ក្រុមអ្នកឃ្លាំមើលអះអាងថា ជំនួបរវាងលោក ហ៊ុន សែន ជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី មិនមានអ្វីជាអាថ៌កំបាំងទេ គ្រាន់តែជានយោបាយការទូតរបស់មេដឹកនាំអ៊ុយក្រែន បង្កើនមិត្ត ហើយកាត់បន្ថយសត្រូវនៅពេលដែលខ្លួនកំពុងមានសង្គ្រាមប៉ុណ្ណោះ។
អ្នកវិភាគឯករាជ្យ និងជាប្រធានវេទិកាពលរដ្ឋ លោក គឹម សុខ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៣០ ឧសភា នេះថា អ្វីដែលប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី ចង់បានគឺជំហររបស់កម្ពុជានៅតែបន្តប្រកាន់ខ្ជាប់នូវគោលការណ៍ដែលមានចែងក្នុងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិនានា ដើម្បីប្រឆាំងរុស្ស៊ី ប៉ុណ្ណោះ។
លោក គឹម សុខ បញ្ជាក់ថា ភាពឆ្លាតវៃរបស់ប្រធានាធិបតីអ៊ុយក្រែន គឺអាចឲ្យកម្ពុជា និងចិន ដែលជាមិត្តរបស់រុស្ស៊ី អនុញ្ញាតឲ្យអ៊ុយក្រែន ចូលជាភាគីនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ និងការគាំទ្ររបស់កម្ពុជាចំពោះសំណើរបស់អ៊ុយក្រែន ដែលសុំចូលជាដៃគូសន្ទនាជាមួយអាស៊ាននាពេលនេះ ដែលមានន័យថា កិច្ចការធំៗផ្ទៃក្នុងមួយចំនួនរបស់អាស៊ានលាក់លៀមអ៊ុយក្រែនលែងបានតទៅហើយ ហើយក៏ជាអ្វីដែលលោក ហ្សេឡេនស្គី ចង់បានដែរ ដូច្នេះការប្រើនយោបាយការទូតដោយភាពទន់ភ្លន់ចំពោះកម្ពុជា គឺជារឿងចៀសមិនផុតនោះទេ។
កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានចេញសេចក្តីប្រកាសព័ត៌មានថា លោកបានជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី (VOLODYMYR ZELENSKYY) តាមទូរសព្ទជាលើកទី២ បន្ទាប់ពីមេដឹកនាំនៃប្រទេសទាំងពីរបានជួបគ្នាជាលើកដំបូងតាមទូរសព្ទកាលពីចុងឆ្នាំ២០២២ កន្លងទៅ ហើយក្នុងកិច្ចសន្ទនាតាមទូរសព្ទនៅពេលនេះ លោក ហ៊ុន សែន ក៏បានបញ្ជាក់បន្ថែមទៀតពីការបន្តគាំទ្រសំណើរបស់អ៊ុយក្រែន ចូលជាដៃគូសន្ទនាតាមវិស័យរបស់អាស៊ានផងដែរ។
ក្នុងសេចក្តីប្រកាសព័ត៌មានខាងលើបញ្ជាក់ថា ក្នុងជំនួបនេះ លោក ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាគោរព និងប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិជានិច្ច ក្នុងនោះមេដឹកនាំនៃប្រទេសទាំងពីរក៏បានសង្កត់ធ្ងន់អំពីមធ្យោបាយជាក់ស្តែងដើម្បីបញ្ចប់សង្គ្រាមរបស់អ៊ុយក្រែនថែមទៀត។
កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ហ៊ុន សែន បានជួបពិភាក្សាតាមទូរសព្ទជាមួយលោក Volodymyr Zelenskyy ម្តងរួចមកហើយ ដោយបញ្ជាក់ជំហរថា កម្ពុជាប្រកាន់ខ្ជាប់នូវការគោរពគោលការណ៍ដែលមានចែងក្នុងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ ប្រឆាំងនឹងការឈ្លានពាន ការគំរាម ឬការប្រើប្រាស់កម្លាំងលើអធិបតេយ្យភាព បូរណភាពដែនដីរបស់រដ្ឋឯករាជ្យ និងមិនគាំទ្រដល់ការបំបែករដ្ឋ ឬការទន្ទ្រានយកទឹកដីពីប្រទេសដទៃឡើយ ហើយកម្ពុជាក៏បានបោះឆ្នោតគាំទ្រសេចក្តីសម្រេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិ ដើម្បីជំរុញឱ្យរុស្ស៊ី បញ្ឈប់ការឈ្លានពាន និងដកទ័ពចេញពីអ៊ុយក្រែន ប៉ុន្តែនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២ កម្ពុជាក៏បានបោះឆ្នោតអនុប្បវាទជាមួយប្រទេស ៥៨ ផ្សេងទៀត ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ ដើម្បីព្យួរប្រទេសរុស្ស៊ី ពីសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិទៅវិញ។
មាត្រា២ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ចែងថា ក្នុងកិច្ចប្រាស្រ័យទាក់ទងអន្តរជាតិ សមាជិកនៃអង្គការសហប្រជាជាតិ ត្រូវចៀសវាងការពឹងផ្អែកលើការគំរាមកំហែងតាមរបៀបណាមួយពីសមាជិកដទៃដែលមិនស្របនឹងវត្ថុបំណងនៃអង្គការសហប្រជាជាតិ។
ក្រុមអ្នកសង្កេតការណ៍លើកឡើងថា ដើម្បីប្រយោជន៍ជាតិខ្មែរទាំងមូល លោក ហ៊ុន សែន គួររៀនសូត្រពីប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ដោយស្មោះត្រង់ ព្រោះថាមេដឹកនាំអ៊ុយក្រែនរូបនេះពិតជាមានឧត្តមគតិជាតិខ្ពស់ណាស់សម្រាប់ជាតិមាតុភូមិរបស់គេ ដែលធ្វើឲ្យពិភពលោកគោរពស្ញប់ស្ញែងគ្រប់ៗគ្នា មិនមែនដូចលោក ហ៊ុន សែន ដែលចេះតែប្រើអំណាចហួងហែង គំរាម សម្លុត បំភិតបំភ័យប្រជារាស្ត្រខ្មែរ ធ្វើឲ្យពិភពលោកធុញទ្រាន់ដូចសព្វថ្ងៃនេះទេ៕