រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ ព្រមានចាត់វិធានការផ្លូវច្បាប់លើមន្ត្រីមួយចំនួនក្នុងប្រព័ន្ធយុត្តិធម៌ ដែលមន្ត្រីខ្លះទៅបំពេញការងារតែមួយថ្ងៃក្នុងមួយខែ ហើយអ្នកខ្លះកន្លះឆ្នាំមិនទាន់ទៅកន្លែងធ្វើការម្តង។
ការព្រមានរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ ធ្វើឡើងក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងយុត្តិធម៌ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ កន្លងទៅ។ ក្នុងពិធីនោះ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បានទម្លាយពីភាពអសកម្មរបស់មន្ត្រីមួយចំនួនក្នុងប្រព័ន្ធយុត្តិធម៌ ដែលលោកថាមន្ត្រីខ្លះទៅបំពេញការងារតែ ១ថ្ងៃក្នុង ១ខែ ហើយមន្ត្រីខ្លះទៀតរហូតដល់ទៅកន្លះឆ្នាំ មិនទាន់បានទៅបំពេញការងារម្តងផង។
លោកព្រមានចាត់វិធានការច្បាប់លើមន្ត្រីទាំងនោះ ដើម្បីពង្រឹងវិន័យក្នុងការបំពេញការងាររបស់មន្ត្រីឡើងវិញ និងបញ្ចៀសការលួចម៉ោងទៅធ្វើការកន្លែងផ្សេងចាប់ពីពេលនេះតទៅ។
ក្រៅពីព្រមាន លោក កើត រិទ្ធ ក៏បានប្រកាសចាត់តាំងលោក ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងលោក ផូវ សំភី អគ្គនាយកកិច្ចការរដ្ឋបាលតុលាការនៃក្រសួងយុត្តិធម៌ ឱ្យធ្វើកិច្ចការលើការត្រួតពិនិត្យ និងស្រង់វត្តមានរបស់មន្ត្រីក្នុងប្រព័ន្ធយុត្តិធម៌ជាប់ជានិច្ច ដើម្បីដឹងថាអ្នកណាខ្លះទៅបំពេញការងារ ហើយអ្នកណាខ្លះមិនទៅបំពេញការងារ។
លោកបញ្ជាក់ថា ការចាត់វិធានការនេះមិនមែនតែព្រះរាជអាជ្ញា និងចៅក្រមនោះទេ មន្ត្រីផ្សេងទៀតក្នុងប្រព័ន្ធយុត្តិធម៌ ក៏ត្រូវត្រួតពិនិត្យ និងត្រូវស្រង់វត្តមានដែរ។ លោកចាត់ទុកវិធានការលើមន្ត្រីដែលមិនមកកន្លែងធ្វើការ ថាដើម្បីពង្រឹងវិន័យនៃមន្ត្រីប្រព័ន្ធយុត្តិធម៌។
នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី បានប្រាប់សារព័ត៌មានក្នុងស្រុកថា ករណីនេះឆ្លុះបញ្ចាំងពីការមិនទទួលខុសត្រូវរបស់មន្ត្រី បើទោះបីជាមន្ត្រីទាំងនោះទទួលបានប្រាក់បៀវត្ស និងផលប្រយោជន៍ផ្សេងៗពីថវិការបស់ជាតិដែលបង់ពន្ធដោយពលរដ្ឋ ប៉ុន្តែមិនបានបម្រើសេវាជូនពលរដ្ឋឡើយ។ លោកបន្តថា ប្រសិនបើមន្ត្រីទាំងនោះមិនបានបំពេញការងារត្រឹមត្រូវតាមច្បាប់ទេ ក្រសួងគួរតែបញ្ឈប់ ឬជម្រុះចេញ ដោយផ្ដល់ប្រាក់បៀវត្សលើកទឹកចិត្តដល់មន្ត្រីផ្សេងទៀតដែលសកម្មវិញ។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីការអភិវឌ្ឍ និងសន្តិភាព លោក យង់ គិមអេង ប្រាប់សារព័ត៌មានក្នុងស្រុកថា បញ្ហានេះបានកើតឡើងយូរណាស់មកហើយ ប៉ុន្តែរដ្ឋាភិបាលមិនអាចដោះស្រាយបាន។ មូលហេតុដោះស្រាយមិនបាន លោកថាដោយសារការជ្រើសរើសមន្ត្រីចូលបម្រើការងារពាក់ព័ន្ធនឹងអំពើពុករលួយ និងការដាក់បញ្ជូនសែស្រឡាយ រួមទាំងបក្ខពួកនិយម ជាដើម។
លោកបន្តថា រដ្ឋាភិបាលពិបាកនឹងធ្វើកំណែទម្រង់ដោយសារតែនៅក្រសួង ឬស្ថាប័នខ្លះមានទាំងឪពុកមានទាំងកូន និងសាច់ញាតិផងដែរ។ លោកថាករណីនេះហើយដែលធ្វើឱ្យពិបាកក្នុងការពង្រឹងផ្នែកវិន័យ ហើយថែមទាំងឱ្យពួកគេរួចផុតពីទណ្ឌកម្មទៀតផង។
លោក យង់ គិមអេង បន្តថា ការមិនទៅធ្វើការដោយគ្រាន់តែបើកប្រាក់ខែនេះជាបញ្ហាប្រឈមធំក្នុងការផ្ដល់សេវាសាធារណៈជាក់លាក់ និងមានគុណភាពទៅដល់ពលរដ្ឋ ជាពិសេសការដោះស្រាយការកកស្ទះសំណុំរឿងក្នុងប្រព័ន្ធតុលាការ ដែលធ្វើឱ្យការផ្ដល់យុត្តិធម៌ជូនពលរដ្ឋមានភាពយឺតយ៉ាវ។
លោកកត់សម្គាល់ថា បញ្ហាអំពើពុករលួយនៅក្នុងការជ្រើសរើសមន្ត្រី និងការដំឡើងតួនាទីបុណ្យស័ក្តិដោយមន្ត្រីនៅតែមានចូលតាមខ្សែស្រឡាយ និងការសូកប៉ាន់ ជាដើម។ ករណីនេះហើយដែលធ្វើឱ្យមន្ត្រីទាំងនោះមិនបានគោរពបទបញ្ជាផ្ទៃក្នុង វិន័យរបស់ក្រសួង ដោយអាងមានអ្នកការពាររឹងមាំហើយ និងធ្វើឱ្យពួកគេរួចផុតពីទណ្ឌកម្មផងដែរ។
កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ថ្លែងថា ភាពយឺតយ៉ាវអំពីចំណាត់ការរបស់តុលាការបានធ្វើឱ្យពន្ធនាគារកាន់តែមានភាពចង្អៀតណែនដែរ ដោយជាក់ស្ដែងអ្នកជាប់ឃុំជាង ៣ម៉ឺន ៧ពាន់នាក់ ក្នុងនោះអ្នកដែលមានសាលក្រម និងសាលដីកាពីតុលាការជាង ១ម៉ឺន ១០០នាក់ប៉ុណ្ណោះ។
ករណីនេះ លោក ស ខេង ក៏បានស្នើទៅក្រសួងពាក់ព័ន្ធចំនួន៥ ក្នុងនោះមានក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ ក្រសួងសេដ្ឋកិច្ច ក្រសួងសុខាភិបាល និងក្រសួងសង្គមកិច្ច ត្រូវធ្វើការងាររួមគ្នាដើម្បីដោះស្រាយបញ្ហាប្រឈមចំពោះអ្នកជាប់ឃុំដែលប្រើប្រាស់គ្រឿងញៀន និងកាត់បន្ថយភាពចង្អៀតណែនក្នុងពន្ធនាគារ៕