ក្រុមអ្នកសង្កេតការណ៍លើកឡើងថា អស់រយៈពេល ៣០ឆ្នាំហើយចាប់ពីរដ្ឋធម្មនុញ្ញត្រូវបានបង្កើតឡើង និងដាក់ឱ្យប្រើប្រាស់តាំងពីឆ្នាំ១៩៩៣ មក គួរតែធ្វើការវាយតម្លៃម្តងពីការដឹកនាំរបស់រដ្ឋាភិបាល ថាតើរដ្ឋាភិបាលដែលដឹកនាំកន្លងមកបានធ្វើប្រយោជន៍អ្វីខ្លះ និងបានច្រើនប៉ុនណាសម្រាប់ប្រទេសជាតិ និងប្រជាពលរដ្ឋរបស់ខ្លួន។
អ្នកវិភាគនយោបាយ និងសង្គម បណ្ឌិត ឡៅ ម៉ុងហៃ សរសេរលើគណនីហ្វេសប៊ុករបស់លោកនៅថ្ងៃទី៣ ឧសភា នេះថា ការវាយតម្លៃពីការដឹកនាំរបស់រដ្ឋាភិបាលដែលបានដឹកនាំអស់រយៈពេល ៣០ឆ្នាំមកនេះ គឺដើម្បីឱ្យដឹងថា តើរដ្ឋាភិបាលបានចំណាយធនធានជាតិ ដូចជាធនធានមនុស្ស ធនធានលុយកាក់ និងធនធានសម្ភារៈអស់ច្រើនប៉ុនណាសម្រាប់ការដឹកនាំរបស់ខ្លួន។
បណ្ឌិត ឡៅ ម៉ុងហៃ លើកជាសំណួរថា៖
- តើរដ្ឋាភិបាលបានបង្កើតឱ្យមានការងារមានប្រយោជន៍សម្រាប់ពលរដ្ឋគ្រប់គ្នាធ្វើ ៨ម៉ោងក្នុង ១ថ្ងៃៗបានហើយឬនៅ?
- តើការងារដែលរដ្ឋាភិបាលបង្កើតមកសព្វថ្ងៃនេះ មានប្រសិទ្ធភាពជួយជីវភាពរស់នៅ និងសុខមាលភាពរបស់ពលរដ្ឋបានដល់កម្រិតណាដែរ?
- ក្រៅពីការបង្កើតការងារសម្រាប់ពលរដ្ឋ តើរដ្ឋាភិបាលបានជួយដោះស្រាយបញ្ហាសង្គមបានដល់ត្រឹមកម្រិតណាហើយនៅពេលដែលប្រជាពលរដ្ឋមានបញ្ហា ដូចជាកម្មករ កសិករ និងបញ្ហាទូទៅ ដូចជាការរំលោភដីធ្លី ជាដើមនោះ?
បណ្ឌិត ឡៅ ម៉ុងហៃ សង្កត់ធ្ងន់ថា បញ្ហាដែលធំជាងគេសម្រាប់ការវាយតម្លៃនេះ គឺដើម្បីឱ្យដឹងផងដែរថា តើរដ្ឋាភិបាលដែលបានដឹកនាំប្រទេសក្រោមរដ្ឋធម្មនុញ្ញអស់រយៈពេល ៣០ឆ្នាំមកនេះ បានថែរក្សាភោគទ្រព្យជាតិ និងបូរណភាពទឹកដីរបស់ខ្លួនបានពេញលេញកម្រិតណាហើយនៅពេលនេះ។
ការអះអាងនេះ ធ្វើឡើងស្របពេលដែលគេមើលឃើញថា កម្ពុជាក្រោមការដឹកនាំរបស់បក្សកាន់អំណាចសព្វថ្ងៃនេះ កំពុងតែបំផ្លាញប្រទេសកម្ពុជាគ្រប់រូបភាព និងគ្រប់ទម្រង់ទាំងអស់។
កម្ពុជាក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ចាប់តាំងពីលោក ហ៊ុន សែន ត្រូវបានវៀតណាមលើកបន្តុបជានាយករដ្ឋមន្ត្រីឱ្យដឹកនាំប្រទេសកម្ពុជាជាង ៤០ឆ្នាំមកនេះ ត្រូវគេមើលឃើញថា កម្ពុជាត្រូវបានធ្លាក់ទៅជាឧបករណ៍សម្រាប់ប្រើប្រាស់ ដើម្បីបម្រើផលប្រយោជន៍នយោបាយ និងអំណាចរបស់លោក ហ៊ុន សែន តែប៉ុណ្ណោះ។
ជាក់ស្តែង ដើម្បីទទួលបានការជ្រោមជ្រែងពីវៀតណាម ឱ្យខ្លួនអាចកាន់អំណាចជានាយករដ្ឋមន្ត្រីដល់ពេលនេះ លោក ហ៊ុន សែន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងខុសច្បាប់កាត់ទឹកដីឱ្យវៀតណាមរាប់មិនអស់ ដែលធ្វើឱ្យប្រទេសកម្ពុជាបាត់បង់នូវអធិបតេយ្យជាតិ និងឯករាជភាពរបស់ខ្លួនស្ទើរតែទាំងស្រុងទៅហើយនៅពេលនេះ។
ក្រៅពីចុះហត្ថលេខាកាត់ទឹកដីឱ្យបរទេសឈ្លានពានដើម្បីអំណាច លោក ហ៊ុន សែន បានបើកដៃឱ្យពួកឧកញ៉ាដែលរកស៊ីខុសច្បាប់ប្រមូលលុយឱ្យគ្រួសារហ៊ុន ដោយការប្រព្រឹត្តបទល្មើសគ្រប់បែបយ៉ាងតាមរយៈនៃការបង្កើតមុខរបរខុសច្បាប់នានា ដូចជាការប្រព្រឹត្តអំពើជួញដូរមនុស្ស ការលាងលុយកខ្វក់ និងការកាប់បំផ្លាញព្រៃឈើ ព្រមទាំងលក់ដីរដ្ឋក្នុងតំបន់អភិរក្សឱ្យក្រុមឯកជន ដើម្បីប្រមូលលុយធ្វើជាទ្រព្យសម្បត្តិផ្ទាល់ខ្លួនថែមទៀត។
រយៈពេល ៣០ឆ្នាំបន្ទាប់ពីកម្ពុជាមានរដ្ឋធម្មនុញ្ញ លោក ហ៊ុន សែន បានរំលោភច្បាប់កំពូលមួយនេះជាបន្តបន្ទាប់ និងបានកែប្រែខ្លឹមសារនៃច្បាប់នេះ ដែលជាច្បាប់មួយធានានូវផលប្រយោជន៍ជាតិ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋ រួមទាំងសិទ្ធិនានាផងនោះ ទៅជាច្បាប់មួយដែលបម្រើផលប្រយោជន៍ និងការពារអំណាចឱ្យមេដឹកនាំដែលរំលោភសិទ្ធិមនុស្ស និងជាន់ឈ្លីលទ្ធិប្រជាធិបតេយ្យទៅវិញ។
កាន់តែធ្ងន់ទៀតនោះ នៅពេលដែលមានការតវ៉ាពីប្រជាពលរដ្ឋ លោក ហ៊ុន សែន តែងតែបញ្ជាឱ្យអាជ្ញាធរក្រោមបង្គាប់របស់ខ្លួនចាប់ពលរដ្ឋស្លូតត្រង់ដាក់គុក ដោយចោទប្រកាន់ពីបទផ្សេងៗទៅតាមច្បាប់ដែលរដ្ឋាភិបាលរបស់គាត់បានបង្កើតឡើង ដើម្បីគាបសង្កត់ និងបំបិទសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋរហូតមក។
ជុំវិញបញ្ហានេះ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ អតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី បានលើកឡើងថា ប្រទេសកម្ពុជាបានក្លាយទៅជាឋានសួគ៌ដ៏សុខសាន្តសម្រាប់ក្រុមចោរ និងឧក្រិដ្ឋជនគ្រប់ប្រភេទដែលមករស់នៅក្រោមការការពារពីរដ្ឋអំណាចពុករលួយ ដែលកំពុងដឹកនាំដោយលោក ហ៊ុន សែន ដែលពួកគេអាចប្រព្រឹត្តអំពើទុច្ចរិតខុសច្បាប់តាមអំពើចិត្តគ្រប់បែបយ៉ាងបច្ចុប្បន្ននេះ។
លោក សម រង្ស៊ី លើកឡើងថា រយៈពេល ៣៨ឆ្នាំដែលមេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រី បានបន្សល់ទុកនូវបញ្ហាដ៏ធ្ងន់ធ្ងរសម្រាប់ប្រទេសកម្ពុជា ក្នុងនោះវិស័យសេដ្ឋកិច្ចជំពាក់បំណុលបរទេសវ័ណ្ឌក វិស័យសង្គមពោរពេញអំពើជួញដូរមនុស្ស និងការលាងលុយកខ្វក់ ជាដើម ខណៈរបបនយោបាយ គឺដឹកនាំតាមរបប ហ្វាស៊ីស ថែមទៀត។
ទាក់ទិននឹងបញ្ហានេះ អង្គការគម្រោងយុត្តិធម៌ពិភពលោក បានបន្តដាក់កម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់ទាបដដែល ឲ្យឈរក្នុងលេខរៀងទី១៣៩ ក្នុងចំណោម ១៤០ប្រទេសដែលមាននីតិរដ្ឋទាបបំផុតកាលពីអំឡុងខែតុលា ឆ្នាំ២០២២ កន្លងទៅ ដោយសារតែគេរកឃើញថា ការដឹកនាំរបស់រដ្ឋាភិបាលកម្ពុជាគ្មានតម្លាភាព មានការគំរាមកំហែងសិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋ និងការមិនធានាបាននូវប្រព័ន្ធយុត្តិធម៌របស់ខ្លួន ជាដើម៕