រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអនុប្រធានក្រុមការងារគណបក្សកាន់អំណាចខេត្តត្បូងឃ្មុំ លោក គឹម សន្តិភាព ជំរុញឱ្យក្រុមការងារយុវជនរបស់គណបក្សកាន់អំណាច រៀបចំផែនការសកម្មភាពពង្រីកសមាជិកថ្មី ដោយការអូសទាញសមាជិកបក្សដទៃឱ្យគាំទ្របក្សកាន់អំណាច ដើម្បីយកឈ្នះការបោះឆ្នោតជាតិឆ្នាំ២០២៣។
រដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព លើកឡើងនៅក្នុងកម្មវិធីជួបជុំក្រុមការងារយុវជនបក្សប្រជាជនកម្ពុជា ក្នុងឃុំវាលម្លូ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នៅថ្ងៃទី២០ ខែមករា នេះថា សមាជិករបស់គណបក្សកាន់អំណាចទាំងអស់ត្រូវគោរពតាមគោលនយោបាយរបស់គណបក្ស និងត្រូវអូសទាញយុវជនបក្សដទៃឱ្យងាកមកគាំទ្របក្សប្រជាជនកម្ពុជា ដើម្បីយកឈ្នះការបោះឆ្នោតជាតិឆ្នាំ២០២៣ ខាងមុខនេះឱ្យបាន។
លោកអំពាវនាវឱ្យក្រុមការងារយុវជនគ្រប់ជាន់ថ្នាក់ក្នុងឃុំវាលម្លូ ពង្រឹងនិងខិតខំអនុវត្តនូវរចនាសម្ព័ន្ធដឹកនាំផែនការសកម្មភាពការងារពង្រីកសមាជិកបក្ស ទាំងបរិមាណ និងគុណភាព ដោយរក្សាសមាជិកចាស់ និងបង្កើនសមាជិកថ្មីឱ្យកាន់តែច្រើនឡើងៗ។
សកម្មជនគណបក្សសង្គ្រោះជាតិ លោក ហ៊ុន កុសល ប្រាប់សារព័ត៌ មាន The Cambodia Daily នៅថ្ងៃទី២០ មករា នេះថា ការប្រើវិធីឃោសនាមុនការបោះឆ្នោតរបស់បក្សកាន់អំណាច គឺជាទម្លាប់អាក្រក់មួយរបស់អ្នកកាន់អំណាចនៅកម្ពុជាទៅហើយ ហើយពួកគេតែងយកអំណាចរដ្ឋទៅសង្កត់សង្កិនអ្នកដែលគ្មានអំណាច ដែលទង្វើបែបនេះគឺជារឿងអយុត្តិធម៌បំផុតសម្រាប់ពលរដ្ឋខ្មែរ ជាពិសេសសម្រាប់គណបក្សនយោបាយនានាដែលមានបំណងចូលរួមការបោះឆ្នោតជាតិនាពេលខាងមុខនេះ។
លោក ហ៊ុន កុសល លើកឡើងថា នៅពេលដែលសង្គមមួយមានអ្នកនៅពីលើច្បាប់ និងមានអ្នកនៅពីក្រោមច្បាប់ អ្នកមានអំណាចនឹងយកច្បាប់នោះមកបម្រើផលប្រយោជន៍របស់ពួកគេ។ លោកបន្ថែមថា ទោះពួកគេប្រព្រឹត្តខុសច្បាប់ក៏ដោយ ក៏គ្មាននរណាហ៊ានដាក់ទោសពួកគេទៅតាមផ្លូវច្បាប់នោះដែរ។
សកម្មជនបក្សប្រឆាំងរូបនេះបញ្ជាក់ថា នៅពេលដែលទង្វើរបស់បុគ្គលម្នាក់ដែលជាមន្ត្រីរាជការបម្រើឲ្យផលប្រយោជន៍គណបក្សនៅក្នុងម៉ោងបម្រើកិច្ចការងាររដ្ឋ វាគឺជាទង្វើរំលោភច្បាប់ ហើយក៏ជាអំពើពុករលួយកិបកេងពីរដ្ឋយ៉ាងធ្ងន់ធ្ងរផងដែរ ខណៈច្បាប់បានកំណត់ឲ្យមន្ត្រីរាជការរក្សាខ្លួនឲ្យនៅជាអព្យាក្រឹតទៅហើយនោះ។
មាត្រា៣៧ នៃច្បាប់ស្ដីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល ចែងថា មន្ត្រីរាជការត្រូវអព្យាក្រឹតក្នុងសកម្មភាពការងារ និងហាមឃាត់នូវការប្រើប្រាស់មុខងាររបស់ខ្លួន និងសម្ភារៈរបស់រដ្ឋដើម្បីបម្រើសកម្មភាពនយោបាយនានា។
ទាក់ទិននឹងបញ្ហានេះ ទិន្នន័យសង្គមស៊ីវិលបានចេញរបាយការណ៍របស់ខ្លួនកាលពីពេលថ្មីៗនេះថា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីតុលាការ ជាដើម បាននាំគ្នាធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោតឱ្យគណបក្សកាន់អំណាចចាប់តាំងពីដើមឆ្នាំ២០២៣។ អ្នកខ្លះទៀតត្រូវបានថ្នាក់ដឹកនាំតាមក្រសួង និងអង្គភាពនីមួយៗ បង្ខំឱ្យទៅឃោសនាឱ្យបក្សកាន់អំណាច ទាំងដែលពួកគេមិនចង់ទៅផងនោះ៕