ប្រទេសជប៉ុន និងអង្គការយោធាណាតូ (NATO) បានសម្រេចដល់កិច្ចព្រមព្រៀងជាផ្លូវការនូវការពង្រឹងសហប្រតិបត្តិការសន្តិសុខ ដោយសម្រេចថានឹងធ្វើសមយុទ្ធយោធារួមគ្នា តែអ្នកសង្កេតការណ៍មើលឃើញថា មូលហេតុដែលជប៉ុនសម្រេចចិត្តចងសម្ពន្ធភាពយោធាជាមួយណាតូ ព្រោះតែជប៉ុនបារម្ភអំពីឥទ្ធិពលចិន ឥទ្ធិពលរុស្ស៊ី និងកូរ៉េខាងជើង។
ក្រុមអ្នកវិភាគឱ្យបណ្ដាញផ្សាយព័ត៌មាន The Diplomat ដឹងថា រដ្ឋមន្ត្រីការពារជាតិប្រទេសជប៉ុន លោក Kishi Nobuo បាននិយាយនៅក្នុងជំនួបរបស់លោកជាមួយនឹងប្រធានគណៈកម្មាធិការយោធានៃអង្គការណាតូ លោក Rob Bauer ថាជប៉ុនសង្ឃឹមថាកិច្ចព្រមព្រៀងទ្វេភាគីជាមួយណាតូ និងជាមួយបណ្ដាប្រទេសអឺរ៉ុប គឺនាំឱ្យជប៉ុនមានសម្ពន្ធមិត្តដើម្បីសន្តិសុខមួយដ៏រឹងមាំ ហើយសំដៅពង្រឹងសន្តិសុខសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក។
លោករដ្ឋមន្ត្រីបន្តថា សន្តិសុខនៅអឺរ៉ុប និងអាស៊ី គឺត្រូវតែប្រទាក់ក្រឡានឹងគ្នាដោយមិនអាចខ្វះបានឡើយ។ លោកបញ្ជាក់ថា បើតំបន់ណាមួយប្រឈមនឹងអំពើអសន្តិសុខ គឺត្រូវគិតរួមគ្នា និងត្រូវជួយគ្នាទៅវិញទៅមក។
ការថ្លែងរបស់លោក Kishi Nobuo រដ្ឋមន្ត្រីការពារជាតិប្រទេសជប៉ុន ធ្វើឡើងនៅចំពោះមុខលោក Rob Bauer ដែលមកធ្វើទស្សនកិច្ចនៅក្រុងតូក្យូ។
តែទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់ណាតូ ធ្វើឡើងចំពេលជប៉ុនកំពុងស្នើពង្រឹងកម្លាំងសន្តិសុខពីអង្គការណាតូ ដើម្បីសន្តិសុខតំបន់អាស៊ីប៉ាស៊ីហ្វិក។ ការណ៍នេះនាំឱ្យគេមើលឃើញជប៉ុនបារម្ភដូចនេះ ព្រោះតែចិន កំពុងដំឡើងអនុត្តរភាពយោធាក្នុងតំបន់ និងចំពេលកូរ៉េខាងជើង បង្កសង្គ្រាមដោយបាញ់មីស៊ីលបន្តបន្ទាប់គ្នា ដែលរយៈពេលមួយខែមកនេះ គឺក្រុងព្យុងយ៉ាង បានបាញ់មីស៊ីលជិត ២០គ្រាប់ ដោយហោះធ្លាក់ក្នុងសមុទ្រជប៉ុន ជាពិសេសនៅពេលដែលជប៉ុនឈ្វេងយល់អំពីភាពងាយគ្រោះថ្នាក់នៅចំពោះមុខអនុត្តរភាពរបស់រុស្ស៊ី ដែលកំពុងឈ្លានពានអ៊ុយក្រែន។
ណាតូ គឺជាអង្គការយោធានៅអឺរ៉ុប ដែលមាន ៣០ប្រទេស។ កម្លាំងសម្ពន្ធភាពយោធានេះឈានមុខដោយប្រទេសដែលមានសក្ដានុពលខាងយោធាមានដូចជា សហរដ្ឋអាមេរិក អង់គ្លេស អាល្លឺម៉ង់ បារាំង កាណាដា ហុឡង់ដ៍ អ៊ីតាលី ដាណាម៉ា ជាដើម។
គេរំពឹងថា ណាតូនឹងមានសមាជិកពីរថែមទៀត គឺប្រទេសស៊ុយអែត និងហ្វាំងឡង់។ តែទស្សនកិច្ចរបស់ប្រធានគណៈកម្មាធិការយោធានៃអង្គការណាតូ លោក Rob Bauer នៅទីក្រុងតូក្យូ ធ្វើឡើងបន្ទាប់ពីនាយសេនាធិការយោធាជប៉ុន លោក Yamazaki Koji បានទៅចូលរួមកិច្ចប្រជុំរបស់អង្គការណាតូនៅប្រទេសបែលហ្សិក កាលពីខែឧសភា ដែលជាវត្តមានដំបូងរបស់តំណាងកងទ័ពប្រទេសជប៉ុន។
នៅពេលដែលគេមើលឃើញថា ជប៉ុនដូចជាបារម្ភអំពីសន្តិសុខរបស់ខ្លួនកាន់តែខ្លាំង គឺកាលពីថ្ងៃអង្គារ ទី៧ មិថុនា គណៈរដ្ឋមន្ត្រីរបស់នាយករដ្ឋមន្ត្រី Kishida Fumio បានអនុម័តបង្កើនកញ្ចប់ថវិកាយោធា។
តាមទីភ្នាក់ងារសារព័ត៌មាន Reuters រដ្ឋាភិបាលជប៉ុន មានផែនការបង្កើនកញ្ចប់ថវិកាយោធាក្នុងពេល ៥ឆ្នាំខាងមុខ ដោយលើកឡើងពីការព្រួយបារម្ភអំពីការគំរាមកំហែងនានានៅក្នុងតំបន់ដែលក្នុងនោះ ករណីកោះតៃវ៉ាន់ កំពុងប្រឈមមុខនឹងការវាយកាន់កាប់ដោយកងទ័ពចិន ហើយត្រូវបានព្រមានថាវាអាចបង្កផ្ទុះសង្គ្រាមរីករាលដាលដល់ដែនកោះរបស់ជប៉ុន ដែលនៅក្បែរកោះតៃវ៉ាន់។
ផែនការឱ្យមានការបង្កើនកញ្ចប់ថវិកាយោធា ធ្វើឡើងនៅក្នុងឯកសារព្រាងគោលនយោបាយសេដ្ឋកិច្ចប្រចាំឆ្នាំ ហើយជាលើកដំបូងដែលរដ្ឋាភិបាលលោក Kishida Fumio លើកឡើងអំពីការបង្កើនកញ្ចប់ថវិកាយោធា និងការបារម្ភពីការគំរាមកំហែងដែលតៃវ៉ាន់កំពុងប្រឈមនឹងសង្គ្រាមក្នុងតំបន់ដែលអាចជាសង្គ្រាមវាយលុកពីប្រទេសចិន។
ផែនការនេះគ្របដណ្ដប់ចាប់ពីបញ្ហាសន្តិសុខជាតិ និងសន្តិសុខថាមពល រហូតដល់គោលនយោបាយសេដ្ឋកិច្ចរបស់រដ្ឋាភិបាល។
តែគេនៅចាំបានថា នៅក្នុងជំនួបរវាងនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida និងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ក្នុងទីក្រុងតូក្យូ កាលពីថ្ងៃទី២៤ ខែឧសភា ជប៉ុន និងសហរដ្ឋអាមេរិកបានសង្កត់ធ្ងន់លើសារសំខាន់នៃសន្តិភាព និងស្ថិរភាពនៅឯតំបន់ច្រកសមុទ្រតៃវ៉ាន់ ហើយលោក បៃដិន ថែមទាំងបានលើកឡើងអំពីឆន្ទៈរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការប្រើប្រាស់កងកម្លាំងដើម្បីការពារតៃវ៉ាន់ប្រឆាំងនឹងការវាយប្រហារណាមួយពីសំណាក់ប្រទេសចិន។
ជាមួយគ្នានេះ លោក បៃដិន លើកទឹកចិត្តជប៉ុនឱ្យឈ្វេងយល់អំពីកិច្ចសហប្រតិបត្តិការសន្តិសុខជាមួយនឹងក្រុមយោធាណាតូ។
សម្រាប់ជប៉ុន ក៏មានសម្ពន្ធភាពសន្តិសុខជាមួយនឹងប្រទេស ៣ ទៀត គឺអាមេរិក ឥណ្ឌា និងអូស្ត្រាលី។ ក្រុមនេះគេហៅថាក្រុមចតុភាគី (Quad)។ Quad គឺជាកម្លាំងសន្តិសុខតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០៤។ ចាប់តាំងពីឆ្នាំ២០១២ មក Quad ចាប់ផ្ដើមពង្រឹងកម្លាំងយោធារួមគ្នាតាមរយៈការធ្វើសមយុទ្ធរួមគ្នា ៤ប្រទេស។ សម្រាប់ជប៉ុនដែលត្រូវការយោធានៃក្រុមអង្គការណាតូ គឺអាចធ្វើឱ្យក្រុងតូក្យូ កាន់តែមានសម្ពន្ធភាពយោធាកាន់តែធំធេងជាមួយនឹងក្រុមបស្ចិមប្រទេស៕