មកទល់នឹងពេលនេះ សង្គ្រាមដែលប្រធានាធិបតីរុស្ស៊ីលើកទ័ពឈ្លានពានដើម្បីគ្រប់គ្រងប្រទេសអ៊ុយក្រែន ចូលដល់ ៥០៣ថ្ងៃហើយ គឺចូលដល់ខែទី១៧ ហើយ។
មហាអំណាចមួយនេះមើលទៅគ្មានលទ្ធភាពក្នុងការវាយយកទឹកដីអ៊ុយក្រែន បាននោះទេ សូម្បីតែផ្នែកមួយនៃតំបន់ភាគខាងកើត និងភាគខាងត្បូងក៏ដោយនោះ។ ផ្ទុយទៅវិញ អ៊ុយក្រែនបែរជាមានប្រៀបក្នុងការវាយបកដើម្បីដណ្ដើមទឹកដីពីរុស្ស៊ីមកវិញ។
តាមការចុះផ្សាយរបស់សារព័ត៌មានជាច្រើនរបស់អង់គ្លេស ដូចជា The News Week ឲ្យដឹងថា គិតមកទល់ពេលនេះ សង្គ្រាមដែលអ៊ុយក្រែនវាយបកដើម្បីដណ្ដើមទីតាំងពីកងទ័ពរុស្ស៊ីមកវិញ គឺអ៊ុយក្រែនវាយយកបានសមរភូមិយ៉ាងតិចជាង ១០ ដោយពង្រីកទឹកដីជាង ២០០គីឡូម៉ែត្រក្រឡា។
បើនិយាយពីអ៊ុយក្រែនវាយយកទឹកដីពីរុស្ស៊ីមកវិញ ដែលចាប់តាំងពីអ៊ុយក្រែន មានប្រៀបជាងរុស្ស៊ី ក្រោយពីរុស្ស៊ីបាក់ទ័ពផ្ទួនៗចំនួន ៣ដង សរុបទៅអ៊ុយក្រែន វាយរំដោះទឹកដីបានរហូតដល់ទៅ ១ម៉ឺន ៦ពាន់គីឡូម៉ែត្រក្រឡា គឺលើស ៥០% នៃផ្ទៃដីដែលរុស្ស៊ីកំពុងតែកាន់កាប់។
បើតាមប្រភពចារកម្មរបស់អ៊ុយក្រែន និងអង់គ្លេស ឲ្យដឹងថា រុស្ស៊ីបាត់បង់ទ័ពរហូតដល់ទៅជិត ២៤ម៉ឺននាក់ ដែលលោក ពូទីន បញ្ជាឱ្យលើកទ័ពនៅវគ្គដំបូង គឺ ២៥ម៉ឺននាក់សំដៅផ្ដួលរំលំរដ្ឋាភិបាលប្រធានាធិបតីលោក វូឡូឌីមៀ ហ្សេឡេនស្គី ហើយវាយចូលកាន់កាប់រដ្ឋធានីគៀវ តែមិនបានសម្រេច។
ដំណាក់កាលចុងក្រោយទៀតនេះ រុស្ស៊ីរើសទ័ពបន្ថែមទៀតរហូតដល់ ៣០ម៉ឺននាក់ឲ្យកាន់អាវុធប្រយុទ្ធដើម្បីដណ្ដើមទឹកដីពីអ៊ុយក្រែន មកវិញ តែនៅតែរកទីតាំងណាមួយឈ្នះពិតប្រាកដមិនឃើញនោះទេ ហើយបែរជាមានតែបាត់បង់ទីតាំងរបស់ខ្លួនថែមទៀត។
ចំពោះការបាត់បង់សព្វាវុធវិញ រុស្ស៊ីត្រូវបានរាយការណ៍មកថា បាត់បង់រថក្រោះ និងរថពាសដែករហូតដល់ទៅជិត ១ម៉ឺន ៣ពាន់គ្រឿង ហើយកាំភ្លើងធំជិត ៤៤០០គ្រឿង ធ្លាក់យន្តហោះ និងឧទ្ធម្ភាគចក្រប្រមាណជាង ៦០០គ្រឿង។ នៅមានសព្វាវុធផ្សេងៗទៀត គឺរុស្ស៊ីបាត់បង់រាប់ពាន់គ្រឿង។
ចុះហេតុអ្វីបានជាគេថាលោក ពូទីន មេដឹកនាំរុស្ស៊ីដែលបញ្ជាទ័ពផ្ដួលរំលំអ៊ុយក្រែន ដូចជាការជីករណ្ដៅកប់ខ្លួនទៅវិញ?
ក្រុមអ្នកវិភាគ និងអ្នកសង្កេតការណ៍មើលឃើញថា រុស្ស៊ីកំពុងផុងខ្លួនកាន់តែជ្រៅហើយនៅពេលនេះ គឺរើខ្លួនមិនរួចចេញពីសង្គ្រាមឈ្លានពានអ៊ុយក្រែននោះទេ។
គេថាមួយដំណាក់កាលៗនៃសង្គ្រាមមហាអំណាចមួយនេះកាន់តែចុះខ្សោយទាំងវិស័យយោធា និងការទូត រួមទាំងសេដ្ឋកិច្ចទៀតផង ដែលស្ថិតនៅក្រោមការដាក់ទណ្ឌកម្មយ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ។
នៅក្នុងអំឡុងនេះ ប្រទេសដែលជាសម្ព័ន្ធមិត្តរបស់រុស្ស៊ី ជាពិសេសគឺប្រទេសចិន ដែលមើលឃើញអំពីបរាជ័យរបស់រុស្ស៊ីនៅចំពោះមុខ ប្រទេសនេះតែងតែជំរុញប្រទេសលោកខាងលិចគាបសង្កត់អ៊ុយក្រែន ឲ្យបើកទ្វារដើម្បីបើកការចរចាវិញ តែពួកបស្ចិមប្រទេស និងអ៊ុយក្រែនខ្លួនគេផ្ទាល់មិនទទួលយកការសម្របសម្រួលណាមួយពីចិន នោះទេ។
លោកប្រធានាធិបតីអ៊ុយក្រែន បានប្រាប់ប្រេសិតរបស់ចិន ក៏ដូចជាអ្នកសម្របសម្រួលមកពីប្រទេសអាហ្រ្វិកខាងត្បូង ដែលថាពេលវេលានៃការចរចាបើត្រឹមតែទុកពេលឲ្យរុស្ស៊ីពង្រឹងទ័ពវាយពង្រីកទឹកដី គឺអ៊ុយក្រែន មិនស្វាគមន៍នោះទេ។ លោកថា ការចរចាអាស្រ័យទៅលើរុស្ស៊ីដែលរបបរបស់លោក ពូទីន ត្រូវដកទ័ពចេញពីទឹកដីអ៊ុយក្រែនទាំងអស់ ហើយទទួលស្គាល់អធិបតេយ្យភាពរបស់អ៊ុយក្រែនឡើងវិញ រួមទាំងឧបទ្វីបគ្រីមៀរ ផងដែរ។
នេះហើយដែលគេមើលឃើញថា ភាពខ្លាំងរបស់រុស្ស៊ី គឺចប់ទៅហើយ ដែលមហាអំណាចនេះមិនអាចប្រើប្រាស់ទ័ពជើងគោកមានប្រៀបជាងកងទ័ពអ៊ុយក្រែន។
បើគេនិយាយពីសព្វាវុធវិញ រុស្ស៊ីឈានទៅដល់ការប្រើប្រាស់សព្វាវុធទំនើបៗទៅហើយរហូតដល់រុស្ស៊ីប្រើប្រាស់រថក្រោះតម្លៃ ១គ្រឿងរាប់សិបលានដុល្លារ គឺប្រភេទ T-90M ក៏ត្រូវបានអ៊ុយក្រែនបាញ់ឆេះខ្ទេចអស់ដែរ។ មិនតែប៉ុណ្ណោះ រុស្ស៊ីរហូតដល់ប្រើមីស៊ីលល្បឿនលឿនជាងសំឡេង និងយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ TU-160 និង TU-95 ទៀតផង ក៏គ្មានសមត្ថភាព ឬមានប្រៀបជាងអ៊ុយក្រែននោះដែរ នៅខណៈដែលអ៊ុយក្រែនមានលទ្ធភាពបាញ់ទម្លាក់គ្រាប់មីស៊ីលទាំងអស់នោះដែលបាញ់ចេញពីយន្តហោះ ជាមួយនឹងការប្រើប្រព័ន្ធមីស៊ីលជំនួយពីសហរដ្ឋអាមេរិក ដូចជាប្រព័ន្ធមីស៊ីល Patriot និង Namsam ជាដើម។
នៅពេលដែលអ៊ុយក្រែនកាន់តែមានអាវុធទំនើបៗនៅក្នុងដៃជាជំនួយរបស់ពួកបស្ចិមប្រទេស ហើយអាវុធទាំងនោះប្រយុទ្ធយ៉ាងមានប្រសិទ្ធភាពនៅក្នុងសមរភូមិ ដែលធ្វើឱ្យរុស្ស៊ីកាន់តែទាល់ច្រក ហើយចុងក្រោយនេះ រុស្ស៊ីទទូចទៅពួកបស្ចិមប្រទេសឲ្យបញ្ឈប់ការផ្ដល់អាវុធទៅឲ្យអ៊ុយក្រែន នៅខណៈដែលរុស្ស៊ីបង្ហើបថាខ្លួនគេចង់បើកការចរចាជាមួយអ៊ុយក្រែនឡើងវិញ។ មិនតែប៉ុណ្ណោះ ក្រុងមូស្គូ ថ្លែងថា បើក្រុមណាតូ ក្រុមបស្ចិមប្រទេស បញ្ឈប់ការផ្ដល់អាវុធទៅឲ្យអ៊ុយក្រែនភ្លាម គឺរុស្ស៊ីបញ្ចប់សង្គ្រាមភ្លាម។ នេះជាចំណុចដែលរុស្ស៊ីស្ថិតក្នុងស្ថានភាពទាល់ច្រកនៃវិស័យការពារជាតិ។
ចំណុចមួយទៀតដែលរុស្ស៊ីកំពុងតែដើរដល់ក្រឡាទាល់ច្រក គឺតម្លៃនៃការទូតរបស់រុស្ស៊ី បានរលត់បាត់អស់ទៅហើយ។ រុស្ស៊ីបរាជ័យគ្រប់វេទិកាអន្តរជាតិទាំងអស់ ជាពិសេសនៅឯអង្គការសហប្រជាជាតិ ហើយរុស្ស៊ីមិនដែលមានប្រៀបបន្តិចណាទេលើជម្លោះការទូតជាមួយនឹងអ៊ុយក្រែន។
មិនតែប៉ុណ្ណោះ សម្ព័ន្ធភាពរបស់រុស្ស៊ីកាន់តែចុះខ្សោយទៅៗ។ គេសង្កេតឃើញប្រទេសដែលគាំទ្ររុស្ស៊ីឈ្លានពានអ៊ុយក្រែន មានតែ ៧ប្រទេសប៉ុណ្ណោះនៅពេលដែលប្រទេសប្រឆាំងនឹងរុស្ស៊ី មានរហូតដល់ទៅ ១៥០ប្រទេស។ មិនតែប៉ុណ្ណោះ រុស្ស៊ីបាត់បង់សំឡេងគាំទ្រពីមិត្តជិតស្និទ្ធថែមទៀត សូម្បីតែចិន នៅឯអង្គការសហប្រជាជាតិ ក៏បោះឆ្នោតអនុប្បវាទផងដែរ។ នេះជាជ្រុងមួយដែលគេថារុស្ស៊ីជីករណ្ដៅកប់ខ្លួនឯងអំពីតម្លៃការទូតនៅលើឆាកអន្តរជាតិ។
បើនិយាយពីទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្ម គឺរុស្ស៊ីត្រូវបានហ៊ុមព័ទ្ធដោយប្រទេសយ៉ាងតិចជាង ១០០ ដែលពួកគេលែងមានទំនាក់ទំនងពាណិជ្ជកម្មផ្ទាល់ជាមួយនឹងរុស្ស៊ី។
យោងតាមធនាគារពិភពលោក ព្យាករថា នៅចុងឆ្នាំ២០២៣ នេះ សេដ្ឋកិច្ចរុស្ស៊ីនឹងដើរលើវិថីមួយដែលគេហៅថាទៅរកផលវិបាកធ្ងន់ធ្ងរបំផុត ព្រោះតែការធ្វើទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសដែលមានសក្ដានុពលផ្នែកវិនិយោគទុន ជាពិសេសគឺជាមួយពួកបស្ចិមប្រទេស គឺរុស្ស៊ីបាត់បង់ទាំងស្រុង នៅខណៈដែលទុនវិនិយោគបរទេសរបស់រុស្ស៊ីនៅក្រៅប្រទេសរាប់ពាន់លានដុល្លារត្រូវបានពួកបស្ចិមប្រទេស និងសហរដ្ឋអាមេរិកបង្កក និងរឹបអូសទៅឱ្យអ៊ុយក្រែន។
ដូចនេះ គេអាចសរុបថា ប្រធានាធិបតីរុស្ស៊ី បុរសខ្លាំង វ៉្លាឌីមៀរ ពូទីន ដែលធ្វើផែនទីលើកទ័ពឈ្លានពានអ៊ុយក្រែន កំពុងដើរលើវិថីទៅរកមរណភាពខ្លួនឯងទៅវិញនោះទេ ហើយចង់មិនចង់ សហព័ន្ធរុស្ស៊ីបច្ចុប្បន្ននេះនឹងដើរជាន់ដាននៃការដួលរលំនៃសហភាពសូវៀតឆ្នាំ១៩៩១ ហើយខាងមុខទៀតនេះ អ៊ុយក្រែននឹងក្លាយជាសមាជិកណាតូ ទី៣៣ គឺរុស្ស៊ីជៀសពុំរួចទេត្រូវធ្លាក់អនុភាពវិស័យយោធាដូចការដួលរលំសហភាពសូវៀតដូច្នេះដែរ៕