នាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជាដែលឡើងតាមជើងខោឪពុកលោក ហ៊ុន ម៉ាណែត ប្ដេជ្ញាអនុវត្តនូវកម្មវិធីកែទម្រង់សំខាន់ៗតាមយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើនសេដ្ឋកិច្ច បង្កើតការងារ ធានាសមធម៌ បង្កើនប្រសិទ្ធភាព និងរក្សាចីរភាពសំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។
នាយករដ្ឋមន្ត្រីខ្មែរដែលស្នងអំណាចបន្តវង្សត្រកូលលោក ហ៊ុន ម៉ាណែត លើកឡើងក្នុងអង្គប្រជុំលើកដំបូងនៃគណៈរដ្ឋមន្ត្រីអាណត្តិទី៧ ក្នុងវិមានសន្តិភាពនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ នេះថា រដ្ឋាភិបាលថ្មីបានកំណត់ដាក់ចេញនូវគោលនយោបាយចម្បងៗជាអាទិភាព និងគោលនយោបាយអភិវឌ្ឍតាមវិស័យដែលនឹងត្រូវចាប់ផ្តើមអនុវត្តពីឆ្នាំ២០២៣ នេះតទៅ។
នាយករដ្ឋមន្ត្រីបន្តពូជនៅកម្ពុជាលោក ហ៊ុន ម៉ាណែត អះអាងថា ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាពសំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ រាជរដ្ឋាភិបាលបានរៀបចំ «យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១» សម្រាប់ជំរុញសន្ទុះនៃការអភិវឌ្ឍប្រទេសជាតិក្នុងរយៈពេលមធ្យម និងវែងទៅមុខតាមរយៈការកែទម្រង់មុតស្រួចលើគ្រប់វិស័យ។
កូនប្រុសមេដឹកនាំក្រាញអំណាចផ្ដាច់មុខនៅកម្ពុជាលោក ហ៊ុន ម៉ាណែត បញ្ជាក់ថា យុទ្ធសាស្ត្របញ្ចកោណ គឺជាយុទ្ធសាស្ត្រសម្លឹងទៅមុខសម្រាប់រយៈពេល ២៥ឆ្នាំ ដែលត្រូវដាក់ចេញ និងអនុវត្តជា ៥ដំណាក់កាល ក្នុងនោះបញ្ចកោណទី១ គឺការអភិវឌ្ឍធនធានមនុស្ស បញ្ចកោណទី២ ផ្ដោតលើសេដ្ឋកិច្ច និងបង្កើនការប្រកួតប្រជែង បញ្ចកោណទី៣ គឺការអភិវឌ្ឍវិស័យឯកជន និងការងារ បញ្ចកោណទី៤ គឺផ្ដោតលើការអភិវឌ្ឍប្រកបដោយចីរភាព និងបញ្ចកោណទី៥ គឺផ្ដោតលើការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល។
នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ នេះ កូនប្រុសច្បងរបស់លោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត ដែលទើបនឹងត្រូវលើកបន្តុបជានាយករដ្ឋមន្ត្រី បានដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើកដំបូងរបស់ខ្លួនដើម្បីផ្សព្វផ្សាយពីគោលនយោបាយនៃរដ្ឋាភិបាលដែលខ្លួននឹងត្រូវដឹកនាំក្នុងរយៈពេល ៥ឆ្នាំទៅថ្ងៃមុខចាប់ពីឆ្នាំ២០២៣ រហូតដល់ឆ្នាំ២០២៨។
ជុំវិញការឡើងកាន់អំណាចជានាយករដ្ឋមន្ត្រីរបស់កម្ពុជានេះ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ នាយករដ្ឋមន្ត្រីប្រទេសជប៉ុន លោក ហ្វូមីអូ គីស៊ីដា បានផ្ញើលិខិតអបអរសាទរលោក ហ៊ុន ម៉ាណែត ចំពោះការចូលកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់កម្ពុជាផងដែរ។
នាយករដ្ឋមន្ត្រីប្រទេសជប៉ុនរូបនេះបញ្ជាក់ថា លោកមានបំណងសហការជាមួយនាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា ដើម្បីជំរុញបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការលើឆាកតំបន់ និងអន្តរជាតិ ព្រមទាំងពង្រឹង “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយផងដែរ”។
ដោយឡែកទាក់ទងទៅនឹងលទ្ធិប្រជាធិបតេយ្យ ប្រទេសជប៉ុននឹងបន្តពិភាក្សាដោយស្មោះត្រង់ និងសហការជាមួយភាគីពាក់ព័ន្ធជាច្រើននៅកម្ពុជា ដើម្បីរួមចំណែកដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យរបស់កម្ពុជាថែមទៀត។
ចំណែកអតីតមេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី មិនបានអបអរសាទរលោក ហ៊ុន ម៉ាណែត ទេ ប៉ុន្តែលោកបែរជារិះគន់ថាលោក ហ៊ុន ម៉ាណែត គ្មានលក្ខណៈសម្បត្តិជាអ្នកដឹកនាំទេ ព្រោះគាត់គ្មានគំនិតផ្ទាល់ខ្លួនក្នុងការដឹកនាំ ដូច្នេះទៅថ្ងៃមុខ គាត់នឹងធ្វើតាមតែការរៀបចំរបស់លោក ហ៊ុន សែន ប៉ុណ្ណោះ។
លោក សម រង្ស៊ី លើកឡើងថា លោក ហ៊ុន ម៉ាណែត នឹងមិនអាចនាំមកនូវការផ្លាស់ប្ដូរអ្វីជាវិជ្ជមានសម្រាប់កម្ពុជាទេ ពីព្រោះគាត់ត្រូវបានលោក ហ៊ុន សែន ដាក់ក្នុងប្រព័ន្ធនយោបាយដ៏អាក្រក់ដែលគាត់បានរៀបចំទុកតាំងពីរាប់ទសវត្សរ៍កន្លងមក។
ដោយឡែកមន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា អះអាងថា ដើម្បីក្លាយជាមេដឹកនាំដែលទទួលបានការគាំទ្រពីពលរដ្ឋ គឺត្រូវតែមានសមត្ថភាពក្នុងការគ្រប់គ្រងប្រទេសជាតិដោយពិតប្រាកដ នោះទើបប្រទេសជាតិរីកចម្រើនទៅមុខ ប៉ុន្តែបើរង់ចាំតែគេប្រាប់ពីក្រោយ នោះប្រទេសនឹងមិនអាចលូតលាស់ ឬមានការអភិវឌ្ឍបានទេ។ លើសពីនេះ នឹងបង្កទៅជាវិបត្តិដល់ប្រទេសជាតិដូចសព្វថ្ងៃនេះថែមទៀត៕