មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងអះអាងថា ការសម្រុះសម្រួលនយោបាយរវាងមេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន និងមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា គឺជាកម្លាំងចលករមួយនាំមកនូវភាពខ្លាំងក្លា និងរឹងមាំនៃនយោបាយការទូត និងសេដ្ឋកិច្ចនៅលើឆាកអន្តរជាតិទៅថ្ងៃអនាគតសម្រាប់ផលប្រយោជន៍របស់កម្ពុជា។
អតីតអ្នកទោសនយោបាយ និងជាមន្ត្រីជាន់ខ្ពស់បក្សប្រឆាំង លោក មាជ សុវណ្ណារ៉ា ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៦ កុម្ភៈ នេះថា អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា មានគុណតម្លៃការទូតខ្ពង់ខ្ពស់ ដោយសារតែលោកធ្លាប់បំពេញតួនាទីជាអតីតអ្នកតំណាងរាស្ត្រ អតីតប្រធានអង្គការសង្គមស៊ីវិល និងជាមេដឹកនាំកំពូលនៃបក្សជំទាស់ក្នុងរដ្ឋសភា ក្នុងការសាបព្រោះគោលការណ៍ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស និងទៅរកការអនុវត្តនីតិរដ្ឋនៅក្នុងរបបសេរីពហុបក្សចាប់តាំងពីឆ្នាំ១៩៩៣ មក។
លោក មាជ សុវណ្ណារ៉ា លើកឡើងថា មិនថាប្រមុខការទូត ប្រមុខរដ្ឋាភិបាល ឬប្រមុខរដ្ឋនៃសហគមន៍អន្តរជាតិទេ នៅពេលដែលពួកគេមានជំនួបផ្លូវរដ្ឋជាមួយលោក ហ៊ុន សែន ពួកគេតែងតែទទូចចង់ឃើញរដ្ឋាភិបាលកម្ពុជាបើកលំហឲ្យមានលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សឲ្យបានពេញលេញ មិនថាសិទ្ធិនយោបាយ សិទ្ធិបញ្ចេញមតិ សិទ្ធិនៃរបបសារព័ត៌មានសេរី សិទ្ធិសង្គមស៊ីវិល និងសិទ្ធិការងារ ជាដើម ជាពិសេសគឺសិទ្ធិសេរីភាពរបស់លោក កឹម សុខា ឱ្យអាចចូលរួមការបោះឆ្នោតខាងមុខនេះផងដែរ។
កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ ប្រធានគណបក្សសង្គ្រោះជាតិដែលកំពុងរងការគាបសង្កត់ គឺលោក កឹម សុខា បានសរសេរលើទំព័រហ្វេសប៊ុករបស់លោក ក្រោយជួបពិភាក្សាការងារជាមួយប្រធានាធិបតី និងគណៈប្រតិភូសហព័ន្ធអាល្លឺម៉ង់ ដែលទៅធ្វើទស្សនកិច្ចផ្លូវការនៅប្រទេសកម្ពុជា កាលពីថ្ងៃទី១៥ កុម្ភៈ នេះថា ប្រធានាធិបតី រដ្ឋាភិបាល និងរដ្ឋសភាសហព័ន្ធអាល្លឺម៉ង់ ក៏ដូចជាសហភាពអឺរ៉ុប និងសហគមន៍អន្តរជាតិ កំពុងតាមដានលើសិទ្ធិសេរីភាពរបស់លោកយ៉ាងខ្លាំង ស្របពេលដែលការបោះឆ្នោតជាតិឆ្នាំ២០២៣ នៅកម្ពុជាកាន់តែខិតជិតចូលមកដល់ទៅហើយនោះ។
មេដឹកនាំបក្សប្រឆាំងដែលកំពុងរងនូវការរឹតត្បិតសេរីភាព លោក កឹម សុខា បានសម្ដែងនូវអំណរគុណចំពោះប្រធានាធិបតីនៃសហព័ន្ធអាល្លឺម៉ង់ លោក ហ្វ្រាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ (Frank-Walter Steinmeier) និងរដ្ឋាភិបាលអាល្លឺម៉ង់ ដែលនៅតែបន្តផ្តល់តម្លៃដល់រូបលោកដែលកំពុងតស៊ូដោយអហិង្សា និងដោយការអត់ធ្មត់ ដើម្បីបុព្វហេតុលើកស្ទួយសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យរហូតមក។
កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ ប្រធានាធិបតីនៃសហព័ន្ធអាល្លឺម៉ង់ លោក ហ្វ្រាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ (Frank-Walter Steinmeier) និងគណៈប្រតិភូជាច្រើននាក់ បានធ្វើដំណើរទៅទស្សនកិច្ចនៅកម្ពុជា ដើម្បីពិភាក្សាការងារជាមួយប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន ក្នុងនោះប្រធានាធិបតី និងគណៈប្រតិភូសហព័ន្ធអាល្លឺម៉ង់ ក៏ឆ្លៀតឱកាសជួបជាមួយប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដែលកំពុងរងនូវការរឹតត្បិតសិទ្ធិសេរីភាពពីមេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន ផងដែរ។
ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវបានតុលាការក្រុងភ្នំពេញដាក់ឱ្យស្ថិតក្រោមការតាមដានរបស់តុលាការតាំងពីឆ្នាំ២០១៩ មក បន្ទាប់ពីលោកត្រូវបានអាជ្ញាធរក្រុងភ្នំពេញចាប់ឃុំខ្លួនកាលពីឆ្នាំ២០១៧ កន្លងទៅ ពីបទក្បត់ជាតិ ដែលនឹងត្រូវប្រកាសសាលក្រមនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ។
កាលពីចុងឆ្នាំ២០២២ តំណាងសហភាពអឺរ៉ុប បានទាមទារឱ្យរដ្ឋាភិបាលកម្ពុជាបើកលំហឱ្យមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា អាចចូលរួមការបោះឆ្នោតជាតិឆ្នាំ២០២៣ ឡើងវិញ ដើម្បីធានាការបោះឆ្នោតមួយដែលប្រកបទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។
យ៉ាងណាក៏ដោយ កាលពីអំឡុងខែកញ្ញា ឆ្នាំ២០២០ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅវិមានសន្តិភាព មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន បានអះអាងថា ករណីលោក កឹម សុខា អាចនឹងត្រូវពន្យារពេល ៤ឆ្នាំទៀត គឺត្រូវពន្យាររហូតដល់ក្រោយការបោះឆ្នោតជាតិក្នុងឆ្នាំ២០២៣ រួច៕