រដ្ឋាភិបាលរបស់បុរសខ្លាំងកម្ពុជា បានសម្រេចពន្យារពេលអនុវត្តអនុក្រឹត្យស្ដីពី «ច្រកទ្វារអ៉ីនធឺណិតជាតិ» ដោយគ្មានកាលកំណត់ ដោយសារតែបារម្ភពីការរាតត្បាតនៃជំងឺឆ្លង Covid-19 និងបន្តការពារអនុក្រឹត្យនោះថា ការបង្កើតនេះគឺក្នុងគោលបំណងពង្រឹងសន្តិសុខជាតិ និងការប្រមូលពន្ធ។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក មាស ប៉ូ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា មូលហេតុនៃការពន្យារពេលអនុវត្តអនុក្រឹត្យ «ច្រកទ្វារអ៉ីនធឺណិតជាតិ» គឺដោយសារតែបារម្ភពីការរាតត្បាតនៃជំងឺឆ្លង Covid-19។
លោក មាស ប៉ូ បានបដិសេធចំពោះការលើកឡើងថា ការពន្យារពេលអនុវត្តអនុក្រឹត្យនេះបណ្ដាលមកពីការរិះគន់របស់ក្រុមអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ។ តាមគម្រោង អនុក្រឹត្យស្ដីពីច្រកទ្វារអ៉ីនធឺណិត នឹងត្រូវអនុវត្តចាប់ពីថ្ងៃទី១៦ ខែកុម្ភៈ នេះ។
ចំណែកលោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ បានចេញសេចក្តីបំភ្លឺថា ការពិតការបង្កើតច្រកទ្វារអ៉ីនធឺណិតជាតិនេះ គឺក្នុងគោលបំណងសម្រួល និងគ្រប់គ្រងការតភ្ជាប់អ៉ីនធឺណិត ពង្រឹងសន្តិសុខជាតិ និងការប្រមូលពន្ធ ក៏ដូចជាការថែរក្សាសណ្ដាប់ធ្នាប់សង្គម និងការពារវប្បធម៌ជាតិផងដែរ។
លោកឲ្យដឹងបន្តទៀតថា ទាក់ទងទៅនឹងករណីនេះ រាជរដ្ឋាភិបាលបានបង្កើតគណៈកម្មាធិការអន្តរក្រសួងមួយនៅឆ្នាំ២០១៩ ស្ដីពីការបង្កើតច្រកទ្វារអ៉ីនធឺណិតជាតិ ដោយមានក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលជាស្ថាប័នជំនាញជាអ្នកប្រតិបត្តិការ រួមជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីសិក្សា និងរិះរកវិធីសាស្ត្រនានាសម្រាប់ការបង្កើតយន្តការដ៏ចាំបាច់មួយនេះ។
គណៈកម្មាធិការអន្តរក្រសួងបានរកឃើញថា ច្រកទ្វារអ៉ីនធឺណិតជាតិនេះ គឺជាគំរូហេដ្ឋារចនាសម្ព័ន្ធដ៏ល្អប្រសើរមួយដែលប្រទេសផ្សេងៗនៅជុំវិញពិភពលោកស្ទើរតែទាំងអស់ សុទ្ធតែមានច្រកទ្វារអ៉ីនធឺណិត និងបទប្បញ្ញត្តិដោយឡែកពីគ្នា។ ជាងនេះទៅទៀត រាជរដ្ឋាភិបាលប្រកាន់ខ្ជាប់នូវការគោរពសិទ្ធិឯកជនភាព សេរីភាពក្នុងការបញ្ចេញមតិរបស់បុគ្គល និងការពារទិន្នន័យផ្ទាល់ខ្លួន ដែលទាំងអស់នេះមានចែងក្នុងច្បាប់ រដ្ឋធម្មនុញ្ញ សន្ធិសញ្ញាស្ដីពីសិទ្ធិមនុស្សអន្តរជាតិ ដែលបានផ្តល់សច្ចាប័នរួច ក្រមរដ្ឋប្បវេណី ក្រមព្រហ្មទណ្ឌ និងច្បាប់ស្ដីពីទូរគមនាគមន៍។
លោកបានបន្តទៀតថា ច្រកទ្វារនេះគឺដើរតួជាឧបករណ៍ដ៏មានប្រសិទ្ធភាពដើម្បីបង្កើនការប្រមូលចំណូលជាតិ ដោយឈរលើមូលដ្ឋាននៃការប្រកួតប្រជែងប្រកបដោយតម្លាភាព សមភាព និងស្មោះត្រង់រវាងរដ្ឋ និងប្រតិបត្តិករទូរគមនាគមន៍។ លើសពីនេះ វារួមចំណែកដល់ការទប់ស្កាត់ឧក្រិដ្ឋកម្មតាមអ៉ីនធឺណិត ដូចជាការប្រើប្រាស់ដោយខុសច្បាប់នូវការតភ្ជាប់បណ្ដាញឆ្លងដែន ការលេងល្បែងអនឡាញខុសច្បាប់ ការបោកប្រាស់តាមអ៉ីនធឺណិត និងការវាយប្រហារតាមប្រព័ន្ធអ៉ីនធឺណិតផ្សេងៗ។
នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រី ចក់ សុភាព សាទរចំពោះរដ្ឋាភិបាលដែលពន្យារពេលអនុវត្តអនុក្រឹត្យស្ដីពី «ច្រកទ្វារអ៉ីនធឺណិតជាតិ» នេះ ប៉ុន្តែអ្នកស្រីជំរុញទៅរដ្ឋាភិបាលគួរតែលុបចោលនូវអនុក្រឹត្យនេះ ដើម្បីកុំឱ្យប៉ះពាល់ដល់លំហសេរីភាពប្រជាធិបតេយ្យតាមប្រព័ន្ធអនឡាញនេះ។
អ្នកស្រីបន្តថា ការពន្យារពេលនេះវាអាចជួយបានមួយផ្នែកក្នុងការធានាថា លំហសេរីភាពរបស់ពលរដ្ឋនៅតែបន្ត ដែលមានលក្ខណៈសេរី ប៉ុន្តែការសម្រេចនេះគ្រាន់តែជាការបណ្ដោះអាសន្ន មិនធានាថាដំណើរការនេះត្រូវបានផ្អាករហូតនោះទេ។
កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ ក្រុមអ្នកជំនាញអង្គការសហប្រជាជាតិ បានចេញសេចក្ដីថ្លែងការណ៍មួយដោយជំរុញឱ្យរដ្ឋាភិបាលកម្ពុជា ផ្អាកផែនការអនុវត្តអនុក្រឹត្យស្ដីពី «ច្រកទ្វារអ៉ីនធឺណិត» ដោយអះអាងថា អនុក្រឹត្យនេះមានការរឹតត្បិត ព្រមទាំងធ្វើឱ្យប៉ះពាល់ដល់សិទ្ធិឯកជន និងសេរីភាពបែបប្រជាធិបតេយ្យនៅប្រទេសកម្ពុជា។
សេចក្ដីថ្លែងការណ៍ដដែលបន្តថា អនុក្រឹត្យនេះនឹងជះឥទ្ធិពលអវិជ្ជមានយ៉ាងធ្ងន់ធ្ងរលើសេរីភាពប្រព័ន្ធអ៉ីនធឺណិត អ្នកការពារសិទ្ធិមនុស្ស និងសង្គមស៊ីវិលនៅក្នុងប្រទេសកម្ពុជា ដែលនឹងធ្វើឱ្យលំហស៊ីវិលដែលមានលក្ខណៈរឹតត្បិតរួចទៅហើយនោះ កាន់តែរួមតូចទៅៗ។ ម្យ៉ាងវិញទៀត អនុក្រឹត្យនេះនឹងអនុញ្ញាតឱ្យរដ្ឋាភិបាលកម្ពុជាអាចតាមដានសកម្មភាពលើប្រព័ន្ធអ៉ីនធឺណិត ស្កាត់ចាប់យក និងត្រួតពិនិត្យការប្រាស្រ័យទាក់ទងគ្នាតាមប្រព័ន្ធបច្ចេកវិទ្យា ព្រមទាំងប្រមូល រក្សាទុក និងចែករំលែកព័ត៌មានបុគ្គលរបស់អ្នកប្រើប្រាស់នីមួយៗ៕