លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អរគុណចំពោះថ្នាក់ដឹកនាំគណបក្សភ្លើងទៀន ដែលបានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសអ្នកទាំងឡាយដែលបានប្រមាថព្រះមហាក្សត្រ តបតាមការស្នើសុំរបស់លោក។
ការអរគុណរបស់លោក ហ៊ុន សែន ធ្វើឡើងបន្ទាប់ពីគណបក្សភ្លើងទៀន បានចេញសេចក្ដីថ្លែងការណ៍មួយបដិសេធទំនាក់ទំនងជាមួយលោក សម រង្ស៊ី និងថ្កោលទោសបុគ្គលទាំងឡាយណាដែលមានចេតនាប្រមាថ ឬរំលោភបំពានរដ្ឋធម្មនុញ្ញ អង្គព្រះមហាក្សត្រ និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។
លោក ហ៊ុន សែន បានសរសេរនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនៅថ្ងៃព្រហស្បតិ៍ ទី២៧ តុលា នេះថា លោកសូមកោតសរសើរ និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំគណបក្សភ្លើងទៀន ដែលបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសអ្នកទាំងឡាយណាដែលមានចេតនាប្រមាថព្រះមហាក្សត្រ តាមការស្នើសុំរបស់លោកកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២។
យ៉ាងណាក៏ដោយ បើតាមសេចក្ដីថ្លែងការណ៍របស់គណបក្សភ្លើងទៀនដែលបានចេញនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ នេះ បានឱ្យដឹងថា គណបក្សភ្លើងទៀនគោរពនូវព្រះរាជតួនាទីដ៏ខ្ពង់ខ្ពស់នៃអង្គព្រះមហាក្សត្រដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា ហើយគណបក្សភ្លើងទៀនសូមថ្កោលទោសចំពោះបុគ្គលទាំងឡាយណាដែលមានចេតនាប្រមាថ ឬរំលោភបំពានរដ្ឋធម្មនុញ្ញ អង្គព្រះមហាក្សត្រ និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ដែលការពារដោយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងបដិសេធចំពោះការចោទប្រកាន់នានាអំពីទំនាក់ទំនងជាមួយលោក សម រង្ស៊ី។
សេចក្ដីថ្លែងការណ៍ដដែលសរសេរថា បច្ចុប្បន្ននេះ គណបក្សភ្លើងទៀនគោរព និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវរដ្ឋធម្មនុញ្ញ ច្បាប់ស្ដីពីគណបក្សនយោបាយ និងច្បាប់ជាធរមាននានានៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងលក្ខន្តិកៈគណបក្សដែលបានតម្កល់នៅក្រសួងមហាផ្ទៃផងដែរ។
សេចក្តីថ្លែងការណ៍ដដែលសរសេរថា គណបក្សភ្លើងទៀនបានដំណើរការការងារ និងធ្វើសេចក្ដីសម្រេចចិត្តនានាដោយមានការទទួលខុសត្រូវក្នុងអធិបតេយ្យភាពពេញលេញរបស់ខ្លួន ស្របតាមលក្ខន្តិកៈដោយមិនស្ថិតនៅក្រោមការបង្គាប់បញ្ជាដោយផ្ទាល់ ឬដោយប្រយោលពីបុគ្គល ឬគណបក្សនយោបាយណាមួយឡើយ។
គណបក្សភ្លើងទៀនក៏បានអំពាវនាវឱ្យពលរដ្ឋដែលមិនទាន់មានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នាចាប់ពីថ្ងៃទី២០ ខែតុលា រហូតដល់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ នៅតាមសាលាឃុំ-សង្កាត់ ឬនៅតាមបណ្ដាភូមិសាមី ដើម្បីមានសិទ្ធិបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។
ប្រធានវេទិកាពលរដ្ឋ និងជាអ្នកវិភាគនយោបាយ លោក គឹម សុខ បានសរសេរលើហ្វេសប៊ុកដោយចាត់ទុកថាគណបក្សភ្លើងទៀនបានសម្រេចចិត្តត្រូវក្នុងការធ្វើសេចក្ដីថ្លែងការណ៍នេះ ប៉ុន្តែរឿងដែលបក្សនេះមិនទាន់ធ្វើត្រូវនោះ លោកកត់សម្គាល់មានពីរយ៉ាង ក្នុងនោះគឺគណបក្សភ្លើងទៀននៅមិនទាន់ប្រើឱកាសបង្ហាញភាពសកម្មឲ្យត្រូវសភាពការណ៍ក្នុងការប្រកួតស្របតាមរដ្ឋធម្មនុញ្ញ។
ចំណែកចំណុចមួយទៀតដែលលោកបង្ហាញការងឿងឆ្ងល់ថា ហេតុអ្វីមានមតិខ្លះចេះតែប្រឹងដុកដាន់ចង់ឲ្យរំលាយគណបក្សភ្លើងទៀន? ករណីនេះតើចំណេញអ្វីដល់ប្រទេសជាតិ?
ក្នុងពិធីចុះចែកស្រូវពូជ និងស្បៀងអាហារជូនប្រជាកសិករដែលរងគ្រោះដោយទឹកជំនន់នៅខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃពុធ ទី២៦ ខែតុលា ឆ្នាំ២០២២ លោក ហ៊ុន សែន ទាមទារឲ្យថ្នាក់ដឹកនាំគណបក្សភ្លើងទៀន លោក ទាវ វណ្ណុល លោក សុន ឆ័យ លោក ថាច់ សេដ្ឋា បកស្រាយចំពោះសម្ដីលោក សម រង្ស៊ី ដែលបានប្រមាថ និងចាត់ទុកព្រះមហាក្សត្រគ្មានមនសិការជាតិ ឲ្យសាធារណជនបានដឹងដើម្បីបញ្ជាក់ថា គណបក្សនេះមិនមានទំនាក់ទំនងជាមួយលោក សម រង្ស៊ី៕