អ្នកវិភាគនយោបាយនិងសង្គម រិះគន់ថា រដ្ឋាភិបាលឯកបក្សដែលដឹកនាំដោយគណបក្សកាន់អំណាចរបស់លោក ហ៊ុន សែន បានបង្កើតច្បាប់មួយចំនួនក្នុងចេតនាកម្ទេចលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជាប៉ុណ្ណោះ។
អ្នកវិភាគនយោបាយនិងសង្គម បណ្ឌិត ឡៅ ម៉ុងហៃ បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីថ្ងៃទី២២ ខែវិច្ឆិកា នេះថា ខ្លឹមសារនៃច្បាប់ខ្លះដែលរដ្ឋាភិបាលកម្ពុជាបានបង្កើតឡើង គឺដើម្បីបង្ក្រាបលើអ្នកទិតៀន និងក្រុមប្រឆាំងនឹងការដឹកនាំរបស់ខ្លួនប៉ុណ្ណោះ ហើយក៏ដើម្បីការពារអំណាចរបស់មេដឹកនាំបក្សកាន់អំណាចសព្វថ្ងៃនេះផងដែរ។
អ្នកវិភាគរូបនេះអះអាងថា ការបង្កើតច្បាប់តាមទម្រង់របស់រដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន គឺដូចគ្នាទៅនឹងការបង្កើតច្បាប់របស់ប្រទេសកុម្មុយនីស្តដែរ គឺក្នុងបំណងដើម្បីយកឈ្នះគូប្រជែង ជាជាងការធានានូវការការពារនីតិរដ្ឋរបស់ប្រទេស ដែលធ្វើឱ្យប្រព័ន្ធដឹកនាំនៅកម្ពុជាឃ្លាតឆ្ងាយពីរបបប្រជាធិបតេយ្យកាន់តែឆ្ងាយទៅៗនៅពេលនេះ។
ការអះអាងនេះ ធ្វើឡើងស្របពេលដែលរដ្ឋាភិបាលកម្ពុជាប្រើច្បាប់ដែលខ្លួនបានបង្កើតឡើងចាប់ខ្លួនសកម្មជនសង្គម និងសកម្មជននយោបាយយ៉ាងអណាធិបតេយ្យនៅកម្ពុជាក្នុងពេលបច្ចុប្បន្ននេះ។
ប្រទេសកម្ពុជា ក្រោមការដឹកនាំដោយរដ្ឋាភិបាលឯកបក្សរបស់លោក ហ៊ុន សែន សព្វថ្ងៃនេះ ត្រូវគេមើលឃើញថា បានប្រើវិធានការច្បាប់ដែលខ្លួនបានបង្កើតឡើងផ្ទុយពីខ្លឹមសាររដ្ឋធម្មនុញ្ញ និងលិខិតុបករណ៍អន្តរជាតិនានា ដូចជាច្បាប់ក្រមព្រហ្មទណ្ឌស្ដីពីបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម មាត្រា៤៩៤ និង ៤៩៥ ជាដើម ដើម្បីចាប់ខ្លួនសកម្មជននយោបាយ សកម្មជនការពារព្រៃឈើ សកម្មជនបរិស្ថាន និងសកម្មជនផ្សេងទៀតពេញប្រទេសកម្ពុជាតែម្តង។
យ៉ាងណាក៏ដោយ ស្ថានបេសកកម្មអចិន្ត្រៃយ៍របស់កម្ពុជាប្រចាំការិយាល័យអង្គការសហប្រជាជាតិ ធ្លាប់បានអះអាងកាលពីពេលកន្លងទៅថា ការរិះគន់លើការអនុវត្តច្បាប់របស់កម្ពុជាគ្រាន់តែមានបំណងញុះញង់ឱ្យមានការរើសអើងរដ្ឋាភិបាលកម្ពុជាតែប៉ុណ្ណោះ ហើយការលើកឡើងថា ការប្រើច្បាប់របស់កម្ពុជាដើម្បីគាបសង្កត់សិទ្ធិក្នុងការបញ្ចេញមតិ និងសេរីភាព ក៏មិនឆ្លុះបញ្ចាំងពីការពិតនៅកម្ពុជានោះដែរ។
ប្រធានប្រតិបត្តិនៃចលនាពលរដ្ឋដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ទូច វិបុល កាលពីពេលថ្មីៗនេះ ធ្លាប់បានជំរុញឲ្យរដ្ឋសភាកម្ពុជាលុបចោលមាត្រានៃក្រមព្រហ្មទណ្ឌមួយចំនួន ដូចជាមាត្រា៤៩៤ និង ៤៩៥ ជាដើម ព្រោះថាមាត្រានៃច្បាប់នេះ គឺផ្ទុយពីខ្លឹមសារនៃរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ និងផ្ទុយពីកតិកាសញ្ញាអន្តរជាតិទាំងស្រុង។
លោកលើកឡើងថា រដ្ឋធម្មនុញ្ញបានចែងយ៉ាងច្បាស់អំពីសិទ្ធិ និងករណីយកិច្ចរបស់ពលរដ្ឋខ្មែរ ប៉ុន្តែរដ្ឋាភិបាលកម្ពុជាបង្កើតមាត្រាខ្លះនៃក្រមព្រហ្មទណ្ឌ ដូចជាមាត្រា៤៩៤ និង ៤៩៥ ស្ដីពីការញុះញង់ឱ្យប្រព្រឹត្តបទល្មើស ជាដើម គឺជាចេតនាដើម្បីបំបិទសិទ្ធិ និងករណីយកិច្ចរបស់ពលរដ្ឋខ្មែរប៉ុណ្ណោះ។ ដូច្នេះ រដ្ឋាភិបាលគួរតែពិនិត្យឡើងវិញជាដាច់ខាតនូវមាត្រាទាំងនោះ ព្រោះថាច្បាប់ណាដែលមានខ្លឹមសារផ្ទុយពីរដ្ឋធម្មនុញ្ញ និងរារាំងសិទ្ធិរបស់ពលរដ្ឋ មិនគួរត្រូវបានចាត់ទុកជាច្បាប់នោះទេ។
អង្គការគម្រោងយុត្តិធម៌ពិភពលោក (The World Justice Project) កាលពីពេលថ្មីៗនេះ បានបង្ហាញរបាយការណ៍ស្ដីពីនីតិរដ្ឋឆ្នាំ២០២១ ថា កម្ពុជាបានជាប់ចំណាត់ថ្នាក់លេខទី១៣៨ ក្នុងចំណោមប្រទេស១៣៩ ដោយសារតែការដឹកនាំគ្មានតម្លាភាព មានការគំរាមកំហែងសិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋ និងការមិនធានាបាននូវប្រព័ន្ធយុត្តិធម៌របស់ខ្លួនតាមផ្លូវតុលាការ ជាដើម៕