អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល លោក ស៊ីន ចាន់សិរីវុត្ថា អះអាងថា គម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរថ្មី នឹងបញ្ចប់ការសាងសង់ទាំងស្រុងនៅក្នុងដំណាច់ខែមីនា នេះ ខណៈអាកាសយានដ្ឋានសៀមរាបអង្គរចាស់ នឹងត្រូវបិទជាស្ថាពរនៅចុងឆ្នាំ២០២៣ ខាងមុខនេះ។
អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល លោក ស៊ីន ចាន់សិរីវុត្ថា អះអាងនៅថ្ងៃពុធ ទី៨ មីនា នេះថា គម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរថ្មី កំពុងត្រៀមធ្វើតេស្ដសាកល្បងនៅអំឡុងខែឧសភា ឬខែមិថុនា ឆ្នាំ២០២៣ នេះ ដើម្បីឈានទៅដាក់ឲ្យដំណើរការជាផ្លូវការនៅខែតុលា ខាងមុខ ខណៈការសាងសង់ដំណើរការបាន ៨៥ភាគរយហើយនៅពេលនេះ។
លោក ស៊ីន ចាន់សិរីវុត្ថា អះអាងថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរថ្មី ជាប្រភេទអាកាសយានដ្ឋានអន្តរជាតិលំដាប់ថ្នាក់ 4E ដែលអាចទទួលការចុះចតយន្តហោះប្រភេទធំ និងមកពីឆ្ងាយៗ ព្រមទាំងទទួលអ្នកដំណើរបានពី ៧លាននាក់ទៅ ១០លានក្នុងមួយឆ្នាំ និងមានឃ្លាំងផ្ទុកទំនិញបានរហូតដល់ ១០លានតោនផងដែរ។
អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលរូបនេះបញ្ជាក់ថា ទុននៃការសាងសង់អាកាសយានដ្ឋាននេះបានកើនឡើងដល់ជាង ១១០០លានដុល្លារសហរដ្ឋអាមេរិកហើយ ដោយសារតែវិបត្តិផ្សេងៗបានធ្វើឱ្យតម្លៃសាងសង់កើនឡើងលើសតម្លៃដែលបានគ្រោងទុកពីដំបូង ក្រោមទុនវិនិយោគប្រមាណ ៨៨០លានដុល្លារសហរដ្ឋអាមេរិកនោះ។
អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរថ្មី បានចាប់ផ្តើមសាងសង់កាលពីខែមីនា ឆ្នាំ២០២០ ដោយក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd (AIAI) លើផ្ទៃដីប្រមាណ ៧០០ហិកតារ ស្ថិតនៅក្នុងភូមិក្រៀលពង ឃុំពពេល និងភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលមានចម្ងាយប្រមាណ ៥០គីឡូម៉ែត្រពីទីប្រជុំជនក្រុងសៀមរាប និងមានចម្ងាយ ៤០គីឡូម៉ែត្រពីរមណីយដ្ឋានអង្គរ។
ដោយឡែកអាកាសយានដ្ឋានសៀមរាបអង្គរចាស់ដែលកំពុងដំណើរការសព្វថ្ងៃ ជាការវិនិយោគដោយក្រុមហ៊ុនសម្បទានព្រលានយន្តហោះនៃប្រទេសបារាំង Société Concessionaire de l’Aéroport (SCA) ដែលមានសិទ្ធិគ្រប់គ្រងព្រលានយន្តហោះទាំង៣ គឺភ្នំពេញ សៀមរាប និងខេត្តព្រះសីហនុ រហូតដល់ឆ្នាំ២០៤០ ជាមួយនឹងក្រុមហ៊ុនម៉ាឡេស៊ី Muhbbah Masteron ដោយមានការខ្ចីបុលពីសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ International Finance Corporation (IFC) ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជាកំពុងបង្កើតគណៈកម្មការចរចាមួយជាមួយក្រុមហ៊ុនបារាំង ដើម្បីសម្របសម្រួលបញ្ចប់កិច្ចសន្យាមុនកាលកំណត់។
គេមន្ទិលសង្ស័យពីដើមទីថា រាជរដ្ឋាភិបាលនឹងប្រគល់សម្បទានអាកាសយានដ្ឋានជាតិទៅឲ្យក្រុមហ៊ុនចិនវិញ។
ការសង្ស័យមិនខុសមែន។ ក្នុងពិធីចុះត្រួតពិនិត្យសំណង់អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសដកសិទ្ធិគ្រប់គ្រងព្រលានយន្តហោះនៅខេត្តសៀមរាប ពីក្រុមហ៊ុនបារាំង ហើយប្រគល់សិទ្ធិវិនិយោគទាំងស្រុងឲ្យទៅក្រុមហ៊ុនចិន គ្រប់គ្រងរយៈពេល ៥៥ឆ្នាំ ដែលមានទុនជាង ៨០០លានដុល្លារសហរដ្ឋអាមេរិកជំនួសវិញ។
លោក ហ៊ុន សែន អះអាងថា បច្ចុប្បន្ននេះព្រលានយន្តហោះក្នុងខេត្តសៀមរាប ដែលកំពុងដំណើរការគ្រប់គ្រងដោយក្រុមហ៊ុនបារាំង ប៉ុន្តែកម្ពុជានឹងផ្ទេរសិទ្ធិគ្រប់គ្រងទៅឲ្យចិនគ្រប់គ្រងជំនួសវិញ ព្រោះថាការវិនិយោគជាមួយចិន គឺប្រៀបដូចជាចិនមានម្សៅស្ទើរតែទាំងស្រុងសម្រាប់ធ្វើនំឲ្យខ្មែរហូប ខណៈកម្ពុជាមានត្រឹមតែដីសម្រាប់ការសាងសង់ព្រលានយន្តហោះនេះតែប៉ុណ្ណោះ។
កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៦ ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានចេញសេចក្តីសម្រេចឲ្យបង្កើតគណៈកម្មការចរចាជាមួយក្រុមហ៊ុន SCA របស់បារាំង ដើម្បីបញ្ចប់កិច្ចសន្យាសម្បទានមុនពេលកំណត់ក្នុងការប្រតិបត្តិការអាជីវកម្មលើព្រលានយន្តហោះអន្តរជាតិសៀមរាបបច្ចុប្បន្ន ដើម្បីទូទាត់សំណងដល់ក្រុមហ៊ុននោះ ដោយបង្វែរការគ្រប់គ្រងនេះទៅឱ្យចិនជាអ្នកគ្រប់គ្រងជំនួសវិញទៅថ្ងៃមុខ។
ទាក់ទិននឹងបញ្ហានេះ មន្ត្រីជាន់ខ្ពស់នៃអង្គការក្រៅរដ្ឋាភិបាល លោក ស៊ឹង សែនករុណា ធ្លាប់បានលើកឡើងកាលពីពេលកន្លងទៅថា ក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ប្រទេសបារាំងបានបោះទុនវិនិយោគលើវិស័យអាកាសចរណ៍នៅប្រទេសកម្ពុជាមុនគេ ខណៈចិនមិនបានជួយខ្មែរទេនៅពេលនោះ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ ចិនបានសម្រុកជួយប្រទេសកម្ពុជាយ៉ាងច្រើន ជាពិសេសតាមរយៈនៃការផ្តល់ប្រាក់បុលនានា ដែលធ្វើឱ្យប្រទេសលោកសេរីព្រួយបារម្ភយ៉ាងខ្លាំងបន្ទាប់ពីគេមើលឃើញថា ប្រទេសកម្ពុជាហាក់ដូចជាងាកទៅមហាអំណាចកុម្មុយនីស្តនាពេលចុងក្រោយនេះ។
ចំណែកនាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ (CENTRAL) លោក មឿន តុលា ក៏ធ្លាប់បានសម្ដែងការព្រួយបារម្ភដែរថា ប្រសិនបើការសាងសង់ព្រលានយន្តហោះនេះជាប្រាក់ខ្ចីចិន ហើយផ្តល់សិទ្ធិឱ្យចិនកាន់កាប់ប្រមូលផលប្រយោជន៍តាមទំនើងចិត្តនៅពេលដាក់ដំណើរការនោះ គឺមានន័យថា ចិនកំពុងធ្វើស្រែលើខ្នងខ្មែរយ៉ាងពិតប្រាកដ។
ក្រុមអ្នកសង្កេតការណ៍លើកឡើងថា ការដាក់វិនិយោគរបស់ចិនលើអាកាសយានដ្ឋានថ្មីនេះ មិនបានផ្តល់ផលប្រយោជន៍សម្រាប់ប្រទេសកម្ពុជា និងពលរដ្ឋខ្មែរនោះទេ ព្រោះថាបើគិតលើចំណូលរបស់ពលរដ្ឋខ្មែរដែលទទួលបានពីការធ្វើកម្មករ និងការលក់ដូរអីវ៉ាន់បន្តិចបន្តួចនៅក្នុងវាលយន្តហោះថ្មីនេះ គឺទទួលបានផលតិចតួចណាស់ បើប្រៀបធៀបទៅនឹងក្រុមហ៊ុនចិនដែលត្រូវប្រមូលលុយពីសេវាកម្មទេសចរណ៍ដែលចូលមកអាកាសយានដ្ឋានថ្មីនេះក្នុងរយៈពេល ៥៥ឆ្នាំនោះ ខណៈអ្នកប្រកបអាជីវកម្មធំៗសុទ្ធសឹងតែជាឈ្មួញចិនទាំងអស់៕