណៈ និងលាក់បំបាំងតម្រុយ។
ទោះយ៉ាងណា ក្រុមអ្នកឃ្លាំមើលផែនការអភិវឌ្ឍន៍សង្គម និងពលរដ្ឋខេត្តព្រះសីហនុ កំពុងទន្ទឹងរង់ចាំមើលចំណាត់ការរបស់សាលាដំបូងខេត្តនេះបែបណាចំពោះជនសង្ស័យទាំង ៦រូប ដែលកំពុងត្រូវឃុំខ្លួនបណ្ដោះអាសន្នក្នុងពន្ធនាគារ ព្រមទាំងអ្នកជាប់ពាក់ព័ន្ធដទៃទៀតដែលមានបុណ្យស័ក្តិខ្ពស់ក្នុងជួររាជរដ្ឋាភិបាល និងបុគ្គលខ្លះទៀតមានងារជាឧកញ៉ា ហើយមានឈ្មោះជាប់ពាក់ព័ន្ធសំណុំរឿងចូលទៅកាប់បំផ្លាញ និងកាន់កាប់ដីព្រៃឈើសាធារណៈរបស់រដ្ឋ នៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ធ្វើជាកម្មសិទ្ធិខុសច្បាប់ទាំងនេះ៕