នៅពេលនេះ មហាអំណាចអង់គ្លេស មាននាយករដ្ឋមន្ត្រីថ្មីម្នាក់ទៀតហើយដែលនាំឲ្យចក្រភពមួយនេះមាននាយករដ្ឋមន្ត្រីដល់ទៅ ៣រូបសម្រាប់ឆ្នាំ២០២២ នេះ។
លោក Rishi Sunak គឺជានាយករដ្ឋមន្ត្រីថ្មីទី៣ នៃចក្រភពអង់គ្លេស ដែលទើបទទួលបានការគាំទ្រពីសមាជិកសភាមកពីគណបក្សអភិរក្សនិយម ដែលកំពុងកាន់អំណាច។
អង់គ្លេសមាននាយករដ្ឋមន្ត្រី ២រូបហើយនៅក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ។ លោក បូរីស ចនសុន បានកាន់តំណែងនាយករដ្ឋមន្ត្រីបានជាង ៣ឆ្នាំ។ ចំណែកនាយករដ្ឋមន្ត្រីអង់គ្លេស ទី២ គឺអ្នកស្រី លី ត្រាស់ កាន់តំណែងបានតែ ៤៤ថ្ងៃប៉ុណ្ណោះ។
អ្នកនយោបាយ ២រូបនេះដែលគេហៅថាដេកមិនលើកជើងទ្រមេឃ បានសម្រេចលាលែងពីតំណែងដូចគ្នា គឺមិនចាំបាច់ឲ្យសភាដកហូតអំណាច ឬប្រជាជនដេញទម្លាក់ពីអំណាចនោះទេ។ អ្នកនយោបាយអង់គ្លេសទាំង ២រូបនេះសម្រេចបោះបង់អំណាចក្រោមសម្ពាធនយោបាយផ្ទៃក្នុងបក្សរបស់ខ្លួនឯងតែប៉ុណ្ណោះ។
នៅពេលលោក បូរីស ចនសុន លាលែងពីតំណែង បាននាំឲ្យមេដឹកនាំបស្ចិមប្រទេសបារម្ភអំពីជំហររបស់នាយករដ្ឋមន្ត្រីដែលត្រូវងើបឡើងប្រឆាំងរុស្ស៊ី និងឥទ្ធិពលចិន។ តែនៅពេលដែលអ្នកស្រី លី ត្រាស់ រដ្ឋមន្ត្រីការបរទេសរបស់លោក បូរីស ចនសុន ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី មេដឹកនាំបស្ចិមប្រទេសមានការរីករាយ ព្រោះស្ត្រីរូបនេះបានបង្ហាញជំហររបស់ខ្លួនរួចហើយប្រឆាំងរុស្ស៊ី និងចិន។
តែនៅពេលដឹងថា អ្នកស្រីលាលែងពីតំណែង បាននាំឲ្យក្រុមបស្ចិមប្រទេស ជាពិសេសសហរដ្ឋអាមេរិក បារម្ភអំពីជំហររបស់មេដឹកនាំថ្មីរបស់អង់គ្លេស ថាតើត្រូវប្រកាន់ជំហរដូចម្ដេចចំពោះរុស្ស៊ី ឈ្លានពានអ៊ុយក្រែន និងឥទ្ធិពលរបស់ចិន។
ទីបំផុត នាយករដ្ឋមន្ត្រីថ្មីចក្រភពអង់គ្លេសវ័យក្មេង លោក Rishi Sunak បានសច្ចាដើរតាមលោក បូរីស ចនសុន និងសន្យាជាមួយលោក ចូ បៃដិន ប្រធានាធិបតីអាមេរិក ថាត្រូវរួមគ្នាជួយអ៊ុយក្រែនប្រឆាំងរុស្ស៊ី និងទប់ស្កាត់ឥទ្ធិពលចិន។
ថ្លែងនៅខាងមុខការិយាល័យនាយករដ្ឋមន្ត្រីនៅទីក្រុងឡុងដ៍ លោក Rishi Sunak បានប្ដេជ្ញាដើរតាមគោលនយោបាយការបរទេសរបស់លោក បូរីស ចនសុន ដែលជួយអ៊ុយក្រែន ក្នុងសង្គ្រាមការពារទឹកដីពីការឈ្លានពានរបស់រុស្ស៊ី។ លោកថ្លែងថា បើទោះជាពេលនេះ អង់គ្លេសចាត់ទុកវិបត្តិសេដ្ឋកិច្ចជាអាទិភាពក៏ដោយ តែបញ្ហានយោបាយ និងសន្តិសុខពិភពលោក ក៏ជាអាទិភាពសម្រាប់អាណត្តិរបស់លោកផងដែរ។
នៅក្នុងកិច្ចសន្ទនាជាមួយលោក ចូ បៃដិន លោក Rishi Sunak បានសច្ចាចាប់ដៃជាមួយសហរដ្ឋអាមេរិក ដើម្បីបន្តគាំទ្រដល់អ៊ុយក្រែន និងទប់ទល់ជាមួយចិន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៦ តុលា នេះ។
កិច្ចសន្ទនារបស់លោក បៃដិន ធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីលោក Rishi Sunak បានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីទី៣ នៃចក្រភពអង់គ្លេស នៅក្នុងឆ្នាំ២០២២ នេះ ជំនួសលោកស្រី លី ត្រាស់ ដែលកាន់តំណែងបានត្រឹមតែ ៤៤ថ្ងៃប៉ុណ្ណោះ។
បើតាមសេតវិមាន លោក បៃដិន និងលោក Rishi Sunak បានធ្វើការផ្ទៀងផ្ទាត់ឡើងវិញអំពីទំនាក់ទំនងពិសេសរវាងសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ដែលមេដឹកនាំទាំងពីរសន្យាធ្វើការរួមគ្នាកែលំអសន្តិសុខពិភពលោក រួមទាំងបន្តផ្ដល់ការគាំទ្រដល់អ៊ុយក្រែន ក្នុងបុព្វហេតុការពារប្រឆាំងការឈ្លានពានពីសំណាក់មហាអំណាចរុស្ស៊ី។
បើតាមសេចក្ដីថ្លែងការណ៍របស់សេតវិមាន លោក Rishi Sunak ក៏បានយល់ព្រមជាមួយនឹងលោក បៃដិន ដោះស្រាយបញ្ហាប្រឈមទាំងឡាយបង្កឡើងដោយប្រទេសចិន ដែលទីក្រុងវ៉ាស៊ីនតោន ចាត់ទុកថាជាគូប្រជែងភូមិសាស្ត្រនយោបាយធំបំផុត។
ចក្រភពអង់គ្លេស គឺជាសម្ពន្ធមិត្តអឺរ៉ុបដ៏សំខាន់មិនអាចខ្វះបានរបស់សហរដ្ឋអាមេរិក ក្នុងការផ្ដល់ជំនួយយោធាដល់អ៊ុយក្រែន ដើម្បីប្រយុទ្ធប្រឆាំងនឹងការឈ្លានពានពីរុស្ស៊ី។
មានការកត់សម្គាល់ថា គណៈរដ្ឋមន្ត្រីរបស់នាយករដ្ឋមន្ត្រីអង់គ្លេសថ្មីរូបនេះ គឺរដ្ឋមន្ត្រីសំខាន់ៗដែលជារដ្ឋមន្ត្រីរបស់អ្នកស្រី លី ត្រាស់ ត្រូវបានលោកស្នើរក្សាទុកដដែល។ អ្នកនយោបាយទាំងនោះមានដូចជា រដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក Jeremy Hunt រដ្ឋមន្ត្រីការបរទេស James Cleverly និងរដ្ឋមន្ត្រីការពារជាតិ Ben Wallace ត្រូវបានលោក Rishi Sunak រក្សាឱ្យនៅកាន់តួនាទីរបស់ពួកគាត់ដដែល ទោះបីជាលោករដ្ឋមន្ត្រីទាំង ៣រូបនេះបង្ហាញការគាំទ្រចំពោះការវិលត្រឡប់មកវិញរបស់អតីតនាយករដ្ឋមន្ត្រី លោក បូរីស ចនសុន ក៏ដោយ។
ក្រោយពីលោក Rishi Sunak ទទួលបានការយល់ព្រមពីព្រះមហាក្សត្រឲ្យបង្កើតគណៈរដ្ឋមន្ត្រីថ្មី គេសង្កេតឃើញមេដឹកនាំពិភពលោកជាច្រើនបញ្ជូនសារអបអរសាទរលោក Rishi Sunak ឋានៈនាយករដ្ឋមន្ត្រីអង់គ្លេស ក្នុងនោះនាយករដ្ឋមន្ត្រីឥណ្ឌា ណារិនឌ្រា មូឌី មុនគេទាំងអស់ ក្រោយមកមានលោក ចូ បៃដិន ប្រធានាធិបតីអាមេរិក ប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប Charles Michel ប្រធានាធិបតីអ៊ុយក្រែន វូឡូឌីមៀ ហ្សេឡេនស្គី ហើយសូម្បីមេដឹកនាំចិន ស៊ី ជីនពីង និងមេដឹកនាំរុស្ស៊ី វ៉្លាឌីមៀរ ពូទីន ដែលលោក Rishi Sunak សន្យាជាមួយលោក បៃដិន ប្រឆាំងមេដឹកនាំប្រទេសមហាអំណាចពីរនេះ ក៏ពួកគាត់បានផ្ញើសារអបអរផងដែរ។
ក្រៅពីនេះមានមេដឹកនាំនៅបណ្ដាប្រទេសជាច្រើននៅទូទាំងពិភពលោក ក៏បញ្ជូនសារសាទរលោក Rishi Sunak ដែរ។
តើនាយករដ្ឋមន្ត្រីអង់គ្លេសវ័យក្មេងរូបនេះមានជីវប្រវត្តិដូចម្ដេច?
លោក Rishi Sunak ជាកូនរបស់គ្រួសារអន្តោប្រវេសន៍ជាតិសាសន៍ឥណ្ឌា។ ឪពុកម្ដាយរបស់លោកមកដល់អង់គ្លេសនៅឆ្នាំ១៩៦០។ ចំពោះលោកកើតនៅលើទឹកដីអង់គ្លេស នៅឆ្នាំ១៩៨០។ ឆ្នាំនេះលោកទើបមានអាយុ ៤២ឆ្នាំប៉ុណ្ណោះ។
លោក Rishi Sunak បានចូលរៀននៅសាកលវិទ្យាល័យល្បីៗបំផុត ដូចជា Winchester College – Oxford និង Stanford។
លោកបានរៀបអាពាហ៍ពិពាហ៍ជាមួយនាង Akshata Murty កូនស្រីមហាសេដ្ឋីកំពូលម្នាក់នៃជនជាតិឥណ្ឌាដូចគ្នា។ លោក Rishi Sunak បានជួបនាង Akshata Murty នៅសាកលវិទ្យាល័យ Oxford។ លោក Rishi Sunak បានចាប់យកអាជីពការងារនៅក្នុងវិស័យធនាគារ។
បុរសរូបនេះ គឺអ្នកវិភាគសេដ្ឋកិច្ចវ័យក្មេងនៅអង់គ្លេស។ ការងារ និងគ្រួសារកូនអ្នកមាន នាំឲ្យទ្រព្យសម្បត្តិស្ដុកស្ដម្ភរបស់លោក Sunak និងភរិយា បានកើនឡើងយ៉ាងលឿនដល់ជាង ៨៤១លានដុល្លារ។
អ្វីដែលមានការភ្ញាក់ផ្អើលជាខ្លាំង គឺមេដឹកនាំវ័យក្មេងនៃចក្រភពអង់គ្លេសរូបនេះមានឈាមជ័រជាជាតិសាសន៍ឥណ្ឌា។ ដូចនេះហើយ គេកត់សម្គាល់ឃើញថា ប្រជាជនឥណ្ឌាមួយចំនួនមានមោទកភាព ហើយជាពិសេសគឺនាយករដ្ឋមន្ត្រីឥណ្ឌា ណារិនឌ្រា មូឌី ដែលបានបញ្ជូនសារអបអរសាទរលោក Rishi Sunak មុនគេទាំងអស់៕