គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ព្រមានដោយមិនចំឈ្មោះ ប៉ុន្តែគេដឹងថាជាគណបក្សភ្លើងទៀន ដោយអំពាវនាវឲ្យបញ្ឈប់ធ្វើសកម្មភាពខុសច្បាប់ជាបន្ទាន់ បន្ទាប់ពីមេដឹកនាំគណបក្សនេះបានចុះណែនាំ និងផ្សព្វផ្សាយដល់សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ជាប់ឆ្នោតរបស់ខ្លួន ឲ្យពិចារណាប្រើសិទ្ធិគាំទ្រគណបក្សឆន្ទៈខ្មែរ ដែលតំណាងឲ្យបក្សភ្លើងទៀន នៅក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥។
នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ គ.ជ.ប បានចេញសេចក្តីថ្លែងការណ៍របស់ខ្លួនដោយយល់ឃើញថា គណបក្សនយោបាយមួយដែលគ្មានបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត បានធ្វើសកម្មភាពគំរាមកំហែងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់របស់ខ្លួនឲ្យបោះឆ្នោតជូនគណបក្សនេះ ឬគណបក្សនោះ ដែលជាការរំលោភសិទ្ធិក្នុងការសម្រេចចិត្តរបស់អ្នកបោះឆ្នោត រំលោភការណ៍សម្ងាត់នៃការបោះឆ្នោត និងធ្វើឲ្យបាត់ទំនុកចិត្តលើការបោះឆ្នោត។
គ.ជ.ប បានអំពាវនាវឲ្យគណបក្សដែលធ្វើសកម្មភាពខុសច្បាប់ បញ្ឈប់ជាបន្ទាន់ និងត្រៀមចាត់វិធានការផ្លូវច្បាប់ចំពោះគណបក្សដែលប្រព្រឹត្តផ្ទុយនឹងមាត្រា៧១ នៃច្បាប់ស្ដីពីការជ្រើសតាំងតំណាងរាស្ត្រ ដែលត្រូវយកទៅអនុវត្តសម្រាប់ការបោះឆ្នោតព្រឹទ្ធសភាឆ្នាំ២០២៤។
ទាក់ទងទៅនឹងការលើកឡើងរបស់ គ.ជ.ប អគ្គលេខាធិការគណបក្សភ្លើងទៀនលោក លី សុធារ៉ាយុត្តិ បានប្រាប់សារព័ត៌មានក្នុងស្រុកថា គណបក្សភ្លើងទៀនតែងតែគោរពច្បាប់ ដោយមិនដែលប្រើប្រាស់មធ្យោបាយទុច្ចរិតណាមួយឡើយ។
លោកបន្ថែមថា គណបក្សប្រឆាំងរបស់លោកគឺជាអ្នករងគ្រោះ ដោយសារអង្គបោះឆ្នោតរបស់ខ្លួនមួយចំនួនបានរងនូវការបំភិតបំភ័យ ហើយក៏បានស្នើឲ្យ គ.ជ.ប ជួយទប់ស្កាត់សកម្មភាពនេះផងដែរ។
អតីតមេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី ធ្លាប់បានអំពាវនាវឱ្យអង្គបោះឆ្នោតសម្រាប់ការបោះឆ្នោតព្រឹទ្ធសភានៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ នាំគ្នាទៅបោះឆ្នោតឱ្យគណបក្សភ្លើងទៀន គណបក្សកម្លាំងជាតិ និងគណបក្សឆន្ទៈខ្មែរ ដែលលោកចាត់ទុកថាជាគណបក្សដែលតំណាងឱ្យកម្លាំងប្រជាធិបតេយ្យនៅកម្ពុជានៅពេលនេះ ទើបអាចកម្ចាត់ការដឹកនាំបែបផ្ដាច់ការបានជោគជ័យ។
ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ ដែលមានគណបក្សចំនួន៤ ចូលរួម គឺគណបក្សប្រជាជនកម្ពុជា គណបក្សឆន្ទៈខ្មែរ គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សកម្លាំងជាតិ។
ចាប់តាំងពីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ មក កម្ពុជាបានទទួលយករបបប្រជាធិបតេយ្យសេរីពហុបក្សដោយការបោះឆ្នោតជ្រើសរើសមេដឹកនាំ និងមន្ត្រីនៅមូលដ្ឋានរបស់ខ្លួន ដូចជាការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ និងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ជាដើម ដែលមានអាណត្តិ ៥ឆ្នាំដូចៗគ្នា។
ប្រទេសកម្ពុជា បោះឆ្នោតជាអសកលជ្រើសរើសក្រុមប្រឹក្សារាជធានីខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក និងក្រុមប្រឹក្សាខណ្ឌបាន ៣ដងរួចមកហើយ ខណៈការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្របានធ្វើឡើង ៧អាណត្តិ ចំណែកការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា បានធ្វើឡើងបាន ៣ដងដែរ ចំណែកឯការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់បានធ្វើឡើង ៦ដង៕