The Cambodia Daily Khmer

បុគ្គលិក Naga រក្សា​ជំហរ​បន្ត​ធ្វើ​កូដកម្ម​ទាមទារ​ឱ្យ​ក្រុមហ៊ុន​ទទួល​យក​ពួកគេ​ចូល​ធ្វើការ​វិញ

ក្រុម​បុគ្គលិក​សណ្ឋាគារ និង​កាស៊ីណូ​នៃ​ក្រុមហ៊ុន ណាហ្គា វើលដ៍ (Naga World) បន្ត​តវ៉ា​ទាមទារ​ឱ្យ​ក្រុមហ៊ុន​ទទួល​យក​ពួកគាត់​ទាំង ៣៦៥​នាក់​ចូល​ធ្វើការ​វិញ និង​ទាមទារ​លក្ខខណ្ឌ​ការងារ​មួយ​ចំនួន​ផង​ដែរ​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​ធ្នូ ឆ្នាំ​២០២១។ (រូបថត​ពី​ហ្វេសប៊ុក​អង្គការ​សង់ត្រាល់)

កម្មករ​និយោជិត​របស់​ក្រុមហ៊ុន ណាហ្គា វើលដ៍ (Naga world) រក្សា​ជំហរ​បន្ត​ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី ដើម្បី​ទាមទារ​ឱ្យ​ក្រុមហ៊ុន​កាស៊ីណូ​នេះ​ទទួល​យក​ពួកគេ​ឱ្យ​ចូល​បម្រើ​ការ​ដូច​ធម្មតា​វិញ ខណៈ​ភាគី​ខាង​ក្រុមហ៊ុន​បដិសេធ​ទទួល​យក​កម្មករ​ជាង ៣៦០​នាក់​ដែល​ខ្លួន​បាន​បញ្ឈប់​នោះ​ឱ្យ​ចូល​ធ្វើការ​វិញ​ជា​ដាច់ខាត។

តំណាង​កម្មករ​និយោជិត​របស់​ក្រុមហ៊ុន ណាហ្គា វើលដ៍ កញ្ញា ឈឹម ស៊ីថរ បាន​លើកឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​មុខ​ក្រុមហ៊ុន​កាស៊ីណូ ណាហ្គា វើលដ៍ នៅ​ថ្ងៃ​ទី​២៤ ខែ​ធ្នូ ឆ្នាំ​២០២១ នេះ​ថា បន្ទាប់ពី​មាន​ការ​ចរចា​អស់​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងមក​នេះ ក្រុមហ៊ុន ណាហ្គា វើលដ៍ នៅតែ​មិន​បាន​ផ្តល់​ដំណោះស្រាយ​ជូន​កម្មករ​ដែល​ខ្លួន​បាន​បញ្ឈប់​ដដែល ខណៈ​ក្រសួង​ពាក់ព័ន្ធ​ក៏​មិន​បាន​ចេញ​មុខ​អន្តរាគមន៍​រក​យុត្តិធម៌​ជូន​កម្មករ​នៅ​ពេលនេះ​ដែរ។

តំណាង​កម្មករ​និយោជិត​រូប​នេះ​អះអាង​ថា ខាង​ក្រុមហ៊ុន​បាន​ផ្តល់​សំណង​ជា​ទឹកប្រាក់​ជូន​កម្មករ​និយោជិត​ដែល​ពួកគេ​បាន​បញ្ឈប់​ពី​ការងារ​ខ្លះ​ដែរ ប៉ុន្តែ​សំណង​សាច់ប្រាក់​ដែល​ក្រុមហ៊ុន​ផ្តល់​ជូន​កម្មករ​នោះ មិន​ត្រឹមត្រូវ​តាម​ច្បាប់​ការងារ​ដែល​បាន​កំណត់​នោះ​ឡើយ។

កញ្ញា ឈឹម ស៊ីថរ អះអាង​ថា ប្រសិនបើ​កម្មករ​សុខចិត្ត​ទទួល​យក​សំណង​តិចតួច​ទាំងនេះ​មែន​នោះ កម្មករ​ទាំងនោះ​នឹង​បាត់បង់​ចំនួន​ទឹកប្រាក់​ដែល​ក្រុមហ៊ុន ណាហ្គា វើលដ៍ ត្រូវ​ទូទាត់​សង​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់។

ប្រភព​ដដែល​អះអាង​ថា មូលហេតុ​ដែល​ក្រុមហ៊ុន​មិនព្រម​ទទួល​យក​បុគ្គលិក​ឱ្យ​ចូល​បម្រើ​ការ​វិញ​នោះ ដោយសារ​តែ​កម្មករ​ដែល​ក្រុមហ៊ុន​បញ្ឈប់​ស្ទើរតែ​ទាំងអស់​សុទ្ធសឹងតែ​ជា​បុគ្គលិក​សហជីព ដែល​តែង​តវ៉ា​ជាមួយ​ក្រុមហ៊ុន​នៅ​ពេល​ក្រុមហ៊ុន​កាស៊ីណូ ណាហ្គា វើលដ៍ រំលោភ​បំពាន​លើ​សិទ្ធិ​ការងារ​របស់​កម្មករ​នា​ពេល​កន្លងមក។

អស់​រយៈពេល​មួយ​សប្តាហ៍​ហើយ​ដែល​កម្មករ​និយោជិត​របស់​ក្រុមហ៊ុន ណាហ្គា វើលដ៍ (Naga world) ចំនួន​ជាង ១៣០០​នាក់ មាន​ទាំង​កម្មករ​និយោជិត​ជា​ស្ត្រី​មាន​ផ្ទៃពោះ​ផង ដែល​រង​ការ​រំលោភ​បំពាន​សិទ្ធិ​ការងារ​ពី​ខាង​ក្រុមហ៊ុន បាន​ប្រមូល​ផ្តុំ​គ្នា​ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី។ ពួកគេ​បាន​ទាមទារ​ឱ្យ​ក្រុមហ៊ុន​កាស៊ីណូ​ទទួល​យក​កម្មករ​និយោជិត​ចំនួន ៣៦៥​នាក់ ក្នុង​ចំណោម​កម្មករ​និយោជិត​ជាង ១៣០០​នាក់​ដែល​ក្រុមហ៊ុន ណាហ្គា វើលដ៍ (Naga world) បាន​បញ្ឈប់​ពី​ការងារ​ដោយ​បង្ខំ​តាំងពី​ខែ​មេសា ឆ្នាំ​២០២១ មក។

ក្រុម​បុគ្គលិក​សណ្ឋាគារ និង​កាស៊ីណូ​នៃ​ក្រុមហ៊ុន ណាហ្គា វើលដ៍ (Naga World) បន្ត​តវ៉ា​ទាមទារ​ឱ្យ​ក្រុមហ៊ុន​ទទួល​យក​ពួកគាត់​ទាំង ៣៦៥​នាក់​ចូល​ធ្វើការ​វិញ និង​ទាមទារ​លក្ខខណ្ឌ​ការងារ​មួយ​ចំនួន​ផង​ដែរ​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​ធ្នូ ឆ្នាំ​២០២១។ (រូបថត​ពី​ហ្វេសប៊ុក​អង្គការ​សង់ត្រាល់)

កាលពី​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០២១ គណៈកម្មការ​សម្រាប់​ដោះស្រាយ​បញ្ហា​កូដកម្ម បាន​បើក​កិច្ចប្រជុំ​ស្ដីពី​ការ​ដោះស្រាយ​វិវាទ​ការងារ​នៃ​ក្រុមហ៊ុន ណាហ្គា វើលដ៍ លីមីតធីត ដែល​មាន​ការ​ចូលរួម​ពី​តំណាង​គណៈកម្មការ​ដោះស្រាយ​បញ្ហា​កូដកម្ម លោក អ៊ូ រតនា តំណាង​ក្រុមហ៊ុន ណាហ្គា វើលដ៍ និង​តំណាង​កម្មករ​និយោជិត​ផង​ដែរ។

ក្នុង​កំណត់ហេតុ​កិច្ចប្រជុំ​នោះ បញ្ជាក់​ថា តំណាង​កម្មករ​និយោជិត​ទាមទារ​ឱ្យ​ក្រុមហ៊ុន ណាហ្គា វើលដ៍ ទទួល​កម្មករ​ដែល​ខ្លួន​បាន​បញ្ឈប់​ចូល​ធ្វើ​ការងារ​វិញ ក្នុង​នោះ​កម្មករ​និយោជិត ២៧៦​នាក់​ទាមទារ​ឲ្យ​ចូល​បម្រើ​ការ​វិញ ដោយឡែក​កម្មករ​និយោជិត​ចំនួន ៨៥​នាក់​ទៀត​ព្រម​ទទួល​យក​ប្រាក់សំណង​ស្រប​តាម​ច្បាប់​ការងារ ក្នុង​លក្ខខណ្ឌ​ថា ប្រសិនបើ​ក្រុមហ៊ុន​ព្រម​ទទួល​យក​កម្មករ​ទាំង ២៧៦​នាក់​នោះ​ឱ្យ​ចូល​ធ្វើការ​បន្ត​ទៀត។

ជុំវិញ​កិច្ចប្រជុំ​ដោះស្រាយ​វិវាទ​នេះ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​សម្រេច​លើក​កិច្ចប្រជុំ​នេះ​ទៅ​ពេល​ក្រោយ​ទៀត ហើយ​ក្រសួង​ការងារ​ក៏​បាន​អំពាវនាវ​ឱ្យ​កម្មករ​និយោជិត​រំសាយ​កូដកម្ម​ផង​ដែរ ប៉ុន្តែ​ខាង​កម្មករ​អះអាង​ថា ពួកគេ​មិន​អាច​ឈប់​បាន​ទេ បើ​គ្មាន​ដំណោះស្រាយ​ពី​ខាង​ក្រុមហ៊ុន​តាម​ជំហរ​របស់​កម្មករ​ខាងលើ​នោះ។

ជុំវិញ​បញ្ហា​នេះ ក្រុម​អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា ប្រវត្តិ​ក្រុមហ៊ុន ណាហ្គា វើលដ៍ (Naga World) តែង​រើសអើង​សហជីព ៣​ជំនាន់​មក​ហើយ ព្រោះ​ថា​ក្រុម​សហជីព​តែងតែ​ជួយ​រក​យុត្តិធម៌​ជូន​កម្មករ​ដែល​រង​ការ​រំលោភ​បំពាន​លើ​សិទ្ធិ​ការងារ​កន្លងមក ដូច្នេះ​ការ​បញ្ឈប់​បុគ្គលិក​នេះ គឺ​ដោយសារ​ក្រុមហ៊ុន​មាន​ចេតនា​ចង់​រំលាយ​ក្រុម​សហជីព​ឱ្យ​អស់​ពី​ក្រុមហ៊ុន​តែម្តង ដើម្បី​ងាយស្រួល​ជិះជាន់​កម្មករ​បន្ត​ទៀត៕

Exit mobile version