ដោយគោរពតាមកិច្ចសន្យារបស់ខ្លួនអំឡុងឃោសនាបោះឆ្នោតនៅក្នុងការបោះឆ្នោតសភាកាលពីថ្ងៃទី១៤ ឧសភា ដែលថានឹងជួយសម្រាលបន្ទុកដល់ប្រជាជនថៃ ដែលជំពាក់បំណុលធនាគារ លោកនាយករដ្ឋមន្ត្រី ស្រេតថា ថាវីស៊ីន និងគណៈរដ្ឋមន្ត្រីរបស់លោក បានអនុម័តនូវកញ្ចប់ថវិកាសាច់ប្រាក់ជាង ៩០៨លានដុល្លារជួយដល់កសិករជាង ២លាន ៧សែននាក់ ដែលជាកូនបំណុលរបស់ធនាគារ។
ក្នុងទំហំកញ្ចប់ថវិកានេះ កូនបំណុលដែលត្រូវសងទាំងការប្រាក់ និងប្រាក់ដើម ត្រូវបានអនុញ្ញាតឱ្យព្យួរការបង់ប្រាក់ទៅម្ចាស់បំណុលរយៈពេល ៣ឆ្នាំ។
សេចក្ដីសម្រេចដែលគណៈរដ្ឋមន្ត្រីថៃ សន្យាហើយហ៊ានធ្វើដូចនេះ បាននាំឱ្យប្រជាជនថៃ ជាពិសេសគឺកសិករសម្ដែងការត្រេកអរ និងអរគុណជាខ្លាំងចំពោះលោក ស្រេតថា ថាវីស៊ីន និងគណៈរដ្ឋមន្ត្រី ដែលមិនបានក្បត់ពាក្យសន្យារបស់ខ្លួន។
ឥឡូវនេះជារឿងអស្ចារ្យមួយទៀតហើយ គឺលោកបានប្រកាសបរិច្ចាគប្រាក់ខែរបស់លោក ទាំងប្រាក់ខែនាយករដ្ឋមន្ត្រី និងប្រាក់ខែរដ្ឋមន្ត្រីហិរញ្ញវត្ថុដែលមួយខែលោកទទួលបានជាង ១សែន ២ម៉ឺន ៥៥៩០បាត ឬ ៤៧០០ដុល្លារ ជូនទៅមូលនិធិមនុស្សធម៌នៃសង្គមថៃ ហើយនៅថ្ងៃចន្ទ ទី២ ខែតុលា នេះ លោក ស្រេតថា និងគណៈរដ្ឋមន្ត្រីរបស់លោក ត្រូវអនុម័តកញ្ចប់ថវិកាសម្រាប់ជួយសម្រាលបន្ទុកជីវភាពរបស់ប្រជាជនថៃ ដោយម្នាក់ៗចាប់ពីអាយុ ១៦ឆ្នាំឡើងទៅ ត្រូវទទួលបាន ១ម៉ឺនបាត ឬ ២៨២ដុល្លារ។ នេះបើតាមលោក Chai Wacharonke អ្នកនាំពាក្យរដ្ឋាភិបាលថៃ។
តាមការបញ្ជាក់របស់លោក Chai Wacharonke ការសម្រេចបរិច្ចាគប្រាក់ខែ ធ្វើឡើងដោយសារលោកនាយករដ្ឋមន្ត្រីជឿលើឥទ្ធិពលនៃការផ្តល់ឱ្យ ស្របពេលរដ្ឋាភិបាលចាប់ផ្តើមអនុវត្តគោលនយោបាយក្នុងការបង្កើតឱកាសកែលំអជីវភាពប្រជាជន ការកាត់បន្ថយវិសមភាពសង្គម និងគាំទ្រការអប់រំសម្រាប់កុមារ។
បើតាមលោក ស្រេតថា ការចែករំលែកជារឿងល្អ ហើយមនុស្សម្នាក់ៗគួរតែផ្តល់ឱ្យអ្នកដទៃឱ្យបានកាន់តែច្រើនតាមដែលអាចធ្វើបាន។ ជាមួយគ្នានេះ អ្នកនាំពាក្យរដ្ឋាភិបាលថៃ បានបន្ថែមថា ក្រុមការងារមួយ នឹងត្រូវបានបង្កើតឡើង ដើម្បីជ្រើសយកមូលនិធិសម្រាប់ទទួលការបរិច្ចាគរបស់នាយករដ្ឋមន្ត្រី ប៉ុន្តែមូលនិធិសម្រាប់កុមារ នឹងទទួលបានការបរិច្ចាគដំបូងគេ។
បន្ថែមពីនេះ បើតាមអ្នកនាំពាក្យ លោកនាយករដ្ឋមន្ត្រីនឹងជួបជាមួយមូលនិធិមនុស្សធម៌ជាច្រើនផ្សេងទៀត ដើម្បីស្តាប់ពីបញ្ហា ក៏ដូចជាការស្វែងរកដំណោះស្រាយជូនជនងាយប៉ះពាល់ខ្លាំងដែលមាននៅក្នុងសង្គមថៃ។
ស្របពេលកសិករដែលជាប់បំណុលរបស់ធនាគារ ឬម្ចាស់សហគ្រិនផ្សេងៗសប្បាយរីករាយ ដោយសារទទួលបាននូវការជួយបន្ធូរបន្ថយទុក្ខលំបាក អ្នកនាំពាក្យរដ្ឋាភិបាលថៃ Chai Wacharonke បានប្រាប់អ្នកសារព័ត៌មានថា លោកនាយករដ្ឋមន្ត្រី ស្រេតថា ថាវីស៊ីន និងគណៈរដ្ឋមន្ត្រី ត្រូវអនុម័តនៅថ្ងៃចន្ទនេះនូវកញ្ចប់ថវិកា ៥៦០ពាន់លានបាត ឬ ១៥ពាន់ ២៣លានដុល្លារ ដើម្បីជួយដោះបន្ទុកគ្រួសារនីមួយៗដែលជាការអនុវត្តគោលនយោបាយដោះបន្ទុករបស់ប្រជាជន។ នេះបើតាមសារព័ត៌មាននៃប្រទេសសិង្ហបុរី The Strait Times។
តាមប្រភពព័ត៌មាននេះ ទំហំសាច់ប្រាក់ដូចនេះ មានន័យថា ប្រជាជនថៃដែលម្នាក់ៗមានអាយុ ១៦ឆ្នាំឡើងទៅ នឹងទទួលបានប្រាក់ ១ម៉ឺនបាត ឬ ២៨២ដុល្លារ។ ចំពោះការអនុវត្តនូវកម្មវិធីសម្រាលបន្ទុករបស់គ្រួសារប្រជាជនថៃ នឹងចាប់ផ្ដើមអនុវត្តនៅឆ្នាំក្រោយនេះ។
រដ្ឋាភិបាលថ្មីនៃរាជាណាចក្រថៃ ដែលដឹកនាំដោយគណបក្សភឿថៃ បានចេញសេចក្ដីប្រកាសព័ត៌មានថែមទៀតអំពីការទម្លាក់ថ្លៃប្រេងសាំង ថ្លៃប្រេងឥន្ធនៈផ្សេងៗ ថ្លៃភ្លើងអគ្គិសនី គឺត្រូវធ្វើឱ្យបាន។
ជាមួយគ្នានេះ បើតាមការចុះផ្សាយដោយកាសែតបាងកកប៉ុស្តិ៍ រដ្ឋាភិបាលថ្មីរបស់រាជាណាចក្រមួយនៅអាស៊ីអាគ្នេយ៍នេះ កំពុងតែសិក្សាជាទូទៅទៅលើតម្លៃថាមពលទាំងអស់ដែលមាននៅលើទីផ្សាររបស់ប្រទេសថៃ រួមទាំងសន្យាការធ្វើសន្ទស្សន៍តម្លៃទំនិញលើទីផ្សារផងដែរ។
យោងតាមការប្រកាសរបស់រដ្ឋាភិបាលថៃ ចាប់ពីខែមករា ឆ្នាំ២០២៤ គឺត្រូវអនុវត្តជាផ្លូវការនូវការទម្លាក់ថ្លៃប្រេងសាំង ថ្លៃប្រេងឥន្ធនៈផ្សេងៗ ថ្លៃភ្លើងអគ្គិសនី គឺត្រូវធ្វើឱ្យបាន។
រដ្ឋាភិបាលថ្មីរបស់រាជាណាចក្រថៃ ដឹកនាំដោយអ្នកជំនួញអចលនទ្រព្យប្រាក់ស្ដុកស្ដម្ភ គឺលោក ស្រេតថា ថាវីស៊ីន ក៏បានប្រកាសពិនិត្យមើលពន្ធអាករណាដែលប៉ះខ្លាំងទៅលើជីវភាពប្រចាំថ្ងៃរបស់ប្រជាជនថៃ ដែលអាចឈានដល់កាត់បន្ថយពន្ធ ឬមិនត្រូវជាប់ពន្ធ ជាពិសេសមុខរបររបស់អ្នកធ្វើកសិកម្ម។
បន្ថែមលើសពីនេះ លោកនឹងពិនិត្យមើលឡើងវិញទាំងអស់អំពីប្រព័ន្ធពន្ធដែលត្រូវបានបាត់ក្នុងហេតុផលនៃការកិបកេងរបស់មន្ត្រីពន្ធដារ និងមន្ត្រីពាក់ព័ន្ធ ដែលលោកថាវាជាការបោសសម្អាតពន្ធខ្មៅ ឬបោសសម្អាតអំពើពុករលួយ។
លោក ស្រេតថា ជានាយករដ្ឋមន្ត្រីនៃគណៈរដ្ឋមន្ត្រីចម្រុះ ១១គណបក្ស។ លោក ស្រេតថា ជានាយករដ្ឋមន្ត្រីផង និងជារដ្ឋមន្ត្រីហិរញ្ញវត្ថុផង។ លោក ស្រេតថា ដែលកាន់តំណែងរដ្ឋមន្ត្រីហិរញ្ញវត្ថុ ព្រោះលោកមានជំនាញសេដ្ឋកិច្ច។ លោក ស្រេតថា ថាវីស៊ីន ឡើងកាន់តំណែងនាយករដ្ឋមន្ត្រីថៃទី៣០ កាលពីខែសីហា ឆ្នាំ២០២៣។
នៅឆ្នាំនេះ លោកមានអាយុ ៦១ឆ្នាំ។ លោកជាអ្នកជំនួញស្អាតស្អំ។ លោកមានមុខជំនួញដ៏ធំ គឺក្រុមហ៊ុនអចលនទ្រព្យ។ លោកប្រកាសថា លោកមានទ្រព្យសម្បត្តិសរុប ២៩០០លានដុល្លារអាមេរិក៕