ប្រធានអង្គការសមាគមចំនួន ៤ ប្រកាសចូលខ្លួនទៅបំភ្លឺតាមការអញ្ជើញរបស់ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យានៃស្នងការនគរបាលរាជធានីភ្នំពេញ ជុំវិញការបង្ហោះ និងចែកចាយបន្តនូវវីដេអូដែលមានចំណងជើងថា «ឈាមបាតុករ»។
ប្រធានអង្គការសមាគមចំនួន៤ រួមមានលោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធកសិករកម្ពុជា (CCFC) លោក អំ សំអាត នាយកប្រតិបត្តិអង្គការលីកាដូ លោក មឿន តុលា នាយកមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) និងលោក វន់ ពៅ ប្រធានសមាគមឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ប្រកាសចូលទៅបំភ្លឺតាមការអញ្ជើញរបស់ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យានៃស្នងការនគរបាលរាជធានីភ្នំពេញ ក្រោយទទួលបានលិខិតអញ្ជើញឱ្យទៅបំភ្លឺជុំវិញការបង្ហោះ និងចែកចាយបន្តនូវវីដេអូដែលមានចំណងជើងថា «ឈាមបាតុករ» កាលពីថ្ងៃសៅរ៍ ចុងសប្តាហ៍កន្លងទៅនេះ។
ប្រធានសមាគមសម្ព័ន្ធកសិករកម្ពុជា (CCFC) លោក ថេង សាវឿន ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៩ មករា នេះថា លោកនឹងទៅបំភ្លឺនៅការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យានៃស្នងការនគរបាលរាជធានីភ្នំពេញ តាមលិខិតអញ្ជើញ ប៉ុន្តែលោកនឹងមិនអាចទៅបំភ្លឺតាមពេលកំណត់បានទេ ដោយសារតែលោកកំពុងបំពេញបេសកកម្មនៅក្រៅប្រទេស។
លោក ថេង សាវឿន អះអាងថាការបង្ហោះវីដេអូដែលមានចំណងជើងថា «ឈាមបាតុករ» នេះ គ្រាន់តែជាការចងក្រងនូវឯកសារដែលជាប្រវត្តិសាស្ត្រមួយដែលធ្លាប់បានកើតឡើងប៉ុណ្ណោះ មិនមែនជាបទល្មើសប្រឆាំងនឹងច្បាប់ប្រទេស ឬបំពានទៅលើបម្រាមណាមួយរបស់រដ្ឋាភិបាល ឬមានចេតនាញុះញង់បង្កឱ្យមានអសន្តិសុខក្នុងសង្គមនោះឡើយ។
មន្ត្រីជាន់ខ្ពស់អង្គការសង្គមស៊ីវិលរូបនេះបញ្ជាក់ថា ការចេញលិខិតអញ្ជើញរូបលោកឱ្យទៅបំភ្លឺនេះ គ្រាន់តែជាការធ្វើឡើងទៅតាមការស្នើសុំរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈប៉ុណ្ណោះ ហើយលោកនឹងទៅតាមការអញ្ជើញនោះដែរ នៅពេលដែលលោកត្រឡប់ទៅដល់ប្រទេសកម្ពុជាវិញ។
ចំណែកប្រធានសមាគមឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៩ មករា នេះដែរថា ការចែកចាយវីដេអូដែលមានចំណងជើងថា «ឈាមបាតុករ» នេះ គឺដើមរំលឹកខួបអនុស្សាវរីយ៍ក្នុងព្រឹត្តិការណ៍ដែលបានកើតឡើងកាលពី ៩ឆ្នាំមុនប៉ុណ្ណោះ ហើយរដ្ឋាភិបាល ឬច្បាប់ក៏មិនបានហាមប្រាមមិនឱ្យចែកចាយវីដេអូទាំងនេះដែរ ស្របពេលដែលសារព័ត៌មានក៏ធ្លាប់បានចុះផ្សាយព្រោងព្រាតពីព្រឹត្តិការណ៍នេះថែមទៀត។
កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ ស្នងការនគរបាលរាជធានីភ្នំពេញបានចេញលិខិតអញ្ជើញនាយកប្រតិបត្តិអង្គការលីកាដូ លោក អំ សំអាត ឱ្យចូលទៅបំភ្លឺនៅការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យានៃស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី៩ មករា ចំណែកប្រធានសមាគមឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ និងនាយកមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា ត្រូវចូលទៅបំភ្លឺនៅថ្ងៃទី១០ ខែមករា ផងដែរ។
ដោយឡែកប្រធានសមាគមសម្ព័ន្ធកសិករកម្ពុជា លោក ថេង សាវឿន ត្រូវចូលទៅបំភ្លឺនៅថ្ងៃទី១១ ខែមករា ជុំវិញការបង្ហោះបទចម្រៀងអមដោយរូបភាពដែលមានចំណងជើងថា «ឈាមបាតុករ» កាលពីពេលថ្មីៗនេះ។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អ្នកស្រី ភឿង សកុណា បានចាត់ទុកការបង្ហោះ ឬចែកចាយវីដេអូនេះ គឺជាការអុជអាល និងញុះញង់ដែលអាចបង្កអសន្តិសុខដល់សង្គម ក្នុងនោះរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈរូបនេះបានដាក់លិខិតទៅកាន់អគ្គស្នងការនគរបាលជាតិ លោក នេត សាវឿន សុំឲ្យចាត់វិធានការតាមផ្លូវច្បាប់ចំពោះអ្នកដែលយក «បទឈាមបាតុករ» ទៅផ្សព្វផ្សាយឡើងវិញលើបណ្ដាញសង្គម។
កាលពីដើមខែមករា ឆ្នាំ២០២៣ វីដេអូឯកសារ និងវីដេអូចម្រៀងមួយដែលមានចំណងជើងថា «ឈាមបាតុករ» ត្រូវបានបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុកព្រោងព្រាត។
លោក ស៊ឹង សែនករុណា អះអាងថា ក្នុងនាមអង្គការសង្គមស៊ីវិលដែលធ្វើការលើការងារសិទ្ធិមនុស្ស ពុំមានចេតនាណាមួយធ្វើឲ្យមានការបង្កអសន្តិសុខនោះទេ ក្រៅតែអំពីជំរុញទៅដល់រដ្ឋាភិបាលបង្កើតគណៈកម្មការឯករាជ្យមួយ ដើម្បីស្វែងរកការពិត និងផ្តល់យុត្តិធម៌ទៅដល់ក្រុមកម្មករដែលបានរងរបួស និងបាត់បង់ជីវិត ដើម្បីបញ្ចប់អំពើនិទ្ទណ្ឌភាពនៅក្នុងសង្គមកម្ពុជា និងទប់ស្កាត់កុំឲ្យរឿងនេះកើតមានឡើងបន្តទៅទៀតប៉ុណ្ណោះ៕