មេធាវីការពារក្ដីឱ្យកញ្ញា សេង ធារី ដែលជាមេធាវីអន្តរជាតិ គ្រោងដាក់ពាក្យប្ដឹងទៅសាលាឧទ្ធរណ៍រាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ ជំទាស់នឹងការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលផ្ដន្ទាទោសឱ្យកូនក្ដីរបស់ខ្លួនជាប់ពន្ធនាគារ ៦ឆ្នាំពីបទ «ញុះញង់ និងរួមគំនិតក្បត់»។
លោកមេធាវី ជូង ជូងី មានប្រសាសន៍ថា ក្នុងជំនួបជាមួយកូនក្ដីនៅពន្ធនាគារខេត្តព្រះវិហារ កញ្ញា សេង ធារី បានសម្រេចឱ្យរូបលោកដែលជាមេធាវីការពារក្តីប្ដឹងសាទុក្ខទៅសាលាឧទ្ធរណ៍រាជធានីភ្នំពេញ។ លោកថា លោកបានជួបកញ្ញា សេង ធារី ចំនួនពីរដងនៅក្នុងពន្ធនាគារខេត្តព្រះវិហារ នៅល្ងាចថ្ងៃទី២៣ ខែមិថុនា និងនៅព្រឹកថ្ងៃទី២៤ ខែមិថុនា ដើម្បីពិភាក្សាគ្នាពីផ្លូវច្បាប់។
លោកមេធាវីរូបនេះបានត្អូញត្អែរថា លោកមានការលំបាកក្នុងការទៅជួបកញ្ញា សេង ធារី ដ្បិតលោកត្រូវធ្វើដំណើរពីរាជធានីភ្នំពេញទៅខេត្តព្រះវិហារ ដែលមានចម្ងាយប្រមាណ ៣០០គីឡូម៉ែត្រ។ លោកថា ស្ថានភាពរបស់កញ្ញា សេង ធារី មានសុខភាពល្អ គ្រូពេទ្យពិនិត្យសុខភាពជូនគាត់រាល់ថ្ងៃ ហើយស្មារតីគាត់ក៏ល្អដែរ។
លោកថា លោកនិងកញ្ញា សេង ធារី ពុំបានពិភាក្សាគ្នាពីការសុំផ្ទេរកញ្ញាពីខេត្តព្រះវិហារ ទៅកាន់រាជធានីភ្នំពេញវិញនោះទេ។
កញ្ញា សេង ធារី រួមទាំងអ្នកមាននិន្នាការប្រឆាំងជិត ៦០នាក់ទៀតត្រូវបានតុលាការភ្នំពេញប្រកាសសាលក្រមកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ដាក់ទោសឲ្យជាប់ពន្ធនាគាររយៈពេលផ្សេងៗពីគ្នា។ អ្នកខ្លះមានទោស ៥ឆ្នាំ ខ្លះ ៦ឆ្នាំ ហើយអ្នកខ្លះទៀត ៨ឆ្នាំ។ អ្នកដែលមានទោស ៥ឆ្នាំ ត្រូវបានព្យួរ ដូច្នេះអ្នកដែលជាប់ទោស ៥ឆ្នាំនេះមិនត្រូវជាប់ឃុំក្នុងពន្ធនាគារឡើយ។
យ៉ាងណាក៏ដោយ ការចោទប្រកាន់មនុស្សជិត ៦០នាក់ និងការកាត់ទោសកញ្ញា សេង ធារី កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ នេះ តុលាការសំអាងថាកញ្ញា សេង ធារី បានបង្ហោះសារលើបណ្ដាញសង្គមគាំទ្រគម្រោងធ្វើមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី អតីតប្រធានគណបក្សប្រឆាំងកាលពីអំឡុងឆ្នាំ២០១៩។
ក្រោយពីតុលាការក្រុងភ្នំពេញប្រកាសសាលក្រមផ្ដន្ទាទោសមេដឹកនាំ សកម្មជន និងកញ្ញា សេង ធារី ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាបានសម្ដែងការខកចិត្តខ្លាំង ដោយចាត់ទុកសាលក្រមនេះថាជាសាលក្រមដ៏អយុត្តិធម៌សម្រាប់កញ្ញា សេង ធារី និងអ្នកដទៃទៀត។ ស្ថានទូតអាមេរិកបញ្ជាក់ថា សេរីភាពក្នុងការបញ្ចេញមតិ និងការចងក្រងគ្នាជាក្រុម ជាសមាគម ហើយនិងការអត់ឱនចំពោះទស្សនៈប្រឆាំង គឺជាផ្នែកដ៏មានសារសំខាន់បំផុតនៃលទ្ធិប្រជាធិបតេយ្យ។ រដ្ឋាភិបាលអាមេរិកអំពាវនាវឱ្យអាជ្ញាធរកម្ពុជាដោះលែងកញ្ញា សេង ធារី រួមនឹងសកម្មជនសិទ្ធិមនុស្សដទៃទៀតពីការដាក់ពន្ធនាគារដ៏អយុត្តិធម៌នេះ៕