ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន អះអាងថា ការបើកប្រាក់បៀវត្សឱ្យមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធតាមប្រព័ន្ធធនាគារ គឺដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយផង និងអាចការពារអំពីសុវត្ថិភាពនៃការដឹកជញ្ជូនប្រាក់សុទ្ធផងដែរ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ នេះថា នៅពេលដែលកម្ពុជាចាប់ផ្ដើមអនុវត្តការបើកប្រាក់បៀវត្សជូនមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធតាមប្រព័ន្ធធនាគារ រាជរដ្ឋាភិបាលបានរកឃើញមន្ត្រីខ្មោចរាប់ម៉ឺននាក់ដែលមានតែឈ្មោះក្នុងស្ថាប័ន តែមិនមានមនុស្សធ្វើការ។
មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន លើកឡើងថា ការបើកប្រាក់ខែរដ្ឋតាមធនាគារ គឺជាបច្ចេកវិទ្យាមួយក្នុងការប្រឆាំងអំពើពុករលួយដ៏មានប្រសិទ្ធភាពបំផុត ដូចជាការលុបបំបាត់មន្ត្រីខ្មោចតាមក្រសួងស្ថាប័នរដ្ឋជាដើម។ ជាងនេះទៀត គឺជាការកាត់បន្ថយពេលវេលាបានយ៉ាងច្រើន ដែលមិនតម្រូវឱ្យតំណាងអង្គភាព ឬស្ថាប័ននីមួយៗមកបើកលុយចេញពីធនាគារ ដើម្បីចែកចាយដល់បុគ្គលិកក្នុងស្ថាប័នរៀងខ្លួនដូចពេលមុន។
លោក ហ៊ុន សែន បញ្ជាក់ថា ការប្រើប្រាស់ប្រព័ន្ធឌីជីថល គឺអាចជំរុញល្បឿននៃដំណើរការឱ្យរហ័សផង និងដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយផងដែរ ដូចជាបញ្ហាបង់ពន្ធនានា គឺអាចបង់ពន្ធតាមប្រព័ន្ធអនឡាញ ដោយទូទាត់ថវិកាតាមធនាគារ ជាដើម។
នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី ធ្លាប់បានអះអាងកាលពីពេលកន្លងទៅថា យុទ្ធសាស្ត្រប្រឆាំងអំពើពុករលួយរបស់រដ្ឋាភិបាលមានចំណុចមួយចំនួនដំណើរការទៅដោយមានភាពប្រសើរ ប៉ុន្តែលោកថាសម្រាប់ការអនុវត្តច្បាប់នៅខ្សោយ និងមិនមានតម្លាភាព ចំណែកការបង្កើតច្បាប់សំខាន់ៗមួយចំនួនដែលចាំបាច់ក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ នៅមានភាពយឺតយ៉ាវនៅឡើយ។
លោក ប៉ិច ពិសី បន្ថែមថា នៅកម្ពុជា ការប្រព្រឹត្តអំពើពុករលួយខ្នាតតូចទាក់ទងនឹងការផ្តល់សេវាសាធារណៈតាមមូលដ្ឋានមានតិចជាងមុន ប៉ុន្តែសម្រាប់អំពើពុករលួយធំៗដែលពាក់ព័ន្ធនឹងបក្ខពួក សែស្រឡាយ ការឃុបឃិតគ្នារវាងអ្នកមានអំណាច អ្នកមានលុយ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនៅឡើយ។
ក្រុមអ្នកសង្កេតការណ៍លើកឡើងថា ភាពអសកម្មក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយនៅកម្ពុជា ធ្វើឱ្យមានបញ្ហារំលោភសិទ្ធិមនុស្សកាន់តែធ្ងន់ធ្ងរ និងធ្វើឱ្យលទ្ធិប្រជាធិបតេយ្យកាន់តែចុះខ្សោយ។ ជាងនេះទៀត នឹងកើតមានការរឹតត្បិតកាន់តែខ្លាំងឡើងៗ នៅពេលដែលសិទ្ធិ និងសេរីភាពទាំងនេះអន់ថយបន្តិចម្ដងៗ ហើយលទ្ធិប្រជាធិបតេយ្យក៏កាន់តែធ្លាក់ចុះ ដែលជាសញ្ញាមួយបង្ហាញឱ្យឃើញថា ការគ្រប់គ្រងបែបផ្ដាច់ការកាន់តែរីកធំធាត់ឡើងៗ ដែលរួមចំណែកដល់ការកើនឡើងនៃកម្រិតអំពើពុករលួយកាន់តែខ្ពស់ថែមទៀត។
កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ កន្លងទៅ អង្គការតម្លាភាពអន្តរជាតិ (Transparency International) បានលាតត្រដាងថា កម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ១៥៧ ក្នុងចំណោមប្រទេសចំនួន១៨០ នៅលើពិភពលោក ជុំវិញនៃការប្រព្រឹត្តអំពើពុករលួយកាលពីឆ្នាំ២០២១ ហើយចំណាត់ថ្នាក់នេះបានថយជាងឆ្នាំ២០២០ បន្តិច ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ចំណាត់ថ្នាក់លេខ១៥៧ នេះ នៅតែបង្ហាញថា កម្ពុជាគឺជាប្រទេសដែលមានកម្រិតពុករលួយអាក្រក់ជាងគេបំផុតក្នុងចំណោមប្រទេសទាំង ១០ នៃសមាគមអាស៊ាន៕