មន្ត្រីអង្គការក្រៅរដ្ឋាភិបាលថា ប្រទេសកម្ពុជាអាចនឹងរងនូវការដាក់លក្ខខណ្ឌពីប្រទេសនានាដូចប្រទេសចិនដែរ ប្រសិនបើកម្ពុជាគ្មានវិធានការត្រួតពិនិត្យរកវីរុសកូវីដ-១៩ ពីភ្ញៀវចិន ឬភ្ញៀវដែលឆ្លងកាត់ប្រទេសចិនទេនោះ។
នាយកមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) លោក មឿន តុលា ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៤ មករា នេះថា ប្រសិនបើកម្ពុជាវិលទៅរកការឆ្លងជំងឺនេះឡើងវិញដូចប្រទេសចិន ដែលកំពុងផ្ទុះឡើងវិញនៅពេលនេះ គឺជាការលំបាកបំផុតមួយសម្រាប់កម្ពុជាក្នុងការស្ដារវិស័យទេសចរណ៍របស់ខ្លួន ស្របពេលដែលប្រទេសជិតខាងនឹងស្រូបទាញភ្ញៀវទេសចរទាំងនោះអំឡុងពេលដែលពួកគេអាចទប់ស្កាត់ការឆ្លងជំងឺនេះមានប្រសិទ្ធភាព។
លោក មឿន តុលា លើកឡើងថា រដ្ឋាភិបាលកម្ពុជាមិនគួរផ្ដោតវិស័យទេសចរណ៍របស់ខ្លួនទៅលើតែភ្ញៀវចិនតែមួយមុខនោះទេ ព្រោះថាទេសចរចិនកន្លងមកក៏មិនបានជួយឱ្យវិស័យទេសចរណ៍កម្ពុជារីកលូតលាស់ប៉ុន្មានដែរ។ ជាងនេះទៀត ប្រទេសនានាលើពិភពលោកក៏កំពុងតែមានការព្រួយបារម្ភពីការឆ្លងវីរុសកូវីដ-១៩ ពីប្រទេសចិន។
មន្ត្រីជាន់ខ្ពស់សង្គមស៊ីវិលរូបនេះបញ្ជាក់ថា កម្ពុជាអាចផ្ដោតវិស័យទេសចរណ៍របស់ខ្លួនទៅបណ្តាប្រទេសផ្សេងៗ ដែលធានានូវការមិនចម្លងវីរុសកូវីដ-១៩ ដើម្បីធានាសុវត្ថិភាពរបស់ខ្លួនផង និងធានានូវការជំរុញវិស័យទេសចរណ៍របស់ខ្លួនឱ្យទៅមុខបានឆាប់រហ័សផងដែរ។
កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ ក្រសួងទេសចរណ៍កម្ពុជា ប្រកាសថា ខ្លួននឹងពង្រឹងគុណភាពសេវាកម្មដើម្បីត្រៀមទទួលភ្ញៀវទេសចរចិនឡើងវិញសម្រាប់ឆ្នាំ២០២៣ នេះ ក្នុងនោះក្រសួងក៏បានលើកទឹកចិត្តឱ្យអាជីវកម្មទេសចរណ៍ដែលទទួលទេសចរចិន មកដាក់ពាក្យស្នើសុំការទទួលស្គាល់គុណភាពសេវាកម្មទទួលទេសចរចិនដោយឥតគិតថ្លៃនៅទីស្ដីការក្រសួងទេសចរណ៍ផងដែរ។
ការសម្រេចរបស់ក្រសួងទេសចរណ៍នេះ ធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសស្វាគមន៍អ្នកទេសចរបរទេស ជាពិសេសជនជាតិចិនត្រឡប់មកកាន់ប្រទេសកម្ពុជាជាថ្មីទៀតនៅឆ្នាំ២០២៣ នេះ ដោយលោករំពឹងថា កម្ពុជានឹងទទួលបានអ្នកទេសចរចិន ២លាននាក់ឡើងវិញក្រោយពេលចិនបើកឱ្យពលរដ្ឋចេញក្រៅប្រទេស។
ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលប្រជាមានិតចិន កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា មុនឆ្លងរាលដាលនៃជំងឺកូវីដ-១៩ កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសសរុប ៦លាន ៦សែននាក់ ក្នុងនោះជនជាតិចិនប្រហែល ២លាននាក់។
ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បញ្ជាក់ថា តាមការព្យាកររបស់មន្ត្រីជំនាញ បើនៅក្នុងឆ្នាំ២០២៣ នេះ កម្ពុជាទទួលបានភ្ញៀវទេសចរ ក្នុងនោះមានទាំងជនជាតិចិន ចាប់ពី ៤លាននាក់ឡើងទៅ នឹងធ្វើឱ្យសេដ្ឋកិច្ចកម្ពុជារីកលូតលាស់ល្អប្រសើរឡើងវិញ។
យ៉ាងណាក៏ដោយ កាលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ ទីភ្នាក់ងារសារព័ត៌មាន Shine ចុះផ្សាយថា បណ្តាប្រទេសមួយចំនួន ដូចជាសហរដ្ឋអាមេរិក អ៊ីតាលី ជប៉ុន ឥណ្ឌា កូរ៉េខាងត្បូង និងកោះតៃវ៉ាន់ ជាដើម បានតម្រូវឱ្យអ្នកដំណើរមកពីប្រទេសចិន ធ្វើតេស្ដរកជំងឺកូវីដ-១៩ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺនេះចូលទៅក្នុងប្រទេសរបស់ពួកគេ ខណៈទីភ្នាក់ងារសារព័ត៌មាន Reuters ចុះផ្សាយកាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ ថា ប្រទេសចិនកំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងវិញនៃជំងឺកូវីដ-១៩យ៉ាងធ្ងន់ធ្ងរ។
ទាក់ទិននឹងបញ្ហានេះ អាកាសយានដ្ឋានម៉ាលផេនសា (Malpensa) នៅទីក្រុងមីឡែន (Milan) ប្រទេសអ៊ីតាលី ចាប់ពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ មក បានធ្វើតេស្ដរកជំងឺកូវីដ-១៩ សម្រាប់អ្នកដំណើរទាំងអស់ដែលទៅពីប្រទេសចិន ដោយមិនគិតពីសញ្ជាតិ។
ជុំវិញបញ្ហានេះ អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Ned Price ធ្លាប់បានអះអាងកាលពីពេលថ្មីៗនេះថា លទ្ធភាពនៃការបំប្លែងខ្លួននៃវីរុសជំងឺកូវីដនៅពេលវាឆ្លងរាតត្បាតនៅទូទាំងប្រទេសចិននោះ អាចជាការគំរាមកំហែងមួយសម្រាប់ប្រជាជននៅគ្រប់ទីកន្លែងទាំងអស់៕