The Cambodia Daily Khmer

លោក ស ខេង ថា​ជនបរទេស​កំពុង​យក​ទឹកដី​កម្ពុជា​ប្រព្រឹត្ត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​ទូរគមនាគមន៍

លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​អគារ​រដ្ឋបាល និង​អគារ​សាល​ប្រជុំ​សម្រាប់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​៨ ខែ​កញ្ញា ឆ្នាំ​២០២២។

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បង្ហាញ​ក្តី​បារម្ភ​ដោយសារ​ជនជាតិ​បរទេស​បាន​យក​ទឹកដី​នៃ​រាជាណាចក្រ​កម្ពុជា ធ្វើជា​ទីកន្លែង​សម្រាប់​ប្រព្រឹត្ត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​ទូរគមនាគមន៍​ដែល​ជា​បទល្មើស​ថ្មី​មួយ​យ៉ាង​សាហាវ។

ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​អគារ​រដ្ឋបាល​កម្ពស់ ១០​ជាន់ និង​អគារ​សាល​ប្រជុំ​កម្ពស់ ៣​ជាន់​សម្រាប់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​៨ ខែ​កញ្ញា ឆ្នាំ​២០២២ នេះ លោក ស ខេង ថ្លែង​ថា បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​ទូរគមនាគមន៍ ជា​បញ្ហា​កំពុង​កើតមាន​សព្វថ្ងៃ។

លោក​ចាត់ទុក​បទល្មើស​នេះ​ថា​ជា​បទល្មើស​ថ្មី​មួយ​យ៉ាង​សាហាវ ដោយ​វា​មិនមែន​បទល្មើស​ប្រពៃណី ហើយ​មក​ទល់​ពេលនេះ ក្រសួង​បាន​ទទួល​ពាក្យ​បណ្តឹង ១​ករណី​ដែល​កើតឡើង​នៅ​រាជធានី​ភ្នំពេញ ដោយ​សមត្ថកិច្ច​ជំនាញ​កំពុង​តាមដាន​ដើម្បី​ធ្វើការ​ដោះស្រាយ​បញ្ហា​នេះ។

ទោះបីជា​នៅ​រាជធានី​ភ្នំពេញ ក្រសួង​ទើប​តែ​ទទួល​បាន​ពាក្យ​បណ្ដឹង ១​ករណី​ក៏​មែន​ពិត ប៉ុន្តែ​នៅ​កន្លែង​ផ្សេង​ទៀត ជាពិសេស​នៅ​ខេត្ត​ព្រះសីហនុ បាន​កើតឡើង​ច្រើន​ហើយ។ លោក ស ខេង បាន​បង្ហាញ​ក្ដី​បារម្ភ​ដោយ​លោក​ថា បច្ចុប្បន្ន​ក្រុម​ជនល្មើស​ជួញដូរ​មនុស្ស​តាម​ប្រព័ន្ធ​ទូរគមនាគមន៍ កំពុង​យក​ទឹកដី​ប្រទេស​កម្ពុជា​ធ្វើជា​កន្លែង​ប្រព្រឹត្ត​បទល្មើស ខណៈ​មេខ្លោង​ដែល​ប្រព្រឹត្ត​បទល្មើស​ជា​ជនបរទេស។

លោក​បាន​ក្រើន​រំឭក​ទៅ​សមត្ថកិច្ច​ជំនាញ ត្រូវ​សហការ​គ្នា​ដោយ​ធ្វើការ​យ៉ាង​ហ្មត់ចត់​ទប់ស្កាត់​បទល្មើស​ទាំងនេះ​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព ដើម្បី​លើក​មុខមាត់​កម្ពុជា ជាពិសេស​បន្ត​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​អំពើ​អនាចារ ការ​ជួញដូរ​មនុស្ស ជាពិសេស​ស្ត្រី​និង​កុមារ អំពើ​ហិង្សា​ក្នុង​គ្រួសារ និង​ក្មេង​ទំនើង​តាម​សង្កាត់ និង​ខណ្ឌ​នានា​ក្នុង​រាជធានី​ភ្នំពេញ។

អនុប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស អ្នកស្រី ជូ ប៊ុនអេង លើកឡើង​កាលពី​ថ្ងៃទី​១២ ខែ​សីហា ឆ្នាំ​២០២២ ថា ក្នុង​ឆ្នាំ​២០២១ កន្លងទៅ បទល្មើស​ជួញដូរ​មនុស្ស សមត្ថកិច្ច​បង្ក្រាប​បាន ៣៥៩​លើក ដែល​ជា​ការ​កើនឡើង​ពីរ​ដង ប្រៀបធៀប​នឹង​ឆ្នាំ​២០១៩ ដែល​មាន​ត្រឹម ១៥៥​ករណី​ប៉ុណ្ណោះ។

អ្នកស្រី​បង្ហាញ​ពី​ការ​ឈឺចាប់​ទៅ​លើ​ឧក្រិដ្ឋជន​មួយ​ចំនួន​ដែល​ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​យក​ប្រទេស​កម្ពុជា​ធ្វើជា​កន្លែង​ជួញដូរ ដែល​ជា​ផ្នែក​មួយ​ត្រូវ​បាន​គេ​រាប់​បញ្ចូល​ទៅ​ក្នុង​សេចក្តី​រាយការណ៍​វាយតម្លៃ​ចំណាត់ថ្នាក់​លេខ​៣ នោះ ដែល​អ្នកស្រី​ថា​ជា​ចំណាត់ថ្នាក់​បាត​តារាង។

កាលពី​ថ្ងៃទី​២០ ខែ​កក្កដា ឆ្នាំ​២០២២ សហរដ្ឋ​អាមេរិក​បាន​ដាក់​ប្រទេស​កម្ពុជា​ក្នុង​បញ្ជី​ខ្មៅ​របស់​ខ្លួន ដោយ​វិធានការ​នេះ សហរដ្ឋ​អាមេរិក​សំអាង​ថា ការ​ជួញដូរ​ជនបរទេស​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​កំពុង​មាន​ការ​កើនឡើង​ឥត​ថយ​ចុះ ក៏ដូចជា​ការ​រំលោភ​បំពាន​ផ្សេង​ទៀត​ពាក់ព័ន្ធ​នឹង​វិស័យ​ការងារ ពលករ​ចំណាកស្រុក ហើយ​មន្ត្រី​មួយ​ចំនួន​សមគំនិត​ក្នុង​ប្រតិបត្តិការ​ឆបោក​តាម​ប្រព័ន្ធ​អ៊ីនធឺណិត៕

Exit mobile version