បុរសខ្លាំងកម្ពុជា លោក ហ៊ុន សែន ផ្លាស់ប្ដូរតួនាទីលោក នូ សុវណ្ណរ៉ា ចេញពីតួនាទីអភិបាលក្រុងតាខ្មៅ ខណៈអភិបាលរងស្រុកខ្សាច់កណ្ដាល លោក ឃឹម សំភារ ត្រូវមកជំនួសលោកវិញ។
ក្នុងអនុក្រឹត្យចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ ដែលចុះហត្ថលេខាដោយលោក ហ៊ុន សែន ដោយបានប្ដូរលោក នូ សុវណ្ណរ៉ា ទៅបម្រើការងារនៅរដ្ឋបាលខេត្តកណ្ដាល វិញ។ ចំណែកអភិបាលរងស្រុកខ្សាច់កណ្ដាល លោក ឃឹម សំភារ ត្រូវបានតែងតាំងជាអភិបាលក្រុងតាខ្មៅ ជំនួសលោក នូ សុវណ្ណរ៉ា។
ការផ្លាស់ប្ដូរលោក នូ សុវណ្ណរ៉ា ចេញពីតួនាទីជាអភិបាលក្រុងតាខ្មៅ នេះ អាចទំនងមានសំណើពីអភិបាលខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌ ក្រោយពីមានការបែកធ្លាយសារសំឡេងរវាងអភិបាលខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌ ជាមួយចៅសង្កាត់តាខ្មៅ លោក ជៀម ខូយ ពាក់ព័ន្ធភាពអសកម្មចំពោះការងាររបស់លោក នូ សុវណ្ណរ៉ា កំពុងកាន់តួនាទីជាអភិបាលក្រុង។
ក្នុងសារសំឡេងនោះ អភិបាលខេត្តកណ្ដាល បានសួរទៅចៅសង្កាត់ទាក់ទងភាពចុះសម្រុងការងាររវាងថ្នាក់ក្រោម និងការទទួលការងារពីសំណាក់អភិបាលក្រុង និងអភិបាលរងក្រុងតាខ្មៅ បច្ចុប្បន្ន។
ឆ្លើយតបនឹងសំណួរអភិបាលខេត្តកណ្ដាល ចៅសង្កាត់តាខ្មៅ លោក ជៀម ខូយ និយាយថា អភិបាលក្រុង និងអភិបាលរងបច្ចុប្បន្នមិនមានទំនួលខុសត្រូវចំពោះការងាររបស់ខ្លួនឡើយ។
យ៉ាងណាក៏ដោយ ការផ្លាស់ប្ដូរលោក នូ សុវណ្ណរ៉ា ចេញពីតួនាទីអភិបាលក្រុងតាខ្មៅ បន្ទាប់ពីមានហេតុការណ៍កម្មករភាគច្រើនជាជនជាតិវៀតណាម ដែលបាននាំគ្នាសម្រុករត់ចេញពីកាស៊ីណូមួយក្នុងស្រុកកោះធំ មិនមែនជាករណីបង្ខាំងឡើយ។
យោងតាមវីដេអូឃ្លីបចំនួនពីរដែលបង្ហោះលើបណ្ដាញសង្គមនោះ បង្ហាញថា មនុស្សមួយក្រុមបាននាំគ្នារត់សម្រុកគេចចេញតាមខ្លោងទ្វារនៃបរិវេណអគារមួយកន្លែង ហើយបន្ទាប់មកពួកគេទាំងនោះក៏បានលោតចូលទៅក្នុងទឹកព្រែកដែលជាទីតាំងកើតហេតុនោះ ស្ថិតក្នុងឃុំសំពៅពូន ស្រុកកោះធំ។ ក្នុងហេតុការណ៍នោះ គេក៏សង្កេតឃើញមានសន្តិសុខដេញតាមចាប់ពួកគេពីក្រោយផងដែរ។
ចំណែកវីដេអូទី២ ដែលហាក់ថតចេញពីខាងភាគីវៀតណាម ក៏បានបង្ហាញឱ្យឃើញពីរូបភាពមនុស្សសម្រុករត់ចុះទៅកាន់ទឹកព្រែក ដើម្បីហែលរត់គេចខ្លួនផងដែរ ខណៈអាជ្ញាធរវៀតណាម បានឱ្យដឹងថា មានមនុស្សសរុប ៤២នាក់បានព្យាយាមរត់គេចចេញពីក្រុមហ៊ុនកាស៊ីណូកម្ពុជាមួយកន្លែង។
កាលពីដើមខែសីហា ឆ្នាំ២០២២ អភិបាលខេត្តកណ្ដាល ព្រមានដកតំណែងអភិបាលស្រុកស្អាង អភិបាលក្រុងតាខ្មៅ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ដោយទុកពេលឲ្យធ្វើការរយៈពេល ២០ថ្ងៃ ដើម្បីឱ្យពួកគេដោះស្រាយបញ្ហាទឹកស្អាតជូនពលរដ្ឋប្រមាណជាង ៧០គ្រួសារប្រើប្រាស់ ដោយលោកលើកឡើងថា មន្ត្រីថ្នាក់ក្រោមទាំងនេះបានធ្វើរបាយការណ៍ភូតកុហកលោកជុំវិញការដោះស្រាយលើបញ្ហាគ្មានទឹកប្រើប្រាស់ជូនពលរដ្ឋរហូតមក។
សូមបញ្ជាក់ថា លោក នូ សុវណ្ណរ៉ា ជាអភិបាលរងក្រុងតាខ្មៅ បានឡើងមកកាន់តំណែងជាអភិបាលក្រុងតាខ្មៅ ជំនួសលោក ហេង ធៀម ដែលបានចូលនិវត្តន៍កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៧៕