ក្រុមអ្នកឃ្លាំមើលសិទ្ធិពលរដ្ឋ បានច្រានចោលការលើកឡើងរបស់អ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សុភ័ណ្ឌ ដែលបានបដិសេធលើរបាយការណ៍របស់សម្ព័ន្ធអ្នកសារព័ត៌មានខ្មែរ ខេមបូចា (CamboJA) ដែលថាជារបាយការណ៍គ្មានភាពស្មោះត្រង់ ប៉ុន្តែអ្នកឃ្លាំមើលអះអាងថា ការច្រានចោលនេះជាទម្លាប់នៃការគេចវេសពីការទទួលស្គាល់ការពិតរបស់មន្ត្រីរដ្ឋាភិបាលកម្ពុជាតែប៉ុណ្ណោះ។
ប្រធានមជ្ឈមណ្ឌលដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅកម្ពុជា ដែលហៅកាត់ថា CCIM លោក ប៉ា ងួនទៀង បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២០ តុលា នេះថា ជាទម្លាប់របស់មន្ត្រីរដ្ឋាភិបាលកម្ពុជា នៅពេលដែលមានរបាយការណ៍ណាមួយរកឃើញពីភាពមិនប្រក្រតីរបស់ខ្លួន ពួកគេមិនដែលស្រាវជ្រាវពីបញ្ហាទាំងនោះទេ ប៉ុន្តែបែរជានាំគ្នាប្រតិកម្មលើរបាយការណ៍នោះដោយគ្មានមូលដ្ឋានច្បាស់លាស់ និងប្រើលេសផ្សេងជានិច្ច។
លោកថា កន្លងមក រដ្ឋាភិបាលតែងយកការគំរាមកំហែងជាជាងការសហការ និងការកែលំអការងារខ្លួនឯង ដូច្នេះហើយទើបមុខមាត់របស់ប្រទេសជាតិចេះតែអន់ថយទៅៗពីមួយឆ្នាំទៅមួយឆ្នាំ។
លោក ប៉ា ងួនទៀង បញ្ជាក់ថា សេរីភាពសារព័ត៌មាននៅកម្ពុជាសព្វថ្ងៃនេះកាន់តែទាបទៅៗ ព្រោះរដ្ឋាភិបាលចូលចិត្តអនុវត្តកិច្ចការរបស់ខ្លួនដោយការបង្ក្រាប ជាជាងការដោះស្រាយដោយសន្តិវិធីរាល់ករណីដែលគេរកឃើញពីភាពមិនត្រឹមត្រូវរបស់ខ្លួន ដូច្នេះដើម្បីបំបាត់ការរឹតត្បិតទាំងនេះ មានតែអង្គការក្រៅរដ្ឋាភិបាល សារព័ត៌មានឯករាជ្យ និងពលរដ្ឋខ្មែរប៉ុណ្ណោះ ដែលអាចនាំគ្នាតវ៉ាទាមទារដើម្បីកែលំអសង្គមកម្ពុជាឡើងវិញបាន។
អ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សុភ័ណ្ឌ ត្រូវបានសារព័ត៌មានរបស់លោក ហ៊ុន សែន Fresh News ដកស្រង់សម្ដីកាលពីថ្ងៃទី១៩ ខែតុលា ដោយចោទប្រកាន់របាយការណ៍ដែលចេញផ្សាយដោយ ខេមបូចា ជារបាយការណ៍ដែលមិនមានភាពស្មោះត្រង់ និងមានចេតនាចោទប្រកាន់លើស្ថាប័នមានសមត្ថកិច្ចដែលកំពុងអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនស្របតាមច្បាប់ជាធរមាន។
មន្ត្រីក្រសួងព័ត៌មានរូបនេះអះអាងថា របាយការណ៍របស់សម្ព័ន្ធអ្នកសារព័ត៌មានខ្មែរ CamboJA នេះ មិនបានសិក្សាស្រាវជ្រាវឲ្យបានគ្រប់ជ្រុងជ្រោយទៅលើលិខិតបទដ្ឋានគតិយុត្តិដែលក្រសួងព័ត៌មាន បានចេញនាពេលកន្លងមកនោះទេ ហើយមិនដែលទទួលយកការបញ្ជាក់ ឬការពន្យល់បកស្រាយរបស់ស្ថាប័នសាធារណៈ ឬស្ថាប័នមានសមត្ថកិច្ចម្តងណាឡើយ។
សម្ព័ន្ធអ្នកសារព័ត៌មានខ្មែរដែលហៅកាត់ថា CamboJA បានផ្សព្វផ្សាយរបាយការណ៍ប្រចាំត្រីមាសរបស់ខ្លួន ដោយការដកស្រង់សង្ខេបនៃករណីមួយចំនួនទាក់ទងនឹងសេរីភាពសារព័ត៌មាន និងសេរីភាពនៃការបញ្ចេញមតិរបស់អ្នកសារព័ត៌មាន ចាប់តាំងពីខែកក្កដា ដល់ខែកញ្ញា ឆ្នាំ២០២១ នេះ ដែលមានកម្រាស់ជិត ៣០ទំព័រ លើទំព័រ Facebook ផ្លូវការរបស់ខ្លួន កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ នេះ។
CamboJA អះអាងថា ការវិវឌ្ឍមួយក្នុងចំណោមការវិវឌ្ឍដ៏គួរឲ្យកត់សម្គាល់បំផុតដែលខ្លួនបានឃ្លាំមើលក្នុងរយៈពេល ៣ខែដំបូងនៃឆ្នាំ២០២១ នេះ គឺសេចក្តីជូនដំណឹងថ្មីមួយរបស់ក្រសួងព័ត៌មាន បានអនុញ្ញាតឲ្យអាជ្ញាធរមានសិទ្ធិចោទប្រកាន់លើអ្នកសារព័ត៌មាននៅពេលដែលអ្នកសារព័ត៌មានលាតត្រដាងពីទង្វើមិនប្រក្រតីណាមួយរបស់ពួកគេ។
ប្រភពដដែលបញ្ជាក់ថា មានករណីជាច្រើនដែលទាក់ទងនឹងការរំលោភសិទ្ធិបញ្ចេញមតិរបស់អ្នកសារព័ត៌មានក្នុងអំឡុងត្រីមាសនេះ ក្នុងនោះរួមមាន ទាក់ទងនឹងជម្លោះដីធ្លី ព្រមទាំងករណីដ៏ចម្រូងចម្រាសនៃគម្រោងអភិវឌ្ឍន៍អាកាសយានដ្ឋានថ្មីនៅខេត្តកណ្តាល ផងដែរ។ បញ្ហានេះបានបណ្តាលឱ្យអ្នកសារព័ត៌មាន ៨នាក់ត្រូវបានយាយី និងម្នាក់ទៀតត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារថែមទៀត។
របាយការណ៍ស្ដីពីសន្ទស្សន៍សេរីភាពសារព័ត៌មានពិភពលោកឆ្នាំ២០២០ អះអាងថា សេរីភាពសារព័ត៌មាននៅកម្ពុជាបានថយចុះជាលំដាប់ ពោលគឺទទួលបានចំណាត់ថ្នាក់លេខ១៤៤ ក្នុងចំណោមប្រទេស១៨០។ ចំណែកអង្គការអ្នកសារព័ត៌មានគ្មានព្រំដែន ដែលមានមូលដ្ឋាននៅបរទេសអះអាងថា សេរីភាពសារព័ត៌មាននៅប្រទេសកម្ពុជា បានបន្តធ្លាក់ចុះ ៣ឆ្នាំជាប់គ្នា គឺក្នុងឆ្នាំ២០១៨ ឆ្នាំ២០១៩ និងឆ្នាំ២០២០។
ដោយឡែករបាយការណ៍ស្ដីពីនីតិរដ្ឋឆ្នាំ២០២១ នៃគម្រោងយុត្តិធម៌ពិភពលោក (The World Justice Project) ក៏បានរកឃើញថា កម្ពុជាបានជាប់ចំណាត់ថ្នាក់លេខទី១៣៨ ក្នុងចំណោមប្រទេស១៣៩ ដោយសារតែការដឹកនាំគ្មានតម្លាភាព ការគំរាមកំហែងសិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋ និងការមិនធានាបាននូវប្រព័ន្ធយុត្តិធម៌របស់ខ្លួនតាមផ្លូវតុលាការ ជាដើម៕