យោងតាមការស្ទង់មតិរបស់ក្រុមប្រឹក្សាអឺរ៉ុប រុស្ស៊ីមានផ្លូវឈ្នះសង្គ្រាមអ៊ុយក្រែន មានតែ ២០ភាគរយប៉ុណ្ណោះ។ ចំណែកអ៊ុយក្រែន វិញមានតែ ១០ភាគរយ ដែលអាចវាយឈ្នះរុស្ស៊ី។
យោងតាមការបង្ហាញរបស់ក្រុមប្រឹក្សាអឺរ៉ុប ប្រទេសជិតខាងទាំងពីរនេះដូចជាមិនអាចរកឃើញអ្នកឈ្នះសង្គ្រាមពិតប្រាកដបានទេ ទាំងរុស្ស៊ី និងអ៊ុយក្រែន។ វាមានតែប្រយុទ្ធគ្នារាប់ខែទៅមុខទៀត។
ការប្រយុទ្ធគ្នារវាងរុស្ស៊ី និងអ៊ុយក្រែន បានអូសបន្លាយរយៈពេលពីរឆ្នាំទៅហើយ។ បច្ចុប្បន្ននេះ កងទ័ពនៃប្រទេសទាំងពីរកំពុងធ្លាក់ចូលក្នុងការប្រយុទ្ធគ្នាយ៉ាងខ្លាំងបំផុត។
រុស្ស៊ី មិនព្រមចូលតុចរចា ឯអ៊ុយក្រែន ក៏មិនបានលុតជង្គង់លូតទៅរកតុចរចាដែរ។ កងទ័ពអ៊ុយក្រែន នៅតែក្រាញននៀលលើសមរភូមិ ថ្វីបើខ្លួនជាប្រទេសទន់ខ្សោយក៏ដោយ។
មេដឹកនាំប្រទេសណាមិនដឹងទេ តែសម្រាប់ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡេនស្គី បើទោះជាកើតចេញពីតារាកំប្លែងក៏ដោយ គឺមិនដែលបោះពាក្យសុំសន្តិភាពពីលោក វ៉្លាឌីមៀ ពូទីន បុរសខ្លាំងគ្មានគូប្រៀបនៅវិមានក្រឹមឡាំង ម្ដងណាឡើយ។ នេះជាភាពខ្លាំងរបស់អ៊ុយក្រែន ដែលមានមេដឹកនាំមិនលុតជង្គង់សុំសន្តិភាពពីអ្នកឈ្លានពាន។
នៅលើពិភពលោកយើងនេះ មេដឹកនាំប្រទេសខ្លះត្រូវគេមើលឃើញថាខ្លាំងតែទៅលើជាតិសាសន៍ខ្លួនឯង។ មេដឹកនាំខ្លាំងរូបនោះបង្ក្រាបជាតិសាសន៍ខ្លួនឯងក្រាបដល់ដី ជាមួយនឹងលេសថា ការពារសន្តិភាព និងសន្តិសុខប្រទេស ហើយជាមួយប្រទេសជិតខាងក៏តែងប្រើពាក្យថា សន្តិភាពគឺជាអាយុជីវិតនៃមិត្តភាពម៉ឺនឆ្នាំ។
ហេតុអ្វីបានជាលោក ហ្សេឡេនស្គី និងប្រជាជនអ៊ុយក្រែន មិនព្រមចុះចាញ់រុស្ស៊ី?
បើនិយាយពីកម្រិតស្នេហាជាតិរបស់លោក ហ្សេឡេនស្គី មេទ័ពរបស់លោក រួមទាំងយុទ្ធជននៅលើសមរភូមិ គឺគួរឱ្យស្ញប់ស្ញែងបំផុត ដែលប្រទេសទន់ខ្សោយខាងវិស័យការពារជាតិដូចអ៊ុយក្រែន នេះ សមណាស់ចុះចាញ់ការឈ្លានពានរបស់មហាអំណាចរុស្ស៊ី នៅមុនរុស្ស៊ីបើកការវាយប្រហារថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។ នេះបើនិយាយយោងទៅរកប្រទេសមួយចំនួនដែលមិនចង់ធ្លាក់ក្នុងសង្គ្រាម គឺពិតណាស់យល់ព្រមទទួលយកសន្តិភាពក្លែងក្លាយពីអ្នកឈ្លានពាន។
សម្រាប់ប្រជាជនអ៊ុយក្រែន កងទ័ពអ៊ុយក្រែន និងគណៈរដ្ឋមន្ត្រីរបស់លោក ហ្សេឡេនស្គី មិនដូចប្រទេសមួយចំនួននោះទេ។ យោងតាមការស្ទង់មតិមួយមុនខួប ២ឆ្នាំនៃសង្គ្រាម បានបង្ហាញថា ប្រជាជនអ៊ុយក្រែន ជិត ៨០% នៅតែចង់ឱ្យបន្តសង្គ្រាមរហូតដល់រុស្ស៊ីយល់ព្រមដកទ័ពត្រឡប់ទៅប្រទេសរុស្ស៊ីវិញ។
ប្រជាជនអ៊ុយក្រែនភាគច្រើនមិនចង់ឱ្យលោក ហ្សេឡេនស្គី បញ្ជូនប្រតិភូទៅចរចាជាមួយរុស្ស៊ី លើកលែងរុស្ស៊ី ទទួលយកលក្ខខណ្ឌអំពីការដកទ័ពរុស្ស៊ី ចេញពីអ៊ុយក្រែន។ ទាំងនេះក៏ជាកត្តាមួយផងដែរលើកទឹកចិត្តរដ្ឋាភិបាលលោក ហ្សេឡេនស្គី និងកងទ័ពអ៊ុយក្រែន ក្រាញននៀលប្រយុទ្ធជាមួយនឹងកងទ័ពមហាអំណាចយោធាលំដាប់ទី២ ពិភពលោក។
កត្តាលើកទឹកចិត្តពីក្រុមប្រទេសប្រជាធិបតេយ្យ និងបស្ចិមប្រទេស តាមរយៈការផ្ដល់ជំនួយយោធា និងជំនួយផ្សេងៗ ក៏ជាផ្នែកមួយលើកស្មារតីនៃការតស៊ូប្រយុទ្ធរបស់កងទ័ពអ៊ុយក្រែន ដែលមានលោក ហ្សេឡេនស្គី ជាមេដឹកនាំប្រទេស។
ការផ្ដល់អាវុធ គ្រាប់រំសេវរបស់ក្រុមបស្ចិមប្រទេស បាននាំឱ្យកងទ័ពអ៊ុយក្រែន មានលទ្ធភាពវាយបក និងទប់ទល់ការវាយលុករបស់កងទ័ពរុស្ស៊ី មកដល់ពេលនេះ។
ក្នុងសង្គ្រាម ៤ខែដំបូង រុស្ស៊ីវាយលុកធ្លាយជិតដល់រដ្ឋធានីគៀវ តែនៅពេលអាវុធរបស់ក្រុមបស្ចិមប្រទេសបញ្ជូនចូលដល់ប្រទេសអ៊ុយក្រែន ភ្លាមនោះ កងទ័ពអ៊ុយក្រែន កាន់តែមានទឹកចិត្តប្រយុទ្ធរហូតរុញទ័ពរុស្ស៊ី ឱ្យបាក់ទ័ពរត់ចេញពីតំបន់ភាគខាងជើងក្រុងគៀវ ហើយរត់ទៅតំបន់ដុនបាស់ភាគខាងកើតប្រទេសអ៊ុយក្រែន។
កត្តាមួយទៀតដែលលើកទឹកចិត្តប្រជាជនអ៊ុយក្រែន គឺការឈ្នះនៅលើសមរភូមិការទូត។ ការឈ្នះរបស់អ៊ុយក្រែន គេអាចរាប់តាំងពីសម័យប្រជុំនៃមហាសន្និបាតអង្គការសហប្រជាជាតិ ដែលបោះឆ្នោតសំឡេងលើសលប់ថ្កោលទោសរុស្ស៊ីឈ្លានពានអ៊ុយក្រែន និងទាមទារឱ្យរុស្ស៊ី ដកទ័ពចេញពីប្រទេសអ៊ុយក្រែន ទើបសង្គ្រាមអាចបិទបញ្ចប់។
នៅវេទិកាផ្សេងៗទៀត រាប់ទាំងជំនួបកំពូលនៃប្រទេស G-20 និងសន្និសីទអន្តរជាតិស្ដីពីសង្គ្រាមឈ្លានពានរបស់រុស្ស៊ី លើប្រទេសអ៊ុយក្រែន ក៏រុស្ស៊ីចាញ់ប្រៀបអ៊ុយក្រែន ដែរ។ ជុំវិញរឿងនេះ សូម្បីលោក ពូទីន ដែលត្រូវមានវត្តមាននៃជំនួបកំពូលមេដឹកនាំ G-20 ដែលធ្វើឡើងនៅប្រទេសឥណ្ឌូនេស៊ី និងប្រទេសឥណ្ឌា ហើយរាប់ទាំងជំនួបកំពូលនៃមេដឹកនាំប្រទេសសហប្រតិបត្តិការ BRISC ក៏លោក វ៉្លាឌីមៀ ពូទីន មិនបានចូលរួមដែរ ព្រោះបារម្ភពីការស្វែងរកចាប់ដោយរដ្ឋអាជ្ញារបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC។
តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC បានចេញដីកាចាប់ខ្លួនលោក ពូទីន កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មសង្គ្រាមនៅលើទឹកដីនៃប្រទេសអ៊ុយក្រែន ដែលប្រព្រឹត្តដោយកងទ័ពរុស្ស៊ី ក្រោមការបញ្ជាឱ្យលើកលុកលុយប្រទេសអ៊ុយក្រែន ដោយលោក ពូទីន ឋានៈជាប្រធានាធិបតីរុស្ស៊ី។
ទាំងនេះ សុទ្ធតែជាបុព្វហេតុប្រវត្តិសាស្ត្រពិភពលោកដែលនាំឱ្យលោក ហ្សេឡេនស្គី និងប្រជាជនអ៊ុយក្រែន មិនព្រមចុះចាញ់សង្គ្រាមឈ្លានពានរបស់មហាអំណាចរុស្ស៊ី៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.
