ក្រុមអ្នកសង្កេតការណ៍លើកឡើងថា ការកាត់ទោសប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា គឺជាវិញ្ញាសាប្រឡងមួយដែលមហាជនអាចវិនិច្ឆ័យដោយងាយពីភាពលម្អៀងរបស់តុលាការកម្ពុជា ហើយបញ្ហានេះក៏ជាការបញ្ជាក់យ៉ាងច្បាស់ដែរថា លោក កឹម សុខា អាចនឹងក្លាយជាវីរបុរសនៅក្នុងចិត្តពលរដ្ឋខ្មែរ ដោយសារការតស៊ូរបស់លោក។
អ្នកវិភាគនយោបាយ និងសង្គម បណ្ឌិត ឡៅ ម៉ុងហៃ បានសរសេរលើគណនី Facebook របស់លោកកាលពីពេលថ្មីៗនេះថា ក្នុងដំណើរការសវនាការរបស់មេដឹកនាំប្រឆាំងឡើងវិញសព្វថ្ងៃនេះ តុលាការគ្មានភស្តុតាងអ្វីទាំងអស់ ប៉ុន្តែពួកគេព្យាយាមធ្វើសង្គ្រាមចិត្តសាស្ត្រដើម្បីបន្ទន់ និងបំបាក់ទឹកចិត្តលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ឲ្យព្រមសារភាពដូចការចោទប្រកាន់របស់ខ្លួន។
អ្នកវិភាគរូបនេះលើកឡើងថា ក្នុងស្ថានភាពនេះ លោកមិនដឹងថាតើលោក កឹម សុខា អាចធន់ទ្រាំនឹងអំណាចគាបសង្កត់បាន ឬបាក់ទឹកចិត្តព្រមចុះចាញ់ ឬក៏អត់នោះទេ។ លោកថា ប្រសិនបើគាត់ព្រមសារភាពតាមតុលាការចង់បាននោះ លោក កឹម សុខា នឹងក្លាយទៅជាមេដឹកនាំម្នាក់ដែលទន់ខ្សោយ កំសាក ហើយគាត់ក៏លែងឲ្យគេទុកចិត្ត និងគាំទ្របន្តទៀតដែរ។
បណ្ឌិត ឡៅ ម៉ុងហៃ បញ្ជាក់ថា ផ្ទុយទៅវិញ ប្រសិនបើមេដឹកនាំបក្សប្រឆាំងរូបនេះធន់ទ្រាំ រឹងមាំ ក្លាហាន ននៀលតតាំងការពារសិទ្ធិរបស់ខ្លួនមិនព្រមចុះចាញ់នឹងការគាបសង្កត់ ការលួងលោមរបស់តុលាការបានដល់ទីបំផុតវិញនោះ ទោះគាត់ឈ្នះក្តី ឬចាញ់ក្តី លោក កឹម សុខា នឹងក្លាយជាមេដឹកនាំដែលខ្លាំងពូកែជាងមុន និងជាប់ឈ្មោះជាវីរបុរសក្នុងចិត្តពលរដ្ឋខ្មែរជាមិនខាន។
ការអះអាងរបស់បណ្ឌិត ឡៅ ម៉ុងហៃ ស្របពេលដែលតុលាការព្យាយាមអូសបន្លាយសវនាការមេដឹកនាំបក្សប្រឆាំង និងបញ្ចុះបញ្ចូលឱ្យលោក កឹម សុខា សារភាពទោសដើម្បីឆាប់បញ្ចប់រឿងក្តីនេះ ប៉ុន្តែមេដឹកនាំបក្សប្រឆាំងបានច្រានចោលទាំងស្រុង។
មេដឹកនាំបក្សប្រឆាំង លោក កឹម សុខា ត្រូវបានអាជ្ញាធរក្រុងភ្នំពេញចាប់ខ្លួនកាលពីដើមខែកញ្ញា ឆ្នាំ២០១៧ ពីបទឃុបឃិតជាមួយរដ្ឋបរទេស ប៉ុន្តែអស់រយៈពេលជាង ៤ឆ្នាំមកនេះ តុលាការនៅតែមិនអាចកាត់ក្តីលើសំណុំរឿងនេះពីទោសណាមួយនៅឡើយទេ ប៉ុន្តែតុលាការបែរជាជំរុញឱ្យលោក កឹម សុខា សារភាពទោសតាមការចោទប្រកាន់របស់តុលាការ ក្នុងបំណងដើម្បីឱ្យសំណុំរឿងនេះឆាប់ចប់ ប៉ុន្តែត្រូវប្រធានគណបក្សសង្គ្រោះជាតិបដិសេធចោលភ្លាមៗ។
សកម្មជនគណបក្សសង្គ្រោះជាតិ លោក ហ៊ុន កុសល បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៧ កុម្ភៈ នេះថា លោក កឹម សុខា តែងតែប្រកាន់នូវជំហរដ៏ម៉ឺងម៉ាត់លះបង់ដើម្បីជាតិ និងលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជា សូម្បីសហគមន៍អន្តរជាតិ ដូចជាសហរដ្ឋអាមេរិក អឺរ៉ុប អូស្ត្រាលី និងជប៉ុន ជាដើម សុទ្ធតែទទួលស្គាល់ការតស៊ូលះបង់ និងជំហរដើម្បីលទ្ធិប្រជាធិបតេយ្យរបស់លោក។
លោក ហ៊ុន កុសល បញ្ជាក់ថា ជាយុទ្ធសាស្ត្រនយោបាយរបស់លោក កឹម សុខា គឺដើម្បីពន្លត់ភ្លើងនយោបាយនៅកម្ពុជា ស្វែងរកដំណោះស្រាយតាមបែបអហិង្សា មិនចេះសម្ដែង មិនចេះអួតអាង និងមិនចេះឆ្កឹះឆ្កៀល ឬឌឺដងបង្កជាអណ្ដាតភ្លើងបង្កើនកម្ដៅនយោបាយសម្រាប់កម្ពុជានោះទេ។
មកទល់នឹងពេលនេះមានរយៈពេលជាង ៤ឆ្នាំហើយ ប៉ុន្តែប្រធានបក្សប្រឆាំងនៅតែមានភាពស្អាតស្អំនៅឡើយ ព្រោះតុលាការបានបើកសវនាការរបស់លោកចំនួន ២៩លើករួចមកហើយ ប៉ុន្តែនៅតែគ្មានភស្តុតាងជាក់លាក់ណាមួយអាចដាក់ទោសលោកតាមការចោទប្រកាន់របស់ខ្លួនបាន ខណៈក្រុមអ្នកឃ្លាំមើលរិះគន់ថា សំណុំរឿងនេះជារឿងនយោបាយប៉ុណ្ណោះ៕