ទឹកជំនន់ស្ទឹងព្រែកត្នោត កំពុងហក់ឡើងយ៉ាងគំហុកក្នុងកម្រិតប្រកាសអាសន្នដែលបណ្តាលឱ្យប៉ះពាល់ដល់លំនៅឋានរបស់ពលរដ្ឋជាង ២ពាន់ខ្នង ក្នុងសង្កាត់ចំនួន១០ នៃខណ្ឌមួយចំនួនក្នុងរាជធានីភ្នំពេញ ខណៈមន្ត្រីរដ្ឋាភិបាលថាគម្រោងស្ដារប្រព័ន្ធរំដោះទឹកនេះនៅមានភាពយឺតយ៉ាវ ដោយសារថវិកាសម្រាប់ប្រើប្រាស់ក្នុងគម្រោងនេះជាកញ្ចប់ថវិការបស់ភាគីចិន។
អភិបាលក្រុងភ្នំពេញ លោក ឃួង ស្រេង បានដឹកនាំកម្លាំងរបស់ខ្លួនត្រួតពិនិត្យស្ថានភាពទឹកក្នុងស្ទឹងព្រែកត្នោត ដែលកំពុងហក់ឡើងខ្ពស់ក្នុងកម្រិតប្រកាសអាសន្នសម្រាប់ពលរដ្ឋដែលរស់នៅក្នុងសង្កាត់គង់នយ សង្កាត់ទៀន សង្កាត់ស្ពានថ្ម សង្កាត់ព្រែកកំពឹស និងសង្កាត់រលួស ជាដើម ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលត្រូវជម្លៀសចេញពីលំនៅឋាន ដើម្បីរកទីទួលសុវត្ថិភាពភ្លាមៗនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ នេះ។
លោក ឃួង ស្រេង បានបញ្ជាឱ្យកម្លាំងអាជ្ញាធរប្រើទូកុងតឺន័រដាក់ឃាំងធ្វើជាទំនប់បណ្ដោះអាសន្ន ត្រង់ចំណុចដែលទឹកហូរច្រោះថ្នល់ប្រមាណជាង ១០០ម៉ែត្រ។
ប៉ុន្តែជំនន់ទឹកភ្លៀងដែលកំពុងបន្តហក់ឡើងឥតឈប់ឈរនេះ កំពុងតែហូរចេញពីភូមិកន្ទួតទឹក ក្នុងសង្កាត់ទៀន ទៅកាន់តំបន់ផ្សេងទៀត ដូចជាតំបន់កួរស្រូវ និងផ្នែកខាងត្បូងឆ្ពោះទៅវត្តព្រះធាតុ និងផ្លូវជាតិលេខ២ ក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល ហើយនៅពេលនេះ។
នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ ស្ថានភាពទឹកជំនន់ដែលបង្កដោយទឹកភ្លៀងក្នុងស្ទឹងព្រែកត្នោត កំពុងតែហក់ឡើងខ្លាំងនៅភូមិសាស្ត្ររាជធានីភ្នំពេញ មានដូចជាសង្កាត់គង់នយ សង្កាត់សាក់សំពៅ នៃខណ្ឌដង្កោ និងសង្កាត់បឹងធំ សង្កាត់ប្រទះឡាង នៃខណ្ឌកំបូល ជាដើម ដែលបណ្តាលឱ្យវត្តអារាមជិត ១០វត្តត្រូវបានលិចទាំងស្រុង រួមមានវត្តសាក់សំពៅ វត្តចំការខ្សាច់ វត្តព្រែកជ្រៃ វត្តហារាម វត្តទឹកថ្លា និងវត្តកំពុងក្តុល ជាដើម។
ជុំវិញបញ្ហានេះ អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម លោក ចាន់ យុត្ថា ធ្លាប់បានប្រាប់សារព័ត៌មានក្នុងស្រុកកាលពីពេលថ្មីៗនេះថា ក្រសួងធនធានទឹក អាចគ្រប់គ្រងជំនន់ទឹកភ្លៀងស្ទឹងព្រែកត្នោត បាន ប្រសិនបើភ្លៀងធ្លាក់មិនខ្លាំង ហើយទំហំទឹកមិនមានច្រើនដូចឆ្នាំមុនៗទេនោះ។
អ្នកនាំពាក្យដដែលបញ្ជាក់ថា ក្រសួងកំពុងសិក្សាដើម្បីដោះស្រាយបញ្ហាប្រឈមនេះតាមរយៈការស្ដារឡើងវិញផងដែរ ប៉ុន្តែគម្រោងស្ដារប្រព័ន្ធរំដោះទឹកនេះនៅមានភាពយឺតយ៉ាវបន្តិច ដោយសារថវិកាសម្រាប់ប្រើប្រាស់ក្នុងគម្រោងនេះជាកញ្ចប់ថវិការបស់ភាគីចិន ដែលគ្រោងនឹងអនុវត្តនៅឆ្នាំក្រោយ។
ប្រធានគណៈកម្មាធិការនាយកនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) បណ្ឌិត យ៉ង សាំងកុមារ បានសរសេរលើគណនី Facebook របស់លោកនៅថ្ងៃទី២៧ តុលា នេះថា ដើម្បីអភិវឌ្ឍគម្រោងការពារទឹកជំនន់ស្ទឹងព្រែកត្នោត ហេតុអ្វីបានជាក្រសួងធនធានទឹក នៅរង់ចាំកញ្ចប់ថវិកាប្រទេសចិនដូច្នេះ? ចុះបើឆ្នាំ២០២២ ចិនមិនបានផ្តល់ថវិកានោះ តើគួរតែបន្តទុកឱ្យតំបន់នេះឲ្យលិចលង់បន្តទៀតឬយ៉ាងណា។
បណ្ឌិត យ៉ង សាំងកុមារ លើកឡើងថា គម្រោងការពារទឹកជំនន់ស្ទឹងព្រែកត្នោត ត្រូវតែធ្វើជាដាច់ខាតដើម្បីការពារកុំឲ្យមានគ្រោះទឹកជំនន់ក្នុងទីក្រុងភ្នំពេញ និងខេត្តកណ្តាលបន្តទៀត ខណៈកម្ពុជាក៏មានថវិកាជាតិល្មមអាចសាងសង់បានទៅហើយនោះ។ ដោយឡែកប្រជាពលរដ្ឋក៏អាចនឹងចូលរួមក្នុងការកសាងទំនប់ការពារគ្រោះទឹកជំនន់នេះ។
ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៧ ខែតុលា នេះ បានចេញសេចក្តីជូនដំណឹងស្ដីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ថាចាប់ពីថ្ងៃទី២៧ ខែតុលា ដល់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ ថា រាជធានី-ខេត្តចំនួន១៤ របស់កម្ពុជា រួមមានបណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល ដូចជាទីក្រុងភ្នំពេញ និងបណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ដូចជាខេត្តកំពង់ចាម រួមទាំងបណ្តាខេត្តនៅតាមតំបន់មាត់សមុទ្រ ដូចជាខេត្តព្រះសីហនុ ជាដើម នឹងប្រឈមទៅនឹងជំនន់ទឹកភ្លៀង និងលាយឡំដោយខ្យល់កន្ត្រាក់ក្នុងរយៈពេលជិតមួយសប្តាហ៍នេះ៕