សង្គមស៊ីវិល និងសហជីពអះអាងថា វាជាគំរូដ៏អាក្រក់សម្រាប់សង្គមដែលរដ្ឋាភិបាលរបស់បុរសខ្លាំងដំឡើងឋានន្តរសក្តិអតីតអភិបាលក្រុងបាវិត លោក ឈូក បណ្ឌិត ជាជនដៃដល់មួយរូបដែលធ្លាប់បាញ់រះលើកម្មកររោងចក្រអំឡុងពេលទាមទារលក្ខខណ្ឌការងារ កាលពី ១០ឆ្នាំមុនពីឋានន្តរស័ក្តិមន្ត្រីថ្នាក់លេខ៣ មកជាឧត្តមមន្ត្រីថ្នាក់លេខ៤។
លោក ប៉ាវ ស៊ីណា បានសរសេរលើហ្វេសប៊ុកនាថ្ងៃសុក្រ ទី២ កញ្ញា នេះថា ពួកគាត់មិនដែលបំភ្លេចចំពោះព្រឹត្តិការណ៍ដែលលោក ឈូក បណ្ឌិត បានបាញ់ប្រហារមកលើកម្មករកាលពីឆ្នាំ២០១២ ដែលបណ្តាលឲ្យកម្មការិនីបីនាក់រងរបួសស្ទើរតែបាត់បង់ជីវិតនោះទេ។ លោកថា ទោះបីជាលោក ឈូក បណ្ឌិត បានបាញ់លើកម្មករក្ដី ប៉ុន្តែរដ្ឋាភិបាលបែរជាតែងតាំងលោក ឈូក បណ្ឌិត ជាមន្ត្រីរដ្ឋបាលជាន់ខ្ពស់នៃក្រសួងមហាផ្ទៃទៅវិញ។
ចំណែកឯអ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា លើកឡើងថា ការដំឡើងឋានន្តរសក្តិ និងតួនាទីគួរតែត្រូវធ្វើចំពោះមន្ត្រីណាដែលមានលក្ខណៈសម្បត្តិ និងមានគុណធម៌ ដែលធ្វើការងារដោយការទទួលខុសត្រូវ ហើយមានស្នាដៃល្អក្នុងការបំពេញកិច្ចការងារជូនពលរដ្ឋ និងសង្គមជាតិ។
លោកបង្ហាញការសោកស្ដាយដែលរដ្ឋាភិបាលដំឡើងឋានន្តរស័ក្ដិលោក ឈូក បណ្ឌិត ដែលបានប្រើប្រាស់ឥទ្ធិពល និងអាវុធបាញ់រះទៅលើកម្មករកម្មការិនីដែលគ្រាន់តែតវ៉ាទាមទារលក្ខខណ្ឌការងារសមរម្យទៅវិញ។
លោក ករុណា ចាត់ទុកការដំឡើងតួនាទី និងឋានន្តរស័ក្ដិមន្ត្រីដែលប្រព្រឹត្តខុសច្បាប់ ថាជាការលើកទឹកចិត្តដល់មន្ត្រីផ្សេងទៀតឲ្យប្រព្រឹត្តបទល្មើស ហើយករណីនេះវាជាការបំបាក់ទឹកចិត្តចំពោះមន្ត្រីដែលបានអនុវត្តការងារត្រឹមត្រូវ និងមានគុណសម្បត្តិទៅវិញ។
លោកបន្តថា បើរដ្ឋាភិបាលដំឡើងតួនាទី និងឋានន្តរស័ក្ដិមន្ត្រីដែលរំលោភសិទ្ធិ និងប្រើប្រាស់អំពើហិង្សា ព្រមទាំងអាវុធបាញ់រះលើពលរដ្ឋ ឬកម្មករបែបនេះ វាបង្ហាញពីគំនូរអាក្រក់សម្រាប់សង្គម។
លោក ស៊ឹង សែនករុណា ស្នើឲ្យរដ្ឋាភិបាលពិចារណាឡើងវិញ ប្រសិនជាពិនិត្យឃើញមានប្រតិកម្មពីពលរដ្ឋច្រើន គួរបញ្ឈប់ការដំឡើងតួនាទី និងឋានន្តរស័ក្តិលើជនប្រព្រឹត្តិបទល្មើស ហើយងាកមកដំឡើងមន្ត្រីអនុវត្តការងារដោយទទួលខុសត្រូវ និងបម្រើពលរដ្ឋវិញ ទើបរដ្ឋាភិបាលទទួលបានការគាំទ្រពីពលរដ្ឋ។
ការរិះគន់នេះ ធ្វើឡើងបន្ទាប់ពីអតីតអភិបាលក្រុងបាវិត លោក ឈូក បណ្ឌិត ត្រូវបានដំឡើងឋានន្តរស័ក្តិពីមន្ត្រីថ្នាក់លេខ៣ មកជាឧត្តម មន្ត្រីថ្នាក់លេខ៤ នៃក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់របស់ក្រសួងមហាផ្ទៃ។ នេះបើយោងតាមព្រះរាជក្រឹត្យដែលចុះហត្ថលេខាដោយប្រមុខស្ដីទី លោក សាយ ឈុំ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២។
ការដំឡើងឋានន្តរស័ក្តិមន្ត្រីថ្នាក់លេខ៣ មកជាឋានន្តរសក្តិឧត្តមមន្ត្រីថ្នាក់លេខ៤ នេះ គឺតាមសំណើរបស់លោក ហ៊ុន សែន។
នេះមិនមែនជាលើកទីមួយទេដែលមន្ត្រីប្រព្រឹត្តបទល្មើសត្រូវដំឡើងតួនាទី និងតំណែងនោះ។ ជាក់ស្ដែង អង្គរក្ស ៣នាក់របស់លោក ហ៊ុន សែន ដែលបានវាយតំណាងរាស្ត្រគណបក្សប្រឆាំងឱ្យរងរបួសធ្ងន់នៅក្បែររបងរដ្ឋសភាកាលពីចុងឆ្នាំ២០១៥ ក៏ត្រូវបានដំឡើងឋានៈពីវរសេនីយ៍ឯកសក្តិ៥ ទៅជាឧត្តមសេនីយ៍ត្រីផ្កាយមួយ ខណៈអង្គរក្ស ២នាក់ទៀត គឺលោក សុត វណ្ណី និងលោក ម៉ៅ ហឿន ក៏ត្រូវបានដំឡើងឋានៈពីថ្នាក់វរសេនីយ៍ទោ (សក្តិ ៤កន្លះ) ទៅជាវរសេនីយ៍ឯក (សក្តិ៥) ផងដែរ។
កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១២ អតីតអភិបាលក្រុងបាវិត លោក ឈូក បណ្ឌិត បានប្រើប្រាស់កាំភ្លើងបាញ់រះទៅលើកម្មករកម្មការិនីរោងចក្រស្បែកជើងកៅវ៉េ (Kaoway) នៅក្រុងបាវិត ដែលបណ្ដាលឲ្យកម្មការិនីចំនួន ៣នាក់រងរបួសធ្ងន់ អំឡុងពេលពួកគេតវ៉ាទាមទារលក្ខខណ្ឌការងារ។ ក្រោយពីហេតុការណ៍នោះ លោក ឈូក បណ្ឌិត បានរត់គេចខ្លួនពីការអនុវត្តទោសរយៈពេលជាង ៣ឆ្នាំ ប៉ុន្តែក្រោយមក លោក ហ៊ុន សែន ប្រកាសគាំទ្រចំណាត់ការរបស់ប៉ូលិសអន្តរជាតិ (Interpol) ក្នុងការតាមចាប់ខ្លួននោះ ហើយលោក ឈូក បណ្ឌិត ក៏បានចេញមកសារភាព។
អតីតអភិបាលក្រុងបាវិតរូបនេះត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តស្វាយរៀង កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៥ ប៉ុន្តែលោកបានផ្ទេរមកឃុំខ្លួននៅពន្ធនាគារព្រៃសរាជធានីភ្នំពេញវិញ។
លោក ឈូក បណ្ឌិត ត្រូវបានដោះលែងឱ្យមានសេរីភាពវិញកាលពីខែកុម្ភៈ ឆ្នាំ២០១៧។ បន្ទាប់មក នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ សាលាឧទ្ធរណ៍បានប្រកាសសាលដីកាកំបាំងមុខលោក ឈូក បណ្ឌិត ដោយសម្រេចផ្តល់នីតិសម្បទាដល់លោកវិញ បន្ទាប់ពីបុគ្គលរូបនេះបានបណ្តឹងទាស់ស្នើសុំផ្តល់នីតិសម្បទាឡើងវិញ៕