រដ្ឋាភិបាលសម្រេចដាក់តំបន់ព្រៃឡង់ជាតំបន់ក្រហម ដោយមិនចេញអាជ្ញាប័ណ្ណធនធានរ៉ែគ្រប់ប្រភេទបន្ថែមទៀតឲ្យទៅក្រុមហ៊ុនឯកជនណាមួយឡើយ លើកលែងតែក្រុមហ៊ុនចំនួនពីរដែលទទួលបានការអនុញ្ញាតកាលពីមុនមកហើយ។
ពាក់ព័ន្ធនឹងបញ្ហានេះ អង្គការអន្តរជាតិដែលមានមូលដ្ឋាននៅប្រទេសស្វីស ជំរុញឱ្យរដ្ឋាភិបាលកម្ពុជាដកអាជ្ញាប័ណ្ណក្រុមហ៊ុនរុករករ៉ែទាំងនោះ ដោយសារតែបានបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ព្រៃឈើ និងជីវិតរបស់ពលរដ្ឋនៅក្នុងតំបន់នោះ។
រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក កែវ រតនៈ អះអាងនៅក្នុងវេទិកាពិភាក្សាសារព័ត៌មានលើប្រធានបទ៖ «គោលនយោបាយរ៉ែ និងថាមពលនៅកម្ពុជា» នៅសណ្ឋាគារសុខាភ្នំពេញ នៅថ្ងៃទី២១ ខែវិច្ឆិកា នេះថា រដ្ឋាភិបាលបានសម្រេចដាក់តំបន់ព្រៃឡង់ជាតំបន់ក្រហម កាលពីថ្ងៃទី២ វិច្ឆិកា ដោយមិនចេញអាជ្ញាប័ណ្ណធនធានរ៉ែគ្រប់ប្រភេទបន្ថែមទៀត លើកលែងតែក្រុមហ៊ុនចំនួនពីរដែលទទួលបានការអនុញ្ញាតកាលមុនមកហើយ។
លោករដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា រដ្ឋាភិបាលអាណត្តិថ្មីនេះសម្រេចឱ្យពិនិត្យឡើងវិញពីលទ្ធភាពក្នុងការកាត់បន្ថយផ្ទៃដីដែលសិក្សារួច និងមិនមានសក្ដានុពលធ្វើអាជីវកម្មធនធានរ៉ែ ដើម្បីយកផ្ទៃដីនោះត្រឡប់មកវិញ។
ប្រភពដដែលបានអះអាងថា ជាទូទៅ នៅពេលក្រុមហ៊ុនណាមួយស្នើសុំសិក្សាពីអាជីវកម្មធនធានរ៉ែ គឺគេតែងតែស្នើសុំក្នុងផ្ទៃដីធំ ប៉ុន្តែនៅពេលគេសិក្សារួច នឹងមានការបង្រួមផ្ទៃដីតូចវិញ ដូច្នេះផ្ទៃដីដែលសិក្សារួច នឹងត្រូវប្រគល់ឱ្យរដ្ឋគ្រប់គ្រងវិញ។ លោកថា រដ្ឋាភិបាលបានឯកភាពមិនអនុញ្ញាតឱ្យពង្រីកផ្ទៃដីបន្ថែមលើអាជ្ញាប័ណ្ណអាជីវកម្មរ៉ែដែលមានស្រាប់នៅតំបន់ព្រៃឡង់ទៀតឡើយ។
លោករដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លើកឡើងថា នៅតំបន់ព្រៃឡង់សព្វថ្ងៃមានក្រុមហ៊ុនចំនួន ១៣ ដែលទទួលបានសិទ្ធិសិក្សា រុករក និងធ្វើអាជីវកម្មរ៉ែ។ ក្នុងចំណោមក្រុមហ៊ុនទាំង ១៣ នោះ មានអាជីវកម្មសិក្សាស្រាវជ្រាវ និងរុករករ៉ែចំនួន ៣ និងអាជីវកម្មធ្វើរ៉ែមាសចំនួន ១ នៅខេត្តកំពង់ធំ។ នៅខេត្តក្រចេះ វិញ មានក្រុមហ៊ុនចំនួន ៧ ដែលកំពុងសិក្សារុករករ៉ែ ហើយនៅព្រះវិហារ មានចំនួន ២ក្រុមហ៊ុនដែលមិនទាន់ធ្វើអាជីវកម្មនៅឡើយ។ ចំណែកនៅខេត្តស្ទឹងត្រែង វិញ ក្រុមហ៊ុនស្វែងរករ៉ែមានចំនួន១។
កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ កន្លងមក អង្គការអន្តរជាតិឈ្មោះ Bruno Manser Fonds ដែលមានមូលដ្ឋាននៅក្នុងប្រទេសស្វីស ជំរុញឱ្យរដ្ឋាភិបាលកម្ពុជាដកអាជ្ញាប័ណ្ណក្រុមហ៊ុនរុករករ៉ែមួយឈ្មោះ Late Cheng Mining Development Co., Ltd ដែលម្ចាស់ក្រុមហ៊ុនភាគច្រើនជាជនជាតិចិន និងហាមឃាត់គម្រោងអាជីវកម្មរ៉ែធំៗនៅក្នុងតំបន់ជម្រកសត្វព្រៃព្រៃឡង់នាពេលអនាគត បន្ទាប់ពីរកឃើញថា ក្រុមហ៊ុននេះមិនត្រឹមតែជីកយករ៉ែមាស និងរ៉ែថ្មកំបោរទេ ប៉ុន្តែពួកគេបាននាំគ្នាកាប់ឈើខុសច្បាប់ និងធ្វើសកម្មភាពបរបាញ់សត្វព្រៃខុសច្បាប់ថែមទៀត ដែលសកម្មភាពទាំងនេះកំពុងបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ព្រៃឈើ និងជីវិតរបស់ប្រជាជនក្នុងតំបន់នោះ។
អង្គការអន្តរជាតិដដែលនេះបានចងក្រងរបាយការណ៍ស៊ើបអង្កេតរបស់ខ្លួនជាង ៨០ទំព័រ លាតត្រដាងអំពីផលប៉ះពាល់ដល់បរិស្ថានក្នុងតំបន់ជម្រកសត្វព្រៃព្រៃឡង់ ដែលក្រុមហ៊ុន Late Cheng Mining Development កំពុងតែអភិវឌ្ឍលើអណ្ដូងរ៉ែមាសខ្នាតធំចំនួនពីរ នៅក្នុងភូមិស្នងអន ឃុំសុចិត្រ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ក្រោយរដ្ឋាភិបាលកម្ពុជាចេញអាជ្ញាប័ណ្ណអនុញ្ញាតឱ្យក្រុមហ៊ុនឯកជនចិនមួយនេះធ្វើសកម្មភាពរុករករ៉ែក្នុងដែនជម្រកសត្វព្រៃព្រៃឡង់សព្វថ្ងៃនេះ។
បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឲ្យដឹងថា ក្រុមហ៊ុន Late Cheng Mining Development ជាគម្រោងវិនិយោគអាជីវកម្មរ៉ែមាសស្រុកសណ្ដាន់ ខេត្តកំពង់ធំ ក្នុងទុនវិនិយោគប្រមាណ ១៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣០០កន្លែង។ ក្រុមហ៊ុននេះមានសិទ្ធិរុករករ៉ែលើផ្ទៃដី ១៥១គីឡូម៉ែត្រក្រឡា ដើម្បីធ្វើសកម្មភាពរុករករ៉ែរយៈពេល ១៥ឆ្នាំនៅក្នុងតំបន់ព្រៃឡង់នេះ។
ដែនជម្រកសត្វព្រៃឡង់មានទំហំ ៤០ម៉ឺនហិកតារ ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១៦ ដើម្បីការពារបេះដូងរបស់ព្រៃឡង់ ហើយគម្រោងនៃការរុករករ៉ែមាសទាំងនេះ ប្រាកដណាស់មិនស្របនឹងការការពារនៃតំបន់នោះទេ។
សកម្មជនការពារព្រៃឈើលោក ហេង ស្រស់ បានលើកឡើងថា លោកស្វាគមន៍ចំពោះចំណាត់ការរបស់រដ្ឋាភិបាល ប៉ុន្តែលោកនៅតែទទូចឲ្យរដ្ឋាភិបាលលុបចោលអាជ្ញាប័ណ្ណក្រុមហ៊ុនរ៉ែមាសនៅក្នុងតំបន់ព្រៃឡង់ទាំងអស់ ដើម្បីការពារព្រៃឈើ និងធនធានធម្មជាតិ ពីព្រោះក្រុមហ៊ុនទាំងនោះមិនត្រឹមតែរុករករ៉ែប៉ុណ្ណោះទេ ថែមទាំងកាប់ព្រៃឈើ បំផ្លាញសត្វព្រៃ ព្រមទាំងប្រើគីមីធ្វើឲ្យប៉ះពាល់ទៅដល់សុខភាពពលរដ្ឋផងដែរ។
ចំណែកក្រុមចលនាមាតាធម្មជាតិ បានសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីខែតុលា ឆ្នាំ២០២៣ ថា ដែនជម្រកសត្វព្រៃព្រៃឡង់ទំហំជាង ៤សែនហិកតារ ត្រូវបានដាក់ជាតំបន់ការពារដែនជម្រកសត្វព្រៃកាលពីឆ្នាំ២០១៦ ប៉ុន្តែដែនជម្រកសត្វព្រៃមួយនេះមិនត្រូវបានការពារតំបន់ព្រៃឡង់ពីការបំផ្លិចបំផ្លាញឡើយ ព្រោះថាសព្វថ្ងៃនេះ ដែនជម្រកសត្វព្រៃមួយនេះ កំពុងត្រូវបានបំផ្លិចបំផ្លាញដោយសារការកាប់បំផ្លាញព្រៃឈើខុសច្បាប់ ការរុករករ៉ែថ្មកំបោរ និងការបរបាញ់សត្វខុសច្បាប់ ជាដើម ដែលជាហេតុធ្វើឱ្យប៉ះពាល់ដល់ពលរដ្ឋនៅតំបន់នោះយ៉ាងធ្ងន់ធ្ងរ៕
© 2023, ឌឹ ខេមបូឌា ដេលី. All rights reserved.
