សកម្មជនដីធ្លីម្នាក់នៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ ត្រូវបានសាលាដំបូងខេត្តនេះដោះលែងឱ្យមានសេរីភាពវិញ បន្ទាប់ពីសកម្មជនដីធ្លីរូបនេះបានអនុវត្តទោសរយៈពេល ២ឆ្នាំតាមការកំណត់របស់តុលាការ។
ប្រធានសហគមន៍ស្រែប្រាំង ភូមិស្រែប្រាំង ឃុំត្រពាំងព្រីង ស្រុកតំបែរ លោក សែម សាង ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ ក្រោយមកសាលាដំបូងខេត្តនេះបានសម្រេចផ្ដន្ទាទោសលោកដាក់ពន្ធនាគារ ២ឆ្នាំ ក្រោមបទចោទ «កំហែងយកដោយមានស្ថានទម្ងន់ទោសដោយប្រើប្រាស់អាវុធ»។
ការចោទប្រកាន់ និងឃុំខ្លួនលោក សែម សាង ក្រោយពីលោកសកម្មដឹកនាំប្រជាពលរដ្ឋនៅសហគមន៍ស្រែប្រាំង តវ៉ារឿងជម្លោះដីធ្លីជាមួយក្រុមហ៊ុនមួយរបស់ចិន និងជាមួយឧកញ៉ាម្នាក់ស្ថិតនៅភូមិស្រែប្រាំង ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។
ដោយមិនសុខចិត្តនឹងសេចក្ដីសម្រេចរបស់សាលាដំបូងខេត្ត លោក សែម សាង បានប្ដឹងជំទាស់ទៅសាលាឧទ្ធរណ៍ ប៉ុន្តែនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ សាលាឧទ្ធរណ៍បានបដិសេធ ដោយចាត់ទុកការសម្រេចរបស់តុលាការថ្នាក់ក្រោមជារឿងត្រឹមត្រូវ។
លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) បានបង្ហោះសារតាមបណ្ដាញសង្គមរបស់លោកថា ក្រោយពីអនុវត្តទោសបានគ្រប់ចំនួន ២ឆ្នាំនោះ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ សាលាដំបូងខេត្តត្បូងឃ្មុំ បានដោះលែងលោក សែម សាង ឱ្យមានសេរីភាពវិញហើយ។
បើតាមប្រជាពលរដ្ឋឃុំត្រពាំងព្រីង ស្រុកតំបែរ ធ្លាប់លើកឡើងថា ដើមចមដែលនាំឱ្យសមត្ថកិច្ចចាប់ខ្លួនប្រធានសហគមន៍ស្រែប្រាំង លោក សែម សាង នេះ ដោយសារបញ្ហាទំនាស់ដីធ្លីជាមួយក្រុមហ៊ុន ហាម៉ីនី វីន អ៊ិនវេសមេន ក្នុងទំហំផ្ទៃដី ៥៨០ហិកតារ និងឧកញ៉ាម្នាក់ជាង ២០០ហិកតារ ទំហំដីសរុបក្នុងសហគមន៍ ៧៨០ហិកតារ តាំងពីឆ្នាំ២០១៤ ដោយរងផលប៉ះពាល់ជាមួយប្រជាពលរដ្ឋចំនួន ១២៩គ្រួសារ។
បើតាមឯកសារចងក្រងដោយសម្ព័ន្ធសហគមន៍កសិករកម្ពុជា បានឱ្យដឹងថា ដីព្រៃលិចទឹករបស់សហគមន៍ស្រែប្រាំង និងសហគមន៍បុស្សស្នោ ទំហំ ៥៨០ហិកតារ ផ្ដើមមានជម្លោះជាមួយក្រុមហ៊ុនចិន «ហាម៉ីនី វីន អ៊ិនវេសមេន» ចាប់តាំងពីឆ្នាំ២០១៤ និងដីទំហំ ២០០ហិកតារទៀតមានជម្លោះជាមួយឧកញ៉ា ម៉ែន ចាន់ធឿន ខណៈពលរដ្ឋទាំងនោះប្រមាណ ២៥០គ្រួសារបានចូលមកកាន់កាប់ដីនៅតំបន់មានជម្លោះនេះតាំងពីឆ្នាំ២០០២។
តាមរបាយការណ៍របស់អង្គការលីកាដូ ធ្លាប់បានឲ្យដឹងថា ក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ ពលរដ្ឋរងគ្រោះដោយសារដីធ្លីចំនួន ២១នាក់ ត្រូវបានអាជ្ញាធរចាប់ខ្លួន ហើយមាន ១១នាក់កំពុងជាប់ឃុំក្នុងពន្ធនាគារ៕