អតីតមេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី ព្រមានថា មេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន កំពុងវង្វេងនឹងល្បិចនយោបាយខ្លួនឯងកាន់តែខ្លាំងឡើងៗ ព្រោះគាត់គំរាមផង ទិញផង បោកបញ្ឆោតផង ក្នុងបំណងឲ្យអ្នកគាំទ្រនិន្នាការប្រឆាំងផ្តាច់ខ្លួនពីលោក សម រង្ស៊ី នៅពេលនេះ។
អតីតមេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី សរសេរលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃទី១២ មិថុនា នេះថា ពលរដ្ឋខ្មែររាប់លាននាក់មិនមានទំនាក់ទំនងផ្ទាល់ខ្លួនជាមួយរូបលោកឡើយ ប៉ុន្តែពួកគេគាំទ្រឧត្តមគតិ ស្រឡាញ់ជាតិ និងស្រឡាញ់យុត្តិធម៌ដែលលោកបានបំផុសនៅប្រទេសកម្ពុជា ក្នុងការដឹកនាំចលនាប្រជាធិបតេយ្យប្រឆាំងរបបក្បត់ជាតិ ផ្ដាច់ការ និងពុករលួយដែលកំពុងដឹកនាំដោយលោក ហ៊ុន សែន ប៉ុណ្ណោះ។
លោក សម រង្ស៊ី អះអាងថា រាល់ការផ្ដាច់ខ្លួនពីពលរដ្ឋចំពោះបុគ្គល សម រង្ស៊ី ដូចអ្វីដែលលោក ហ៊ុន សែន ចង់ឲ្យពលរដ្ឋខ្មែរម្នាក់ៗប្រកាសនោះ វាមិនមានសារសំខាន់ និងសារប្រយោជន៍អ្វីទេ ប៉ុន្តែអ្វីដែលសំខាន់ជាទីបំផុតនោះ គឺការរក្សាឧត្តមគតិស្រឡាញ់ជាតិ និងស្រឡាញ់យុត្តិធម៌ដែលមាន សម រង្ស៊ី ជានិមិត្តរូបប៉ុណ្ណោះ។
លោកបន្ថែមថា យុទ្ធសាស្ត្ររបស់លោក ហ៊ុន សែន គឺចង់ឲ្យ សម រង្ស៊ី ឯកោ តែផ្ទុយទៅវិញ គឺលោក ហ៊ុន សែន ទេដែលជាអ្នកឯកោនោះ ព្រោះលោក ហ៊ុន សែន អាចបង្ខាំងរាងកាយអ្នកដទៃបាន តែគាត់មិនអាចបង្ខាំងឲ្យពលរដ្ឋខ្មែរបោះបង់ចោលឧត្តមគតិរបស់ខ្លួនដែលមាន សម រង្ស៊ី ជានិមិត្តរូបបានឡើយ។
អតីតមេដឹកនាំបក្សប្រឆាំងរូបនេះបញ្ជាក់ថា ភាពកំណាចដែលលោក ហ៊ុន សែន កំពុងតែបង្ហាញសព្វថ្ងៃនេះ មិនតំណាងឲ្យឧត្តមគតិដែលប្រជារាស្ត្រខ្មែរគាំទ្រទេ ហើយទង្វើដែលគាត់បានធ្វើសព្វថ្ងៃនេះ នឹងរុញឲ្យគាត់ចាកចេញពីឆាកនយោបាយដោយឯកោបំផុត ដោយគ្មានបន្សល់ទុកអ្វីក្រៅពីការបំផ្លិចបំផ្លាញជាតិឡើយ។
កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ ក្នុងពិធីសំណេះសំណាលជាមួយកម្មករនៅខេត្តកណ្តាល មេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន គំរាមថា លោកនឹងមិនអត់ឱនជនណាដែលមានទំនាក់ទំនងជាមួយអតីតមេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី ដាច់ខាត ប៉ុន្តែអ្នកណាក៏ដោយដែលផ្ដាច់ខ្លួនពីអតីតមេដឹកនាំបក្សប្រឆាំងរូបនេះ គឺនឹងត្រូវបានលើកលែងទោសទាំងអស់។
មន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិលោក មាជ សុវណ្ណារ៉ា ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១២ មិថុនា នេះថា ការបង្កទំនាស់នយោបាយខ្វែងគំនិតគ្នារវាងមេដឹកនាំនយោបាយនៅកម្ពុជាមិនដែលចំណេញដល់ប្រទេសជាតិ និងប្រជាជនឡើយ ប៉ុន្តែមេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន និងអតីតមេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី ក្នុងកិច្ចការនយោបាយរបស់ពួកគេ តែងតែឈ្លោះគ្នា បើទោះបីជាជម្លោះនោះនាំឱ្យជាតិបែកបាក់ និងនាំឱ្យប្រទេសជាតិជួបវិបត្តិយ៉ាងណាក៏ដោយ។
លោក មាជ សុវណ្ណារ៉ា លើកឡើងថា លោកមិនបានកាត់សេចក្តីថាជម្លោះអ្នកទាំងពីរស្ថិតក្នុងទម្រង់អ្វី ឬដើម្បីអ្វីនោះទេ ប៉ុន្តែបើគិតទៅលើហេតុផលដែលរដ្ឋាភិបាលចោទប្រកាន់លោក សម រង្ស៊ី ព្រមទាំងការសម្រេចផ្ដន្ទាទោសពីសំណាក់តុលាការ គួរណាស់តែរដ្ឋាភិបាលបើកផ្លូវឱ្យលោក សម រង្ស៊ី វិលមកប្រទេសកម្ពុជាវិញ នៅពេលដែលអតីតមេដឹកនាំបក្សប្រឆាំងរូបនោះទាមទារចង់ចូលប្រទេសកម្ពុជាកាលពីពេលថ្មីៗនេះ ដែលជាឱកាសសម្រាប់រដ្ឋាភិបាលអនុវត្តច្បាប់ផ្ដន្ទាទោសលើលោក សម រង្ស៊ី ទៅតាមការចោទប្រកាន់របស់តុលាការ ប៉ុន្តែរដ្ឋាភិបាលបែរជាប្រឹងទប់ស្កាត់មិនឱ្យលោក សម រង្ស៊ី ចូលប្រទេសកម្ពុជាទៅវិញ។
លោក មាជ សុវណ្ណារ៉ា សួរថា តើការធ្វើបែបនេះក្នុងបំណងអ្វី?
មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងរូបនេះត្អូញត្អែរថា ការប្រើយុទ្ធសាស្ត្រនយោបាយរបស់មេដឹកនាំទាំងពីរនេះ លោកពិតជាមិនយល់ទេ ហើយក៏រឹតតែមិនដឹងថាពួកគេបានគិតគូរពីប្រយោជន៍ជាតិ ឬក៏អត់នោះដែរ ប៉ុន្តែជម្លោះឆ្លើយឆ្លងគ្នារបស់ពួកគេតាំងពីដើមរហូតដល់ពេលនេះ គ្មានចំណេញអ្វីបន្តិចសោះសម្រាប់ប្រទេសជាតិ។
ទាក់ទិននឹងបញ្ហានេះ ក្រុមអ្នកសង្កេតការណ៍លើកឡើងថា លោក ហ៊ុន សែន និងលោក សម រង្ស៊ី សម្លឹងមើលប្រយោជន៍នយោបាយរបស់ពួកគេធំជាងអ្វីៗទាំងអស់ ដូច្នេះជម្លោះរបស់មេដឹកនាំទាំងពីរនេះមិនមែនដើម្បីផលប្រយោជន៍ជាតិទេ គឺដើម្បីផលប្រយោជន៍នយោបាយរបស់ពួកគេប៉ុណ្ណោះ ហើយជម្លោះបែបនេះពួកគេបានធ្វើរាប់សិបឆ្នាំមកហើយ៕