មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា ទម្លាយថា មន្ត្រីគ្រាក់ៗក្នុងជួររដ្ឋាភិបាលថ្មីបញ្ជាក់ថា លោក ហ៊ុន ម៉ាណែត នឹងមិនដោះស្រាយវិវាទការងារក្រុមកូដករនៃក្រុមហ៊ុនណាហ្គាវើលដ៍ដាច់ខាត ក្រោមហេតុផលថា ប្រសិនបើគាត់ដោះស្រាយវិវាទនេះ គឺដូចជាលើកទឹកចិត្តឱ្យកម្មករនិយោជិតនៅតាមបណ្តាក្រុមហ៊ុននានាចេញមុខតវ៉ាកាន់តែច្រើន។
មន្ត្រីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ ប្រាប់សារព័ត៌មាន The Cambodia Daily ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះដើម្បីសុវត្ថិភាពផ្ទាល់ខ្លួននៅថ្ងៃទី១៥ មករា នេះថា រដ្ឋាភិបាលថ្មីរបស់លោក ហ៊ុន ម៉ាណែត ក្រោមការគ្រប់គ្រងរបស់លោក ហ៊ុន សែន មានផែនការគាបសង្កត់លើសិទ្ធិសេរីភាពបញ្ចេញមតិគ្រប់ផ្នែកទាំងអស់ក្នុងអាណត្តិដំបូងនៃការកាន់អំណាចរបស់លោក ហ៊ុន ម៉ាណែត ដើម្បីធានានូវស្ថិរភាពនៃការក្តោបក្តាប់អំណាចឱ្យបានរឹងមាំ ព្រោះថាគាត់ដឹងថា ទាំងមន្ត្រីរដ្ឋាភិបាល និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់តាមក្រសួងស្ថាប័ននីមួយៗ កំពុងចាំមើលសមត្ថភាពដឹកនាំប្រទេសរបស់គាត់ក្នុងអាណត្តិទី១ នេះ។
ប្រភពមន្ត្រីខាងលើលើកឡើងថា ទាំងមន្ត្រីរាជការ និងមន្ត្រីរដ្ឋាភិបាលចាស់ៗដែលលោក ហ៊ុន សែន ប្រមូលយកទៅទុកចោលដើម្បីបើកផ្លូវឱ្យលោក ហ៊ុន ម៉ាណែត តែងតាំងជាមន្ត្រីរដ្ឋាភិបាលថ្មីសព្វថ្ងៃនេះ គឺសុទ្ធតែមិនពេញចិត្តនឹងកំណែទម្រង់របស់លោក ហ៊ុន ម៉ាណែត ដែលស្ថិតក្រោមការចាត់ចែងរបស់លោក ហ៊ុន សែន នោះទេ។
ប្រភពដដែលបន្ថែមថា ពួកគេមិនជឿជាក់លើសមត្ថភាពដឹកនាំរបស់លោក ហ៊ុន ម៉ាណែត ទេ។ ម្យ៉ាងវិញទៀត ពួកគេក៏មិនពេញចិត្តនឹងការរៀបចំឱ្យមានការគ្រប់គ្រងបែបតំណពូជដូចដែលលោក ហ៊ុន សែន កំពុងរៀបចំដូចពេលនេះដែរ ព្រោះការរៀបចំបែបនេះ នឹងធ្វើឱ្យពួកគេបាត់បង់ផលប្រយោជន៍ដែលខ្លួនធ្លាប់ទទួលបានពីមុន ព្រោះតែផលប្រយោជន៍ទាំងនោះនឹងត្រូវធ្លាក់តែទៅលើខ្សែបក្ខពួកដែលជិតស្និទ្ធនឹងលោក ហ៊ុន ម៉ាណែត ប៉ុណ្ណោះ។
មន្ត្រីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃរូបនេះបញ្ជាក់ថា សព្វថ្ងៃនេះ លោក ហ៊ុន សែន កំពុងជួយរៀបចំកៅអីអំណាចឱ្យលោក ហ៊ុន ម៉ាណែត យ៉ាងម៉ត់ចត់បំផុត ដើម្បីកុំឱ្យលេចចេញនូវចរន្តតវ៉ាណាមួយក្នុងដំណាក់កាលនេះ ក្នុងនោះ ការតវ៉ារបស់កូដករនៃក្រុមហ៊ុនណាហ្គាវើលដ៍ ក៏ពួកគេចាត់ទុកជាចរន្តមួយដែលនាំទៅដល់ភាពរង្គោះរង្គើនៃផែនការឱបក្រសោបអំណាចរបស់លោក ហ៊ុន ម៉ាណែត ដែរ ព្រោះថាបើរដ្ឋាភិបាលដោះស្រាយបញ្ហាណាហ្គាវើលដ៍នោះ ចរន្តនៃការតវ៉ាតាមរោងចក្រផ្សេងទៀត ក៏នឹងងើបឡើងដែរ ដែលជាហេតុធ្វើឱ្យរដ្ឋាភិបាលថ្មីនេះពិបាកគ្រប់គ្រង ឬទប់ស្កាត់ចរន្តនៃការតវ៉ាទាំងនោះទៅថ្ងៃក្រោយ។
ការអះអាងនេះ ធ្វើឡើងស្របពេលដែលរដ្ឋាភិបាលថ្មីរបស់លោក ហ៊ុន ម៉ាណែត មិនដែលលើកឡើងសូម្បីតែម្តងពីការតវ៉ាទាមទារសិទ្ធិការងាររបស់ក្រុមកូដករនៃក្រុមហ៊ុនណាហ្គាវើលដ៍ ដែលរងនូវការរំលោភបំពានសិទ្ធិការងារអស់រយៈពេលជាង ២ឆ្នាំកន្លងមកនេះ។
កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ក្រុមកូដករក្រុមហ៊ុនណាហ្គាវើលដ៍ជិត ៤០នាក់ (៣៦នាក់) បន្តធ្វើកូដកម្មទាមទារយុត្តិធម៌នៅមុខក្រុមហ៊ុនណាហ្គាវើលដ៍២ ដែលស្ថិតក្នុងភូមិ៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដើម្បីទាមទារឱ្យថៅកែក្រុមហ៊ុនដោះស្រាយឱ្យពួកគេបានចូលបម្រើការងារវិញ និងទាមទារឲ្យតុលាការដោះលែងកញ្ញា ឈឹម ស៊ីថរ ព្រមទាំងទម្លាក់ចោលបទចោទមកលើសមាជិកសហជីពរបស់ពួកគេផងដែរ។
ក្រុមកូដករខាងលើប្រមូលផ្ដុំគ្នាដោយការឈរលើកបដា ដែលសរសេរថា មានសហជីព ទើបមានសិទ្ធិការងារពេញលេញនៅកន្លែងការងារ។ ជាងនេះទៀត ពួកគេបានផ្លុំត្រែ និងវាយស្គរ ជាដើម ក្នុងនោះក៏មានក្រុមសន្តិសុខរបស់ក្រុមហ៊ុនប្រហែល ១០នាក់ និងមានក្រុមជនស៊ីវិលប្រមាណជិត ១០នាក់តាមថតរូបក្រុមកូដករ និងអ្នកឃ្លាំមើលសិទ្ធិមនុស្សដែលបានចូលរួមតាមដាននៅពេលនោះថែមទៀត។
កាលពីចុងខែធ្នូ ឆ្នាំ២០២៣ សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ បានចេញសេចក្តីថ្លែងការណ៍ថា ការតវ៉ាទាមទាររបស់ក្រុមកូដករនៃក្រុមហ៊ុនណាហ្គាវើលដ៍ គឺដើម្បីឱ្យក្រុមហ៊ុនគោរពសិទ្ធិសហជីព ដោះលែងកញ្ញា ឈឹម ស៊ីថរ និងទម្លាក់ចោលរាល់បទចោទលើសមាជិកសហជីពនានា ព្រមទាំងទទួលយកបុគ្គលិកដែលក្រុមហ៊ុនបានបញ្ឈប់ ឱ្យចូលធ្វើការវិញប៉ុណ្ណោះ មិនមែនមានចេតនាផ្តួលរំលំរដ្ឋាភិបាលដូចការចោទប្រកាន់កន្លងមកឡើយ។
សេចក្តីថ្លែងការណ៍ខាងលើបញ្ជាក់ថា រយៈពេល ២ឆ្នាំមកនេះ វិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍ មិនត្រូវបានដោះស្រាយសូម្បីតែមួយចំណុច។ ផ្ទុយទៅវិញ ក្រុមកូដករដែលភាគច្រើនជាស្ត្រី ត្រូវបានរងនូវអំពើហិង្សា និងការបៀតបៀនពីសំណាក់កងកម្លាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់បែបយ៉ាង រហូតបង្កទៅជារបួសស្នាមលើក្រុមកូដករ ទាំងរូបរាងកាយ និងផ្លូវចិត្ត ក្នុងនោះកូដករដែលជាស្ត្រីដែលមានផ្ទៃពោះ ក៏រលូតកូនក្នុងផ្ទៃដោយសារការប្រើអំពើហិង្សារបស់សមត្ថកិច្ចដែរ។
កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ កន្លងទៅ ក្រុមហ៊ុនណាហ្គាវើលដ៍ បានបញ្ឈប់កម្មករនិយោជិតជាង ១ពាន់នាក់ (១៣២៩នាក់) ក្នុងបំណងរំលាយក្រុមសហជីពតែម្តង ប៉ុន្តែនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ កម្មករដែលត្រូវបញ្ឈប់ពីការងារ ក៏បាននាំគ្នាធ្វើកូដកម្មទាមទារយុត្តិធម៌តែម្តង ប៉ុន្តែរហូតដល់ពេលនេះអស់រយៈពេលជាង ២ឆ្នាំហើយ វិវាទនេះនៅតែគ្មានដំណោះស្រាយដដែល ខណៈប្រធានសហជីពកញ្ញា ឈឹម ស៊ីថរ ក៏ត្រូវបានសមត្ថកិច្ចក្រុងភ្នំពេញចាប់ឃុំខ្លួន និងក្រុមកូដករមួយចំនួនផ្សេងទៀត កំពុងរងនូវបណ្តឹងតាមផ្លូវតុលាការសព្វថ្ងៃនេះ។
បច្ចុប្បន្ននេះ ក្រុមកូដករណាហ្គាវើលដ៍ចំនួន ៩នាក់ កំពុងរងនូវបណ្តឹងតាមផ្លូវតុលាការ ក្រោមបទចោទ “ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម” ដូចជា ប្រធានទ្រទ្រង់សិទ្ធិការងារកម្មករខ្មែរ កញ្ញា ឈឹម ស៊ីថរ ថ្នាក់ដឹកនាំសហជីព កញ្ញា ឈឹម សុខ និងសកម្មជនសហជីពអ្នកស្រី រី សុវណ្ណឌី ជាដើម ក្រោយក្រុមកូដករទាំងនោះធ្វើកូដកម្មទាមទារឲ្យថៅកែក្រុមហ៊ុនណាហ្គាវើលដ៍ ដោះស្រាយវិវាទការងារជាមួយខ្លួននាពេលកន្លងមក៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.
