រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ លើកឡើងថា កម្ពុជាកំពុងបន្តអនុវត្តសិទ្ធិដោយស្មើភាព និងមិនមានការភ័យខ្លាច ប៉ុន្តែប្រទេសមួយចំនួននៅតែរិះគន់កម្ពុជា។ លោក ខៀវ កាញារីទ្ធ និយាយថា ការរិះគន់នេះមានស្តង់ដារពីរ។
ការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន ធ្វើឡើងមុនទិវាសេរីភាពសារព័ត៌មានពិភពលោកនៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ ខាងមុខនេះ។
លោក ខៀវ កាញារីទ្ធ លើកឡើងថា ក្រសួងព័ត៌មានបាននិងកំពុងបន្តគាំទ្រសេរីភាពនៃការបញ្ចេញមតិ ដើម្បីធ្វើយ៉ាងណាឱ្យប្រជាជនកម្ពុជាអាចអនុវត្តសិទ្ធិនេះដោយស្មើភាព និងមិនមានការភ័យខ្លាច ប៉ុន្តែសិទ្ធិនេះត្រូវស្ថិតក្រោមគោលការណ៍នៃច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា។ រដ្ឋមន្ត្រីក្រសួងព័ត៌មានរូបនេះបង្ហាញការខកចិត្ត ដោយថាក្នុងការវិវឌ្ឍនៃព្រឹត្តិការណ៍ថ្មីៗនេះ ជាពិសេសសង្គ្រាមរវាងប្រទេសរុស្ស៊ី និងប្រទេសអ៊ុយក្រែន មាននិន្នាការក្នុងការលុបបំបាត់ប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ហើយករណីនេះវាផ្ទុយទាំងស្រុងទៅនឹងគោលការណ៍សេរីភាពនៃការបញ្ចេញមតិ និងគោលការណ៍នៃសេរីភាពសារព័ត៌មាន។
លោក ខៀវ កាញារីទ្ធ បន្តថា កម្ពុជាបានលើកកម្ពស់សេរីភាពនេះ ដើម្បីឱ្យប្រជាជនកម្ពុជាទាំងអស់ដែលរស់នៅជុំវិញពិភពលោក អាចជ្រើសរើសមាគ៌ា ឬថ្នាក់ដឹកនាំ ឬអ្នកដឹកនាំរបស់ខ្លួនដោយការយល់ដឹងច្បាស់។
ប៉ុន្តែបើតាមមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) បានចេញសេចក្ដីថ្លែងការណ៍មួយបង្ហាញថា សេរីភាពសារព័ត៌មានកម្ពុជាបានរងការរំលោភបំពានធ្ងន់ធ្ងរក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ CCHR រកឃើញថា អ្នកសារព័ត៌មានដែលធ្វើការនៅកម្ពុជាតែងតែរងការបំភិតបំភ័យ ឃ្លាំមើល គំរាម និងយាយីតាមប្រព័ន្ធតុលាការចំពោះការបំពេញការងារស្របច្បាប់របស់ពួកគេ។
ប្រភពដដែលបន្តថា ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានកត់ត្រាទុកថា មានអ្នកសារព័ត៌មានយ៉ាងហោចណាស់ចំនួន ៩នាក់បានប្រឈមនឹងការយាយីតាមប្រព័ន្ធតុលាការ រួមមានការគំរាមកំហែង និងការកោះហៅពីតុលាការរហូតដល់ការចាប់ខ្លួនតាមអំពើចិត្ត និងការផ្ដន្ទាទោសដោយហេតុផលនយោបាយ។
សេចក្ដីថ្លែងការណ៍របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ធ្វើឡើងដើម្បីប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោក ថ្ងៃទី៣ ខែឧសភា ក្រោមប្រធានបទ «សារព័ត៌មានក្នុងសម្ពាធប្រព័ន្ធឌីជីថល»។
អង្គការអ្នកកាសែតគ្មានព្រំដែន កាលពីពេលថ្មីៗនេះបានបន្តផ្ដល់ចំណាត់ថ្នាក់សេរីភាពសារព័ត៌មាននៅកម្ពុជាឆ្នាំ២០២១ ស្ថិតនៅក្នុងរូបភាពអាក្រក់ដដែល គឺនៅលេខរៀងទី១៤៤ ក្នុងចំណោមប្រទេសចំនួន១៨០ លើពិភពលោក។ សេរីភាពសារព័ត៌មានដែលអង្គការនេះវាយតម្លៃ បង្ហាញថា កម្ពុជាបានធ្លាក់ចុះ ៣ឆ្នាំជាប់ៗគ្នាចាប់តាំងពីឆ្នាំ២០១៧ មក។
យោងតាមរបាយការណ៍របស់ក្រសួងព័ត៌មាន បានឲ្យដឹងថា ស្ថាប័នសារព័ត៌មានជាង ៥០០ស្ថាប័នដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន ក្នុងនោះឃើញមានកាសែតបរទេសចំនួន ៤៣ស្ថាប័ន វិទ្យុក្នុងស្រុកជាង ២០០ស្ថាប័ន ទូរទស្សន៍ ២០ស្ថាប័ន និងវេបសាយ ១៤៨ស្ថាប័ន។
យ៉ាងនេះក្ដី ក្រុមអ្នកសង្កេតការណ៍និយាយថា ស្ថាប័នទាំងនោះគ្រាន់តែជាឧបករណ៍ដើម្បីបំពងសំឡេងរបស់បក្សកាន់អំណាចតែប៉ុណ្ណោះ ហើយរដ្ឋាភិបាលខ្លួនឯងក៏ពុំដែលយកចិត្តទុកដាក់ចំពោះការចុះផ្សាយរបស់ស្ថាប័នទាំងនោះដែរ៕