អតីតមេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី លើកឡើងថា ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ គឺជាខួប ៣០ឆ្នាំនៃការបោះឆ្នោតដែលរៀបចំដោយអង្គការសហប្រជាជាតិ ឬអ៊ុនតាក់ ដែលជាការបោះឆ្នោតដ៏ត្រឹមត្រូវមួយ បានធ្វើឱ្យគណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន ចាញ់ឆ្នោតយ៉ាងអាម៉ាស់។
អតីតមេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី បានសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ ថា ការបោះឆ្នោតដែលរៀបចំដោយអង្គការសហប្រជាជាតិក្នុងឆ្នាំ១៩៩៣ មានលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌យ៉ាងពេញលេញ និងពិតប្រាកដ ផ្ទុយស្រឡះពីការបោះឆ្នោតដែលរៀបចំដោយរដ្ឋាភិបាលលោក ហ៊ុន សែន ដែលតែងលួចបន្លំ និងប្លន់សន្លឹកឆ្នោតគ្រប់ៗអាណត្តិនៅពេលដែលអ៊ុនតាក់បានដកចេញពីប្រទេសកម្ពុជា។
អតីតមេដឹកនាំបក្សប្រឆាំងរូបនេះបញ្ជាក់ថា ដំណើរការនៃការបោះឆ្នោតចាប់តាំងពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០២៣ នេះ សុទ្ធតែជាការបោះឆ្នោតក្លែងក្លាយទាំងអស់ ព្រោះថាដើម្បីប្លន់អំណាចពីប្រជារាស្ត្រ មេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន តែងតែបំភ្លៃ និងក្បត់ឆន្ទៈរាស្ត្រជានិច្ច តាមរយៈនៃការរៀបចំឲ្យមានការបោះឆ្នោតក្លែងក្លាយ ដែលគាត់ជាអ្នកបញ្ជាគ្រប់បែបយ៉ាងតាមទំនើងចិត្តក្នុងចេតនាដើម្បីរក្សាអំណាច។
ចាប់តាំងពីឆ្នាំ១៩៩៣ រហូតដល់ឆ្នាំ២០១៨ កន្លងទៅ កម្ពុជាបានរៀបចំឱ្យមានការបោះឆ្នោតជាតិចំនួន ៦លើករួចមកហើយ ប៉ុន្តែការបោះឆ្នោតដែលគេចាត់ទុកថាត្រឹមត្រូវនោះ គឺមានតែការបោះឆ្នោតដែលរៀបចំដោយអង្គការសហប្រជាជាតិនៅអាណត្តិទី១ ឆ្នាំ១៩៩៣ ប៉ុណ្ណោះ ក្រៅពីនេះ ដូចជាអាណត្តិទី២ ឆ្នាំ១៩៩៨ អាណត្តិទី៣ ឆ្នាំ២០០៣ អាណត្តិទី៤ ឆ្នាំ២០០៨ អាណត្តិទី៥ ឆ្នាំ២០១៣ និងអាណត្តិទី៦ ឆ្នាំ២០១៨ សុទ្ធសឹងតែជាការបោះឆ្នោតដែលលួចបន្លំសន្លឹកឆ្នោតដោយគណបក្សប្រជាជនកម្ពុជាគ្រប់អាណត្តិទាំងអស់។
ទាក់ទិននឹងបញ្ហានេះ តំណាងរាស្ត្រអតីតគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន បានលើកឡើងកាលពីពេលថ្មីៗនេះថា មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន ជាជនផ្ដាច់ការដែលក្តោបក្តាប់អំណាចមិនស្របតាមច្បាប់នៃការបោះឆ្នោតដោយសេរី និងយុត្តិធម៌នោះទេ ដូចជាការបោះឆ្នោតឆ្នាំ១៩៩៣ ដែលរៀបចំដោយអ៊ុនតាក់ លោក ហ៊ុន សែន បានចាញ់ឆ្នោត ប៉ុន្តែគាត់បែរជាគំរាមបង្កើតតំបន់អបគមន៍ដើម្បីតថ្លៃយកតំណែងជានាយករដ្ឋមន្ត្រីទី២ ទៅវិញ។
លោក អ៊ុំ សំអាន លើកឡើងថា លោក ហ៊ុន សែន ខ្លាចបរាជ័យក្នុងការបោះឆ្នោតជាតិអាណត្តិទី២ ឆ្នាំ១៩៩៨ គាត់បានធ្វើរដ្ឋប្រហារកម្ទេចគណបក្សហ៊្វុនស៊ិនប៉ិច នៅឆ្នាំ១៩៩៧ ដោយឡែកនៅឆ្នាំ២០១៣ ដើម្បីឈ្នះឆ្នោត លោក ហ៊ុន សែន បានបញ្ជាឱ្យផ្តាច់ចរន្តអគ្គិសនីពេលកំពុងរាប់សន្លឹកឆ្នោតផងដែរ ដែលទង្វើនេះគឺជាសកម្មភាពលួចសន្លឹកឆ្នោតដ៏មិនអាចប្រកែកបាន។
ជាងនេះទៀត ព្រោះតែខ្លាចចាញ់ការបោះឆ្នោតជាតិឆ្នាំ២០១៨ លោក ហ៊ុន សែន បានបញ្ជាឱ្យតុលាការតេឡេរបស់លោករំលាយគណបក្សសង្គ្រោះជាតិនៅឆ្នាំ២០១៧ ដើម្បីកុំឱ្យបក្សនេះអាចចូលរួមការបោះឆ្នោតឆ្នាំ២០១៨ និងព្យាយាមបិទសារព័ត៌មានឯករាជ្យទាំងអស់នៅកម្ពុជាថែមទៀត។
ទាក់ទិននឹងបញ្ហានេះ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ បណ្ដាញសហគមន៍ខ្មែរនៅក្រៅប្រទេសបានចាប់ផ្តើមធ្វើយុទ្ធនាការស្វែងរកហត្ថលេខាអ្នកគាំទ្រតាមប្រព័ន្ធអនឡាញលើញត្តិរបស់ពួកគេ ដើម្បីទាមទារឲ្យផ្អាកការបោះឆ្នោតជាតិនៅកម្ពុជាឆ្នាំ២០២៣ នេះក្រោមហេតុផលថា ការបោះឆ្នោតនេះគឺជាការបោះឆ្នោតដែលគ្មានតម្លាភាព គ្មានសេរី ត្រឹមត្រូវ និងយុត្តិធម៌ ព្រោះជាការបោះឆ្នោតមួយដែលពោរពេញដោយការគាបសង្កត់ពីបក្សកាន់អំណាចរបស់លោក ហ៊ុន សែន។
បណ្ដាញសហគមន៍ខ្មែរដែលមានមូលដ្ឋាននៅបរទេស អំពាវនាវឲ្យម្ចាស់ឆ្នោតទាំងអស់ពហិការមិនចូលរួមការបោះឆ្នោតនៅចុងខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ព្រោះថាដំណើរការនៃការបោះឆ្នោតដែលកំពុងរៀបចំដោយរដ្ឋាភិបាលលោក ហ៊ុន សែន នៅពេលនេះ កំពុងធ្វើឡើងផ្ទុយពីការណែនាំរបស់អង្គការសហប្រជាជាតិទាំងស្រុង។
ជុំវិញបញ្ហានេះ ស្ថានទូតបារាំងប្រចាំនៅកម្ពុជា បានលើកឡើងកាលពីពេលថ្មីៗនេះថា សេចក្តីថ្លែងការណ៍របស់សហភាពអឺរ៉ុប និងបារាំង នៅតែបន្តអំពាវនាវឱ្យកម្ពុជារៀបចំនូវការបោះឆ្នោតមួយដោយសេរី តម្លាភាព និងពហុបក្ស ស្របតាមខ្លឹមសារនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១ និងរដ្ឋធម្មនុញ្ញរបស់កម្ពុជា៕