តំណាងរាស្ត្រអតីតបក្សប្រឆាំង បន្ទោសរដ្ឋាភិបាលដែលកំពុងដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ថាកំពុងបើកដៃឱ្យក្រុមហ៊ុនចិន រកស៊ីលើខ្នងខ្មែរតាមអំពើចិត្តជុំវិញការកំណត់តម្លៃរថយន្តដែលបើកបរលើផ្លូវចូលទៅព្រលានយន្តហោះថ្មីខេត្តសៀមរាប ដែលក្រុមហ៊ុនចិន នឹងចាប់ផ្តើមអនុវត្តចាប់ពីដើមឆ្នាំ២០២៤ ខាងមុខនេះ។
តំណាងរាស្ត្រអតីតគណបក្សសង្គ្រោះជាតិលោក អ៊ុំ សំអាន សរសេរលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃទី២៥ ធ្នូ នេះថា ខ្មែរពិតជាធ្វើបានមែនក្នុងរដ្ឋអំណាចដែលដឹកនាំដោយរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា ព្រោះថា សូម្បីផ្លូវទៅព្រលានយន្តហោះថ្មីខេត្តសៀមរាប ក៏ត្រូវបង់លុយដែរ ទោះបីជាផ្លូវនេះជាផ្លូវធម្មតាដែលមិនមែនជាផ្លូវល្បឿនលឿនក៏ដោយ ហើយការធ្វើបែបនេះ មានន័យថា រដ្ឋាភិបាលខ្មែរបានបើកដៃឱ្យក្រុមហ៊ុនចិន ធ្វើអាជីវកម្មលើក្បាលខ្មែរដែលមិនអាចប្រកែកបានឡើយ។
លោក អ៊ុំ សំអាន លើកឡើងថា ក្រុមហ៊ុនចិន នឹងចាប់ផ្តើមយកលុយពីរថយន្តដែលធ្វើដំណើរទៅកាន់ព្រលានយន្តហោះថ្មីខេត្តសៀមរាប ចាប់ពីដើមឆ្នាំ២០២៤ នេះតទៅ ហើយនឹងត្រូវដំឡើងថ្លៃជាបន្តបន្ទាប់នៅឆ្នាំ២០២៦។ លោកបន្ថែមថា គ្មានប្រទេសណាលើពិភពលោកយកលុយលើផ្លូវធម្មតាបែបនេះទេ មានតែប្រទេសខ្មែរដែលស្ថិតក្រោមការគ្រប់គ្រងរបស់គណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះ។
មន្ត្រីជាន់ខ្ពស់អតីតបក្សប្រឆាំងរូបនេះលើកឡើងដោយប្រៀបធៀបព្រលានយន្តហោះអន្តរជាតិភ្នំពេញពោធិ៍ចិនតុង និងព្រលានយន្តហោះថ្មីសៀមរាប ថា ផ្លូវពីជាយក្រុងភ្នំពេញទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញពោធិ៍ចិនតុង មិនតម្រូវឱ្យបង់លុយទេ ដោយសារតែព្រលានយន្តហោះនេះគ្រប់គ្រងដោយក្រុមហ៊ុនបារាំង ប៉ុន្តែគេគ្រាន់តែតម្រូវឱ្យបង់លុយពេលរថយន្តចូលទៅចតនៅចំណតក្នុងព្រលានយន្តហោះប៉ុណ្ណោះ។
លោក អ៊ុំ សំអាន បញ្ជាក់ថា ដោយឡែកព្រលានយន្តហោះថ្មីខេត្តសៀមរាប ដែលគ្រប់គ្រងដោយក្រុមហ៊ុនចិន បានតម្រូវឱ្យម្ចាស់រថយន្តគ្រប់ប្រភេទដែលត្រូវធ្វើដំណើរតាមផ្លូវចូលទៅព្រលានយន្តហោះដែលមានប្រវែងត្រឹមតែប្រមាណ ២០គីឡូម៉ែត្រប៉ុណ្ណោះពីជាយក្រុងសៀមរាប ត្រូវតែបង់គ្រប់គ្នា។ ជាងនេះទៀត គេក៏តម្រូវឱ្យបង់លុយសម្រាប់រថយន្តដែលបានចូលចតក្នុងចំណតឡានដែលនៅក្នុងព្រលាននោះថែមទៀត។
ក្រុមហ៊ុនចិនដែលគ្រប់គ្រងព្រលានយន្តហោះថ្មីខេត្តសៀមរាប បានចេញតារាងតម្លៃសម្រាប់រថយន្តគ្រប់ប្រភេទដែលបើកបរលើផ្លូវដែលចិនបានសាងសង់ទៅកាន់អាកាសយានដ្ឋានអន្តរជាតិថ្មីខេត្តសៀមរាប ប្រវែង ២០គីឡូម៉ែត្រ ដោយកំណត់តម្លៃទៅតាមប្រភេទឡាននីមួយៗ ក្នុងនោះ រថយន្តដែលត្រូវបង់ថ្លៃ ៣ដុល្លារក្នុងឆ្នាំ២០២៤ និងឡើងថ្លៃដល់ ៤ដុល្លារនៅឆ្នាំ២០២៦។
ចំណែករថយន្តដែលត្រូវបង់ថ្លៃ ៦ដុល្លារក្នុងឆ្នាំ២០២៤ និងត្រូវដំឡើងថ្លៃដល់ ៨ដុល្លារនៅឆ្នាំ២០២៦ ដែរ។ ជាងនេះទៀត រថយន្តដែលត្រូវបង់ថ្លៃ ៩ដុល្លារក្នុងឆ្នាំ២០២៤ នឹងត្រូវឡើងថ្លៃទៅជា ១២ដុល្លារនៅឆ្នាំ២០២៦ ដោយឡែករថយន្តដែលត្រូវបង់ថ្លៃ ១២ដុល្លារក្នុងឆ្នាំ២០២៤ នឹងក៏ត្រូវដំឡើងថ្លៃដល់ ១៦ដុល្លារនៅឆ្នាំ២០២៦ ផងដែរ។
ក្រៅពីការកំណត់តម្លៃរថយន្តដែលបើកបរលើដងផ្លូវទៅព្រលានយន្តហោះថ្មី ក្រុមហ៊ុនចិនក៏បានចេញកំណត់តម្លៃចំណតរថយន្តក្នុងព្រលានយន្តហោះថ្មីខេត្តសៀមរាប នេះដែរ ក្នុងនោះ រថយន្តដែលចតក្នុងចំណតក្រោម ៣០នាទី ត្រូវបង់ ១ដុល្លារ ប៉ុន្តែបើចតលើសពី ៣០នាទី ត្រូវបន្ថែម ២ពាន់រៀល ឬ ០,៥០ដុល្លាររាល់ ៣០នាទីម្តង ប៉ុន្តែតម្លៃនេះមិនដូចគ្នាទេ គឺអាស្រ័យទៅតាមប្រភេទរថយន្តនីមួយៗ ក្នុងនោះ រថយន្តខ្លះត្រូវតម្រូវឱ្យបង់ថ្លៃ ៣០០០រៀល ឬ ០,៧៥ដុល្លារ ខណៈរថយន្តប្រភេទខ្លះត្រូវបង់ ៨០០០រៀល ឬ ២ដុល្លារ នៅពេលដែលចតលើសពី ៣០នាទី ហើយតម្លៃនេះ គឺត្រូវគិតរាល់ ៣០នាទីម្តង។
ក្នុងតារាងកំណត់តម្លៃចំណតបញ្ជាក់ថា ម្ចាស់រថយន្តត្រូវទទួលខុសត្រូវដោយខ្លួនឯងចំពោះហានិភ័យផ្សេងៗលើរថយន្តរបស់ខ្លួន ព្រោះថា ក្រុមហ៊ុនមិនទទួលខុសត្រូវរាល់ការបាត់បង់របស់ផ្ទាល់ខ្លួនណាមួយដែលត្រូវបានរក្សាទុកក្នុងចំណតនៃព្រលានយន្តហោះថ្មីនេះឡើយ។ ជាងនេះទៀត យានជំនិះគ្រប់ប្រភេទត្រូវបានហាមឃាត់ដាច់ខាត ដូចជា កង់បី ម៉តូរ៉ឺម៉ក ស៊ីក្លូ មិនអនុញ្ញាតឱ្យចូលក្នុងបរិវេណព្រលានឡើយ។
ទាក់ទិននឹងបញ្ហានេះ នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា ធ្លាប់បានប្រាប់សារព័ត៌មាន The Cambodia Daily ថា ប្រសិនបើការសាងសង់ព្រលានយន្តហោះនេះជាប្រាក់កម្ចីរបស់ចិន ហើយផ្តល់សិទ្ធិឱ្យចិនប្រមូលផលប្រយោជន៍ទៅវិញដោយគ្មានលក្ខខណ្ឌត្រឹមត្រូវនៅពេលដាក់ឱ្យដំណើរការនោះ គឺមានន័យថា ចិនកំពុងធ្វើស្រែលើខ្នងខ្មែរយ៉ាងពិតប្រាកដ។
ក្រុមអ្នកសង្កេតការណ៍លើកឡើងថា ការដាក់វិនិយោគរបស់ចិនលើព្រលានយន្តហោះថ្មីនេះ មិនបានផ្តល់ផលប្រយោជន៍សម្រាប់ប្រទេសកម្ពុជា និងពលរដ្ឋរបស់ខ្លួននោះទេ ព្រោះថាបើគិតលើចំណូលរបស់ពលរដ្ឋខ្មែរដែលទទួលបានពីការធ្វើកម្មករ និងការលក់ដូរអីវ៉ាន់បន្តិចបន្តួចនៅក្នុងព្រលាននេះ គឺទទួលបានផលតិចតួចណាស់ បើធៀបទៅនឹងក្រុមហ៊ុនចិន ត្រូវប្រមូលពីសេវាកម្មទេសចរណ៍ដែលចូលមកព្រលាននេះក្នុងរយៈពេល ៥៥ឆ្នាំ ខណៈអ្នកលក់អីវ៉ាន់ធំៗក៏ជាឈ្មួញជនជាតិចិន ថែមទៀត។
ប្រភពដដែលត្អូញត្អែរថា តាមបទពិសោធន៍កន្លងមក សំណង់របស់ចិនមិនដែលមានភាពរឹងមាំជាប់បានយូរទេ ដូច្នេះសំណង់របស់ព្រលាននេះក៏ប្រហែលជាមិនខុសគ្នាដែរ ក្នុងកិច្ចសន្យា ៥៥ឆ្នាំដែលចិនជាអ្នកគ្រប់គ្រង និងទទួលផលពីសេវារបស់ព្រលានយន្តហោះនេះ ប៉ុន្តែនៅពេលចប់កុងត្រាដល់វេនកម្ពុជាធ្វើជាម្ចាស់កម្មសិទ្ធិ ក៏ប្រហែលអាចជាពេលដែលត្រូវជួសជុលក្នុងកម្រិតធ្ងន់ធ្ងរផងដែរ ព្រោះថា ចិនតែងតែគិតពីចំណេញខាតជានិច្ច ចិនមិនដែលគិតរឿងមុខមាត់ទំនាក់ទំនង ឬជួយដោយស្មោះត្រង់នោះទេ ទោះជាមិត្តដែកថែបដូចកម្ពុជាក៏ដោយ៕