សង្គ្រាមមហាអំណាចរុស្ស៊ី ឈ្លានពានអ៊ុយក្រែន ជាប្រទេសមានព្រំដែនជាប់គ្នាកំពុងផ្ទុះឡើង ១៧០ថ្ងៃមកហើយ។ សង្គ្រាមដ៏សាហាវនេះ បានរុញឱ្យក្រុមបស្ចិមប្រទេសសម្រុកជួយអ៊ុយក្រែន ទាំងជំនួយយោធា និងជំនួយហិរញ្ញវត្ថុសុទ្ធរាប់ពាន់លានដុល្លារ។
យ៉ាងតិចប្រទេសចំនួន១០ គឺជាប្រទេសផ្ដល់សព្វាវុធ ទាំងអាវុធធុនធ្ងន់ និងធុនស្រាល។ គោលដៅរបស់ប្រទេសផ្ដល់អាវុធទៅឱ្យរដ្ឋាភិបាលអ៊ុយក្រែន គឺដើម្បីជួយអ៊ុយក្រែនមានលទ្ធភាព និងតុល្យភាពនៃការធ្វើសង្គ្រាមការពារដែនដីរបស់អ៊ុយក្រែន។ ប្រទេសដែលផ្ដល់អាវុធច្រើនជាងគេទៅឱ្យអ៊ុយក្រែន គឺអាមេរិកលំដាប់ទី១ អង់គ្លេសលំដាប់ទី២ អាល្លឺម៉ង់លំដាប់ទី៣ ប៉ូឡូញលំដាប់ទី៤ និងកាណាដាលំដាប់ទី៥។ តែសម្រាប់ប្រទេសស៊ុយអែត និងហ្វាំងឡង់ ដែលពុំទាន់ក្លាយជាសមាជិកអង្គការយោធាណាតូ (NATO) ក៏ជាប្រទេសបានផ្ដល់អាវុធច្រើនដែរទៅឱ្យអ៊ុយក្រែន។ ប្រទេសពីរនេះសុទ្ធតែមានដែនដីជាប់នឹងរុស្ស៊ី។
យ៉ាងណាបើយោងតាមសារព័ត៌មាន Erasia review បានចុះផ្សាយនៅថ្ងៃទី៩ សីហា នេះថា ចាប់តាំងពីរុស្ស៊ីឈ្លានពានអ៊ុយក្រែន នៅថ្ងៃទី២៤ កុម្ភៈ ឆ្នាំ២០២២ មក គឺសម្រាប់សហរដ្ឋអាមេរិកជាប្រទេសឈានមុខគេតែមួយគត់ដែលបានបញ្ចេញជំនួយយោធា និងជំនួយមនុស្សធម៌ទៅឱ្យប្រទេសអ៊ុយក្រែនច្រើនជាងគេដល់ទៅជិត ១ម៉ឺនលានដុល្លារអាមេរិកហើយ។
កញ្ចប់ថវិកាចុងក្រោយដែលមន្ទីរប៉ុងតាហ្គោនរៀបចំបញ្ជូនទៅឱ្យអ៊ុយក្រែន គឺមានប្រព័ន្ធរ៉ុក្កែតពហុមុខងារ ហៅកាត់ថា HIMARS មាន ៤គ្រឿងបូកនឹងគ្រាប់របស់វា ហើយនិងគ្រាប់កាំភ្លើងធំ ១៥៥មិល្លីម៉ែត្រចំនួន ៧៥០០០គ្រាប់។ ជាមួយគ្នានេះ រថពាសដែក M113 ចំនួន ៥០គ្រឿង។ សរុបជាសាច់ប្រាក់ គឺស្មើនឹង ១ពាន់លានដុល្លារអាមេរិក។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់មន្ទីរប៉ុងតាហ្គោន។
បើតាមប្រភពដដែលនេះ សហរដ្ឋអាមេរិកនឹងបញ្ជូនប្រព័ន្ធមីស៊ីលបាញ់យន្តហោះប្រភេទ NASAMS ទៅឱ្យអ៊ុយក្រែនឆាប់ៗនេះ។
មន្ទីរប៉ុងតាហ្គោនបានបញ្ជាក់ថា អាវុធរបស់អាមេរិកនៅលើទឹកដីអ៊ុយក្រែន ហើយទ័ពអ៊ុយក្រែនកំពុងប្រើក្នុងការប្រយុទ្ធការពារទឹកដី គឺអាវុធ Stinger សម្រាប់បាញ់យន្តហោះជាអាវុធប្រភេទស្រាលដាក់បាញ់លើស្មា។ អាវុធ Javelin សម្រាប់បាញ់រថក្រោះក៏ជាអាវុធធុនស្រាលផងដែរ។ សម្រាប់អាវុធធុនធ្ងន់មានដូចជា ប្រព័ន្ធកាំភ្លើងធំ M777 អាវុធប្រព័ន្ធរ៉ុក្កែត Himars ប្រព័ន្ធមីស៊ីល Harpoon សម្រាប់បាញ់នាវាចម្បាំង បានទៅដល់ទឹកដីអ៊ុយក្រែនហើយ។ អាវុធទាំងអស់នេះកំពុងស្ថិតក្នុងសមរភូមិ។
ចំពោះប្រព័ន្ធមីស៊ីលបាញ់យន្តហោះប្រភេទ NASAMS នឹងបញ្ជូនទៅឱ្យអ៊ុយក្រែននៅពេលឆាប់ៗនេះ។ សហរដ្ឋអាមេរិកកំពុងតែពិចារណាផ្ដល់យន្តហោះចម្បាំង F-15 និង F-16 ជាច្រើនគ្រឿងទៅឱ្យអ៊ុយក្រែនផងដែរ។
អ្នកជំនាញផ្នែកយោធារបស់ពួកបស្ចិមប្រទេសយល់ថា ដោយសារតែរដ្ឋាភិបាល និងកងទ័ពអ៊ុយក្រែនប្រើប្រាស់អាវុធធុនធ្ងន់របស់អាមេរិក និងក្រុមសម្ពន្ធមិត្ត បានធ្វើឱ្យអ៊ុយក្រែនមានតុល្យភាពនៃការប្រើអាវុធក្នុងសមរភូមិវាយប្រយុទ្ធជាមួយនឹងកងទ័ពរុស្ស៊ី ហើយជាចាំបាច់បានជួយទប់ស្កាត់កងទ័ពរុស្ស៊ី មិនអាចវាយកាន់កាប់បានតំបន់ភាគខាងកើត និងខាងត្បូងប្រទេសអ៊ុយក្រែន ទោះជារុស្ស៊ីសម្រុកវាយប្រហារយ៉ាងធ្ងន់ធ្ងរលើទីតាំងរបស់កងទ័ពអ៊ុយក្រែនក៏ដោយ។
មិនតែប៉ុណ្ណោះ អាវុធធុនធ្ងន់របស់ពួកបស្ចិមប្រទេស ជាពិសេសអាវុធរបស់អាមេរិក គឺប្រព័ន្ធរ៉ុក្កែត Himars បានរុញច្រានកងទ័ពរុស្ស៊ីឱ្យដកថយវិញខ្លះដែរនៅសមរភូមិមួយចំនួន ដែលកំពុងប្រយុទ្ធគ្នានៅភាគខាងកើត និងខាងត្បូងប្រទេស។
កាលពីមួយខែមកនេះ សភាសហរដ្ឋអាមេរិកទាំងពីរថ្នាក់ បានអនុម័តកញ្ចប់ថវិកាសរុបក្នុងគម្រោងជំនួយយោធាទៅឱ្យអ៊ុយក្រែន ៤ម៉ឺនលានដុល្លារ។ គិតមកដល់ពេលនេះ អាមេរិកបញ្ចេញជំនួយអាវុធ និងជំនួយហិរញ្ញវត្ថុ គឺជិត ១ម៉ឺនលានដុល្លារទៅឱ្យអ៊ុយក្រែន ខណៈសង្គ្រាមរុស្ស៊ីឈ្លានពានចូលដល់ ៦ខែហើយ។
លោកប្រធានាធិបតីអ៊ុយក្រែន វូឡូឌីមៀរ ហ្សេឡេនស្គី បានអំពាវនាវសុំឱ្យសហគមន៍អន្តរជាតិជួយធ្វើឱ្យអ៊ុយក្រែនឈ្នះសង្គ្រាមរុស្ស៊ីឈ្លានពានលើប្រទេសអ៊ុយក្រែន គឺនៅត្រឹមឆ្នាំ២០២២។ តែដំណឹងចុងក្រោយដែលប្រភពព័ត៌មាន The Defense Post បានចុះផ្សាយដោយស្រង់ប្រភពមន្ត្រីក្រសួងការពារជាតិអាមេរិក បានឱ្យដឹងថា រយៈពេលជិត ១៧០ថ្ងៃមកនេះ រុស្ស៊ីបាត់បង់ទ័ពរបស់ខ្លួនពីរវាង ៧៥០០០នាក់ទៅ ៨០០០០នាក់។
លោកអនុរដ្ឋលេខាធិការក្រសួងការពារជាតិអាមេរិក Colin Kahl បានបញ្ជាក់បន្ថែមថា ចំពោះសព្វាវុធ រុស្ស៊ីបានបាត់រាប់ម៉ឺនគ្រឿងហើយ។ បើតាមប្រភពរបស់ក្រសួងការពារជាតិអ៊ុយក្រែន រុស្ស៊ីបាត់បង់យន្តហោះចម្បាំង ២២៣គ្រឿង ឧទ្ធម្ភាគចក្រ ១៩៣គ្រឿង រថក្រោះ ១៨១៧គ្រឿង រថពាសដែក ៤០៧៦គ្រឿង ប្រព័ន្ធកាំភ្លើងធំ ៩៦៤គ្រឿង ប្រព័ន្ធការពារដែនអាកាស ១៣៣គ្រឿង ប្រព័ន្ធរ៉ុក្កែត ២៦១គ្រឿង យន្តហោះ Drones ៧៥៧គ្រឿង និងនាវាចម្បាំង ១៥គ្រឿង៕