គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប. និងក្រសួងមហាផ្ទៃ ទៅទស្សនកិច្ចនៅបារាំង ដើម្បីរកមធ្យោបាយគាំទ្រការរៀបចំការបោះឆ្នោតនៅពេលខាងមុខ ខណៈបារាំងបន្តទាមទារឲ្យកម្ពុជាបើកលំហដល់បក្សប្រឆាំង ប្រព័ន្ធផ្សព្វផ្សាយ និងសង្គមស៊ីវិល។
បើតាមស្ថានទូតបារាំងប្រចាំប្រទេសកម្ពុជា បានសរសេរលើហ្វេសប៊ុកនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ថា គណៈប្រតិភូមួយក្រុមនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងក្រសួងមហាផ្ទៃកម្ពុជា បានទស្សនកិច្ចទៅទីក្រុងប៉ារីស៍ កាលពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមីនា ក្រោយពីសំណើរបស់ប្រធានាធិបតីបារាំង។
ប្រភពដដែលថា ដំណើរទស្សនកិច្ចនេះដើម្បីស្វែងរកមធ្យោបាយគាំទ្រប្រទេសកម្ពុជាក្នុងការរៀបចំការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ខណៈប្រទេសបារាំងបានផ្តល់សារសំខាន់ដល់ការបោះឆ្នោតដែលប្រព្រឹត្តទៅដោយគោរព តាមគោលដៅនៃប្រជាធិបតេយ្យពហុបក្ស និងសេរីភាពជាមូលដ្ឋានដែលមានចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជា។
មួយវិញទៀត ដំណើរទស្សនកិច្ចខាងលើធ្វើឡើងសម្រាប់គណៈប្រតិភូកម្ពុជាឈ្វេងយល់អំពីការរៀបចំការបោះឆ្នោតកម្រិតមូលដ្ឋាន និងការបោះឆ្នោតជាតិ វិធានដែលគ្រប់គ្រងការបែងចែកដ៏ត្រឹមត្រូវនៃពេលវេលាថ្លែងសម្រាប់បេក្ខជន និងគណបក្ស និងគ្រប់គ្រងវិវាទពាក់ព័ន្ធនឹងការបោះឆ្នោត។
ក្នុងដំណើរទស្សនកិច្ចនេះ ដើម្បីចែករំលែកបទពិសោធន៍របស់ប្រទេសបារាំង និងការបន្តកិច្ចសន្ទនាចាំបាច់ជាមួយអាជ្ញាធរកម្ពុជា ក្នុងគោលបំណងជំរុញឲ្យមានការបង្កើតនូវបរិយាកាសបោះឆ្នោតដែលអនុញ្ញាតឲ្យបក្សប្រឆាំង ប្រព័ន្ធផ្សព្វផ្សាយ និងសង្គមស៊ីវិល ដំណើរការដោយគ្មានការរារាំង ដែលជាលក្ខខណ្ឌចាំបាច់នៃការប្រព្រឹត្តទៅនៃការបោះឆ្នោតដោយត្រឹមត្រូវ សេរី និងប្រកបដោយតម្លាភាព។
ពាក់ព័ន្ធនឹងរឿងការបោះឆ្នោតថ្នាក់ជាតិកាលពីថ្ងៃទី១៧ ខែមីនា នេះ សភាអឺរ៉ុបអនុម័តជាផ្លូវការសេចក្តីសម្រេចថ្មីមួយព្រមានដកប្រព័ន្ធអនុគ្រោះពន្ធ «គ្រប់មុខទំនិញទាំងអស់លើកលែងតែអាវុធ» (EBA) ពីកម្ពុជា ប្រសិនបើការបោះឆ្នោតជាតិខែកក្កដា ខាងមុខប្រព្រឹត្តទៅមិនស្របតាមស្តង់ដារអន្តរជាតិ ឬប្រសិនបើនៅតែមានការបន្តរំលោភសិទ្ធិមនុស្ស ខណៈខែសីហា ឆ្នាំ២០២០ សហភាពអឺរ៉ុបបានដកប្រព័ន្ធអនុគ្រោះពន្ធ EBA ២០% ពីកម្ពុជា លើតម្លៃទំនិញនាំចូលទៅទីផ្សារអឺរ៉ុបជាង ១ពាន់លានដុល្លារ។
បើតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកាលពីឆ្នាំមុន បានកំណត់យកថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ជាកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា៕