គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលហៅកាត់ថា គ.ជ.ប បានអះអាងថា ថ្ងៃដំបូងដែលខ្លួនបើកឱ្យដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត កាលពីថ្ងៃអង្គារ ទី១២ ពុំមានបញ្ហាប្រឈមធ្វើឱ្យរាំងស្ទះនោះទេ ខណៈមន្ត្រីបក្សក្រៅរដ្ឋាភិបាលសុទ្ធតែមានទស្សនៈដូចគ្នាពីសារសំខាន់នៃការបោះឆ្នោតជ្រើសរើសតំណាងពលរដ្ឋនៅមូលដ្ឋាននេះ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានចេញសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ-សង្កាត់មានរយៈពេល ៥០ថ្ងៃ ដែលគិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចែកជាបីដំណាក់កាល។ ក្នុងនោះ ១៥ថ្ងៃដំបូងគិតចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ ការិយាល័យចុះឈ្មោះបោះឆ្នោតត្រូវបើកឱ្យដំណើរការនៅតាមសាលាឃុំ-សង្កាត់ទូទាំងប្រទេស។
ប្រភពដដែលអះអាងថា រយៈពេល ២៥ថ្ងៃបន្ទាប់ ដោយគិតចាប់ពីថ្ងៃទី២៧ ខែតុលា ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ ការិយាល័យចុះឈ្មោះបោះឆ្នោតនឹងចល័តទៅតាមភូមិមួយចំនួននៅក្នុងឃុំ-សង្កាត់នីមួយៗ ប៉ុន្តែនៅសល់រយៈពេល ១០ថ្ងៃចុងក្រោយ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ការិយាល័យចុះឈ្មោះបោះឆ្នោតនឹងត្រូវបើកឱ្យដំណើរការនៅតាមសាលាឃុំ-សង្កាត់ដូចធម្មតាវិញ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បញ្ជាក់ថា យោងតាមស្ថិតិពលរដ្ឋប៉ាន់ស្មានឆ្នាំ២០២១ គ.ជ.ប. មានផែនការចុះឈ្មោះអ្នកបោះឆ្នោតថ្មីឱ្យបានចំនួនជាង ១លាន ៦សែននាក់ ខណៈឈ្មោះដែលត្រូវលុបចេញពីបញ្ជីបោះឆ្នោតមានចំនួនជាង ៨ម៉ឺននាក់ផងដែរ។ ចំណែកការិយាល័យបោះឆ្នោតសម្រាប់ឆ្នាំ២០២១ នេះមានចំនួនដល់ទៅជាង ២ម៉ឺន ៣ពាន់ការិយាល័យឯណោះ។
ការចេញសេចក្តីជូនដំណឹងឱ្យប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតនេះ ធ្វើឡើងស្របពេលដែលការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់កាន់តែខិតជិតមកដល់ហើយក្នុងឆ្នាំ២០២២ ខាងមុខនេះ។
ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ប្រាជ្ញ ចន្ទ បានចេញលិខិតដែលត្រូវបានផ្សព្វផ្សាយកាលពីថ្ងៃទី១២ ខែតុលា នេះ ដោយអំពាវនាវឱ្យប្រជាពលរដ្ឋមានអាយុ ១៨ឆ្នាំ ឬអ្នកដែលបានកើតត្រឹមថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០០៤ ទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។
អគ្គលេខាធិការគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បណ្ឌិត សាម អ៊ីន បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៣ តុលា នេះថា ការបោះឆ្នោតឃុំ-សង្កាត់ពិតជាមានសារសំខាន់ណាស់សម្រាប់ពលរដ្ឋក្នុងការប្រើប្រាស់សិទ្ធិនយោបាយ ដើម្បីបោះឆ្នោតសម្រេចជ្រើសរើសអ្នកដឹកនាំនៅមូលដ្ឋានរបស់ខ្លួន។
លោកអះអាងថា ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់នេះពិតជាបានជួយជំរុញដំណើរការ និងលើកតម្កើងវប្បធម៌ប្រជាធិបតេយ្យនៅកម្ពុជាឱ្យកាន់តែទូលំទូលាយបន្ថែមទៀត។ លើសពីនេះ ក៏ជួយដល់ការកសាងអភិបាលកិច្ចល្អនៅមូលដ្ឋានផងដែរ។ ដូច្នេះ បើពលរដ្ឋមិនទៅចុះឈ្មោះបោះឆ្នោតទេ ពួកគាត់នឹងបាត់បង់សិទ្ធិក្នុងការបោះឆ្នោត និងឈរឈ្មោះឱ្យគេបោះឆ្នោតឱ្យជាមិនខាន។
លោកបន្តថា ការមិនទៅចុះឈ្មោះបោះឆ្នោត គឺស្មើនឹងការមិនគាំទ្រឱ្យមានលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាដូច្នោះដែរ ហើយគណបក្សរបស់លោកបានត្រៀមខ្លួនរៀបចំឃុំ-សង្កាត់ចំនួន១០០ ដើម្បីប្រកួតប្រជែងក្នុងការបោះឆ្នោតឃុំ-សង្កាត់ក្នុងឆ្នាំ២០២២ ខាងមុខ។
ដោយឡែកមន្ត្រីជាន់ខ្ពស់គណបក្សកែទម្រង់កម្ពុជា លោក អ៊ូ ចន្ទរ័ត្ន ក៏បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៣ តុលា នេះផងដែរថា បក្សរបស់លោកកំពុងត្រៀមចូលរួមក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ខាងមុខនេះដែរ ប៉ុន្តែក្រុមនេះក៏មិនភ្លេចពិនិត្យពីតម្លាភាព និងភាពឯករាជរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែរ។
លោក អ៊ូ ចន្ទរ័ត្ន បញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ពិតជាសំខាន់ណាស់សម្រាប់ពលរដ្ឋដែលចង់បានប្រជាធិបតេយ្យ ប៉ុន្តែបើម្ចាស់ឆ្នោតមិនទៅចូលរួមបោះឆ្នោតទេនោះ គឺបង្ហាញឱ្យឃើញថា ពួកគាត់កំពុងទុកឱ្យជំងឺសង្គម និងវិបត្តិនយោបាយនៅកម្ពុជាបន្តកើតមានដូចសព្វថ្ងៃនេះបន្ថែមទៀត៕