អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ អះអាងថា មានអ្នកផ្ទុកមេរោគអេដស៍ប្រមាណ ១ម៉ឺន ២ពាន់នាក់ បានរត់គេចពីការទទួលសេវាព្យាបាល ដែលចំណុចនេះគួរឲ្យព្រួយបារម្ភដែលអាចនឹងធ្វើឲ្យចំនួនអ្នកឆ្លងជំងឺអេដស៍កើនឡើង បើសិនពួកគេនៅតែធ្វើបែបនេះ ខណៈរដ្ឋាភិបាលបានដាក់គោលដៅបញ្ចប់អេដស៍ឆ្នាំ២០២៥។
នៅក្នុងសន្និបាតប្រចាំឆ្នាំ២០២៣ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ នៅថ្ងៃទី៤ ខែធ្នូ កន្លងមក លោកទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានលើកឡើងថា នៅកម្ពុជាមានអ្នកផ្ទុកមេរោគអេដស៍ប្រមាណ ១ម៉ឺន ២ពាន់នាក់បានធ្វើតេស្ដឈាមរកឃើញមានផ្ទុកមេរោគអេដស៍ ប៉ុន្តែពេលនេះ អ្នកទាំងនោះបានបាត់ខ្លួនដោយមិនបានធ្វើតេស្ដរកមេរោគអេដស៍ជាថ្មីទៀតទេ ដែលចំណុចនេះមានការព្រួយបារម្ភថា ជំងឺអេដស៍អាចផ្ទុះឡើងវិញ បើសិនពួកគេមិនទៅទទួលសេវាព្យាបាល។
ប្រភពដដែលបានលើកឡើងថា អ្នកដែលមិនរកសេវាព្យាបាលដោយសារតែពួកគាត់មានការខ្មាសអៀន ក្នុងនោះមានអ្នកមានទ្រព្យធនផង និងអ្នកល្បីផងដែរ។ អ្នកទាំងនោះអាចទៅរកសេវាព្យាបាលឯកជន ដើម្បីលាក់បាំងកុំឲ្យគេដឹង។
ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ អះអាងថា អ្នកដែលធ្វើការព្យាបាលទៀងទាត់ដោយប្រើថ្នាំពន្យារ នឹងអាចធ្វើឲ្យមេរោគអេដស៍បាត់បាន ទោះបីជាគ្មានថ្នាំព្យាបាលជំងឺអេដស៍ក៏ដោយ។
ប្រភពដដែលបានឲ្យដឹងថា ដើម្បីកុំឱ្យមានការឆ្លងកើតឡើងថែមទៀតនូវជំងឺអេដស៍ គឺត្រូវតែមានការព្យាបាល ដូច្នេះ ពេលនេះអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានកំពុងរៀបចំគោលនយោបាយមួយហៅថា គោលនយោបាយលុបបំបាត់អេដស៍ពីកម្ពុជា ឆ្នាំ២០២៣-២០២៨។
លោកអះអាងថា នៅកម្ពុជាមានអត្រាខ្ពស់ក្នុងការទប់ស្កាត់កុំឲ្យឆ្លងជំងឺអេដស៍ ក្នុងនោះគឺយុវជន ហើយក្នុងនោះអ្នកដែលស្រឡាញ់ភេទដូចគ្នា ភាគច្រើនបានឆ្លងជំងឺអេដស៍។
ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអះអាងទៀតថា ក្នុងរយៈពេល ៣ឆ្នាំចុងក្រោយមកនេះ រាជរដ្ឋាភិបាលបានចំណាយថវិកាទិញថ្នាំសម្រាប់ទប់ស្កាត់ការឆ្លងជំងឺអេដស៍ក្នុងមួយឆ្នាំៗ ៥លានដុល្លារអាមេរិក ដើម្បីជួយព្យាបាលអ្នកដែលបានឆ្លងជំងឺអេដស៍។
នៅក្នុងឆ្នាំ២០២២ កន្លងមកនេះ នៅកម្ពុជាមានអ្នកឆ្លងជំងឺអេដស៍មាន ១៤០០នាក់ ដែលជាចំនួនមួយឆ្ងាយពីគោលដៅ ដែលឲ្យមានអ្នកឆ្លងតែមួយថ្ងៃមួយនាក់ ឬស្មើ ៣៦៥នាក់ក្នុងមួយឆ្នាំ។
លទ្ធផលបឋមនៃការសិក្សាប៉ាន់ប្រមាណបែបវិទ្យាសាស្ត្រឆ្នាំ២០២៣ របស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បង្ហាញថា ខេត្តតាកែវ និងខេត្តព្រះសីហនុ ស្ថិតនៅក្នុងចំណោមខេត្ត ៤ ផ្សេងទៀតដែលមានអត្រានៃការឆ្លងមេរោគអេដស៍ថ្មីខ្ពស់ជាងគេនៅកម្ពុជា។
តាមរបាយការណ៍របស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងមេរោគអេដស៍ថ្មីចំនួន ១៤០០នាក់ក្នុងមួយឆ្នាំ ដែលមានន័យថា មនុស្ស ៤នាក់បានឆ្លងមេរោគអេដស៍ជារៀងរាល់ថ្ងៃ។ ដើម្បីឈានទៅបញ្ចប់ការឆ្លងរាលដាលនៃមេរោគអេដស៍ និងជំងឺអេដស៍ ក្នុងដំណាក់កាលដែលស្ថានភាពជំនួយពីបរទេសធ្លាក់ចុះ រដ្ឋាភិបាលអះអាងថារដ្ឋបានចំណាយថវិកាទិញថ្នាំសម្រាប់ទប់ស្កាត់ការឆ្លងជំងឺអេដស៍ក្នុងមួយឆ្នាំៗ ៥លានដុល្លារអាមេរិក ដើម្បីជួយព្យាបាលអ្នកដែលបានឆ្លងជំងឺអេដស៍៕
© 2023, ឌឹ ខេមបូឌា ដេលី. All rights reserved.
