តំណាងរាស្ត្រអតីតគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន អះអាងថាការបញ្ចុះពន្ធនាំចេញថ្មភ្នំរបស់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ជាការលើកទឹកចិត្តឲ្យក្រុមឈ្មួញបំផ្លាញភ្នំ និងធនធានធម្មជាតិ រួមទាំងបរិស្ថាន។
កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ រដ្ឋាភិបាលដឹកនាំដោយលោក ហ៊ុន ម៉ាណែត បានចេញអនុក្រឹត្យស្ដីពីការកែសម្រួលអត្រាអាករនាំចេញលើមុខទំនិញថ្មធម្មជាតិ តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
អនុក្រឹត្យដដែលនោះបានបញ្ចុះអត្រាអាករនាំចេញលើមុខទំនិញនាំចេញមួយចំនួន ក្នុងនោះសម្រាប់មុខទំនិញថ្មធម្មជាតិមិនទាន់កែច្នៃ មានចំនួន ៨បន្ទាត់ពន្ធនៃតារាងពន្ធគយពី ៣០% មក ១០% និងមុខទំនិញថ្មធម្មជាតិមិនទាន់កែច្នៃទម្រង់ផ្ទាំងចំនួន ២បន្ទាត់ពន្ធនៃតារាងពន្ធពី ៣០% មក ៥% រួមទាំងមុខទំនិញថ្មធម្មជាតិកែច្នៃចំនួន ១២បន្ទាត់ពន្ធនៃតារាងពន្ធពី ២០% មក ០%។
ជុំវិញការបញ្ចុះពន្ធនាំចេញនេះ តំណាងរាស្ត្រអតីតគណបក្សសង្គ្រោះជាតិលោក អ៊ុំ សំអាន លើកឡើងថា រដ្ឋត្រូវដំឡើងពន្ធនាំចេញលើថ្មភ្នំ ឬរក្សាពន្ធដដែល ដើម្បីបន្ធូរបន្ថយពន្ធទៅលើប្រជារាស្ត្រខ្មែរវិញ និងបញ្ចៀសការបំផ្លាញធនធានធម្មជាតិ តែរដ្ឋាភិបាលដឹកនាំដោយលោក ហ៊ុន ម៉ាណែត បែរជាបញ្ចុះពន្ធនាំចេញលើថ្មធម្មជាតិ (ថ្មភ្នំ) មិនទាន់កែច្នៃ និងថ្មធម្មជាតិមិនទាន់កែច្នៃទម្រង់ផ្ទាំងទៅវិញ។
លោកចាត់ទុកការបញ្ចុះពន្ធនាំចេញថ្មនេះថាជាការលើកទឹកចិត្តឲ្យឈ្មួញបំផ្លាញភ្នំ បំផ្លាញធនធានធម្មជាតិ និងបរិស្ថាន ហើយរដ្ឋមិនទទួលបានពន្ធ ឬទទួលបានពន្ធតិចតួចជាងមុន។
លើសពីនេះ លោក អ៊ុំ សំអាន ថាលោក ហ៊ុន ម៉ាណែត កំពុងគប់គិតជាមួយក្រុមឈ្មួញ និងក្រុមហ៊ុនត្រកូលហ៊ុន ដើម្បីបំផ្លាញធនធានធម្មជាតិរបស់ខ្មែរ និងបើកដៃឲ្យក្រុមហ៊ុនបក្ខពួករបស់ខ្លួន និងក្រុមហ៊ុនរបស់គ្រួសារត្រកូលហ៊ុននាំចេញថ្មភ្នំ។
តំណាងរាស្ត្រអតីតគណបក្សសង្គ្រោះជាតិរូបនេះអះអាងថា ការបញ្ចុះពន្ធនាំចេញរបស់លោក ហ៊ុន ម៉ាណែត ជាការប្រព្រឹត្តអំពើពុករលួយបំផ្លាញទ្រព្យសម្បត្តិជាតិ ហើយមកគាប និងច្របាច់កពលរដ្ឋខ្មែរឲ្យបង់ពន្ធជំនួសក្រុមឈ្មួញ និងក្រុមហ៊ុនគ្រួសារត្រកូលហ៊ុនដែលកំពុងរកស៊ីនាំចេញថ្មភ្នំទៅវិញ។
ការលើកឡើងរបស់តំណាងរាស្ត្រអតីតគណបក្សសង្គ្រោះជាតិលោក អ៊ុំ សំអាន នេះ ធ្វើឡើងស្របពេលដែលពេលរដ្ឋាភិបាលក្បាលធំដឹកនាំដោយលោក ហ៊ុន ម៉ាណែត កំពុងចាត់វិធានការរឹតបន្តឹងការប្រមូលពន្ធពីពលរដ្ឋលើមុខទំនិញចំនួន ២០ប្រភេទខុសៗគ្នា ហើយវិធានការនេះគ្រោងនឹងចាប់ផ្ដើមអនុវត្តនៅឆ្នាំ២០២៤ ខាងមុខនេះ៕