ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សនៅកម្ពុជា អះអាងថា ប្រទេសដែលមានសន្តិភាពសម្រាប់ពលរដ្ឋរបស់ខ្លួនពិតប្រាកដ លុះត្រាតែប្រទេសនោះចៀសផុតពីការគំរាមកំហែងដោយសង្គ្រាម និងប្រជាជននៃប្រទេសនោះមានសេចក្តីសុខទាំងផ្លូវកាយ និងផ្លូវចិត្ត ប៉ុន្តែផ្ទុយទៅវិញ បើពលរដ្ឋមានការគំរាមកំហែងទាំងផ្លូវកាយ និងផ្លូវចិត្ត នោះមិនអាចចាត់ទុកថាជាប្រទេសដែលមានសន្តិភាពជាដាច់ខាត។
អ្នកនាំពាក្យរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា បានលើកឡើងក្នុងកម្មវិធី Idea Talk កាលពីថ្ងៃទី១៤ កុម្ភៈ នេះថា កម្ពុជា បានប្រកាន់យករបបលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដូច្នេះការធានាឱ្យបាននូវការដឹកនាំមួយដែលមិនបង្កការឈឺចាប់ទាំងផ្លូវចិត្ត និងផ្លូវកាយដល់ពលរដ្ឋ ទើបអាចចាត់ទុកបានថាជាប្រទេសដែលមានសន្តិភាពពិតប្រាកដ និងជាសន្តិភាពយូរអង្វែងទៅថ្ងៃអនាគត។
លោកអះអាងថា ស្ថាប័នអនុវត្តច្បាប់នៅកម្ពុជាសព្វថ្ងៃនេះ មិនអាចឱ្យពលរដ្ឋមានទំនុកចិត្ត និងមានភាពកក់ក្តៅបានទេ ព្រោះការអនុវត្តច្បាប់របស់ពួកគេមិនស្របទៅតាមតួនាទីរបស់ខ្លួនឡើយ ខណៈសហគមន៍អន្តរជាតិក៏បានរិះគន់ ថ្កោលទោស និងដាក់ទណ្ឌកម្មជាហូរហែផងដែរ។
ការអះអាងនេះ ធ្វើឡើងស្របពេលដែលពលរដ្ឋខ្មែរភាគច្រើន ត្រូវគេមើលឃើញថាកំពុងស្ថិតក្នុងការគំរាមកំហែង និងមានភាពភ័យខ្លាចគ្រប់ៗគ្នាពីការប្រើកណ្ដាប់ដៃដែកនៃមេដឹកនាំរបស់ខ្លួន។
ទាក់ទិននឹងបញ្ហានេះ មេដឹកនាំបក្សកាន់អំណាចដែលតែងតែគំរាមចាប់ចងពលរដ្ឋខ្លួនឯង លោក ហ៊ុន សែន បានអះអាងកាលពីចុងខែមករា ឆ្នាំ២០២២ នេះថា លោកមិនអាចធានានូវសន្តិភាពផ្លូវចិត្តសម្រាប់ពលរដ្ឋខ្មែរបានទេ ប៉ុន្តែលោកអាចធានាថា ជីវិតមនុស្សនឹងមិនត្រូវបានសម្លាប់ដោយសារចម្បាំងរាំងជល់ដែលធ្លាប់តែកើតមានកាលពីអតីតកាល។
លោក ហ៊ុន សែន ក៏ធ្លាប់សារភាពដែរថា ការចាប់ខ្លួនសកម្មជនសង្គម និងអ្នកតវ៉ាផ្សេងទៀតកន្លងមក គឺលោកជាអ្នកបញ្ជាដោយផ្ទាល់ ពីព្រោះពួកគេនាំគ្នាតវ៉ាប្រឆាំងនឹងការដឹកនាំរបស់លោក ដែលធ្វើឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដូច្នេះដើម្បីថែរក្សាសន្តិភាពដែលលោកប្រឹងរកបានដោយកម្រនេះ ទោះលះបង់ក្នុងតម្លៃណាក៏ដោយ ក៏លោកត្រូវតែរក្សាឱ្យបានដាច់ខាត។
ទោះជាយ៉ាងណាក៏ដោយ ប្រធានមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) លោក ប៉ា ងួនទៀង បានលើកឡើងក្នុងកិច្ចពិភាក្សានៃសារព័ត៌មាន The Cambodia Daily កាលពីថ្ងៃទី១៤ កុម្ភៈ ថា មេដឹកនាំដែលគិតថាដើម្បីឱ្យមានសន្តិភាពត្រូវតែបង្ក្រាបកុំឱ្យមានការតវ៉ាពីការដឹកនាំរបស់ខ្លួន គឺជារឿងគ្រោះថ្នាក់សម្រាប់ប្រទេសជាតិយ៉ាងធ្ងន់ធ្ងរ ហើយពលរដ្ឋនឹងរស់នៅក្នុងភាពវេទនាផ្លូវកាយ ផ្លូវចិត្តជាទីបំផុត គឺរស់នៅក្នុងភាពភ័យខ្លាចជានិច្ច។
លោក ប៉ា ងួនទៀង អះអាងថា ប្រព័ន្ធច្បាប់នៅកម្ពុជាមិនទាន់មានភាពរឹងមាំអាចរក្សាសន្តិសុខជូនពលរដ្ឋរបស់ខ្លួនបានទេ ដូច្នេះពលរដ្ឋខ្មែរសព្វថ្ងៃនេះទាំងអ្នកមានជីវភាពធូរធារ និងអ្នកខ្សត់ខ្សោយ គឺរស់នៅដោយសារការសូកប៉ាន់ប៉ុណ្ណោះ គឺអ្នកមានលុយ និងមានអំណាចតែងមានឱកាសអាចបំពានយុត្តិធម៌សង្គម ចំណែកអ្នកក្រខ្សត់ត្រូវរងនូវភាពអយុត្តិធម៌ជារៀងរហូត ប៉ុន្តែទាំងអ្នកឈ្នះ និងអ្នកចាញ់ សុទ្ធតែត្រូវរស់នៅក្នុងភាពភ័យខ្លាចដូចគ្នាទាំងអស់។
របាយការណ៍ស្ដីពីនីតិរដ្ឋឆ្នាំ២០២១ របស់គម្រោងយុត្តិធម៌ពិភពលោក (The World Justice Project) បានលាតត្រដាងថា កម្ពុជាគឺជាប្រទេសដែលមានការដឹកនាំគ្មានតម្លាភាព ពោរពេញដោយការគំរាមកំហែងសិទ្ធិរបស់ពលរដ្ឋ និងការមិនធានាបាននូវប្រព័ន្ធយុត្តិធម៌របស់ខ្លួនតាមផ្លូវតុលាការ ជាដើម ដែលបានធ្លាក់ទៅក្នុងចំណោមប្រទេសដែលមាននីតិរដ្ឋអាក្រក់បំផុត មានចំណាត់ថ្នាក់លេខទី១៣៨ ក្នុងចំណោមប្រទេស១៣៩ នៅលើពិភពលោក៕