ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន ព្រមានអំពីផលវិបាកនៃការផ្ទុះសង្គ្រាមនុយក្លេអ៊ែរ ប្រសិនបើក្រុមប្រទេសណាតូ ឬបស្ចិមប្រទេស បញ្ជូនកងទ័ពទៅកាន់ប្រទេសអ៊ុយក្រែន។
ប្រធានាធិបតីរុស្ស៊ីរូបនេះបានថ្លែងព្រមានពីមហាសោកនាដកម្ម នឹងកើតឡើងចំពោះការសម្រេចចិត្តណាមួយពីប្រទេសលោកខាងលិច ដែលចង់បញ្ជូនកងទ័ពរបស់ខ្លួនទៅកាន់ប្រទេសអ៊ុយក្រែន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១ មីនា នេះ។
សារព្រមានពីមេដឹកនាំរុស្ស៊ី បានធ្វើឡើងតាមរយៈសុន្ទរកថាប្រចាំឆ្នាំរបស់លោកថ្លែងទៅកាន់ប្រជាជាតិរុស្ស៊ី នៅថ្ងៃទី២៩ កុម្ភៈ នៅទីក្រុងមូស្គូ។ ក្នុងឱកាសនោះ លោក ពូទីន បានចោទប្រកាន់ប្រទេសលោកខាងលិច និងក្រុមណាតូ ថាបានព្យាយាមទាញរុស្ស៊ី ឱ្យធ្លាក់ចូលក្នុងការប្រកួតប្រជែងគ្រឿងសព្វាវុធ ប៉ុន្តែលោកបញ្ជាក់ថា ប្រទេសលោកមិនមានចេតនាវាយប្រហារប្រទេសសមាជិកណាតូនោះទេ លើកលែងតែករណីឆ្លើយតប។
លោក ពូទីន បានបន្តថា ប្រទេសរុស្ស៊ីចាំបាច់ត្រូវពង្រឹងកិច្ចការពារខ្លួនតាមបណ្តោយព្រំដែនជាមួយប្រទេសលោកខាងលិចនាពេលនេះ គ្រាដែលប្រទេសស៊ុយអែត និងប្រទេសហ្វាំងឡង់ បានចូលរួមជាមួយអង្គការណាតូហើយ។
មេដឹកនាំរុស្ស៊ី បានថ្លែងថា រុស្ស៊ីចាំបាច់ត្រូវពង្រឹងកងកម្លាំងរបស់ខ្លួនក្នុងទិសដៅដែលយុទ្ធសាស្ត្ររបស់លោកខាងលិចគំរាមកំហែង និងគ្រាដែលណាតូពង្រីកសមាជិក ២ប្រទេសទៀត គឺប្រទេសស៊ុយអែត និងហ្វាំងឡង់ ចូលទៅក្នុងសម្ព័ន្ធភាព។
តាមលោក ពូទីន ក្រុមលោកខាងលិចកំពុងនិយាយអំពីលទ្ធភាពនៃការបញ្ជូនកងកម្លាំងយោធាណាតូទៅអ៊ុយក្រែន ប៉ុន្តែរុស្ស៊ីក៏នឹកឃើញពីជោគវាសនារបស់អ្នកជ្រៀតជ្រែកសន្តិសុខប្រទេសរុស្ស៊ី ដែលបានក្លាយជាសោកនាដកម្មជាប្រវត្តិសាស្ត្រទៅហើយ។
ប្រតិកម្មពីលោក ពូទីន ប្រធានាធិបតីរុស្ស៊ី គឺជាការឆ្លើយតបចំពោះប្រធានាធិបតីបារាំង លោក Emmanuel Macron ដែលបានថ្លែងក្នុងសន្និសីទអន្តរជាតិមួយនាទីក្រុងប៉ារីស កាលពីថ្ងៃចន្ទដើមសប្តាហ៍មុន។
ក្នុងឱកាសនោះ លោក Macron បានបញ្ជាក់ថា ការបញ្ជូនកងទ័ពថ្មើរជើងពីលោកខាងលិចទៅកាន់ប្រទេសអ៊ុយក្រែន មិនគួរត្រូវបានច្រានចោលនាពេលអនាគតនោះទេ។
វាមិនមែនជាលើកទីមួយទេដែលលោក ពូទីន បានព្រមានពីការប្រើអាវុធនុយក្លេអ៊ែរ ស្របពេលសង្គ្រាមនៅអ៊ុយក្រែន កំពុងបន្តចូលដល់ឆ្នាំទី៣។
សង្គ្រាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន ដែលចាប់ផ្តើមតាំងពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ បានធ្វើឱ្យប្រទេសដែលធ្លាប់ប្រកាន់និន្នាការអព្យាក្រឹត្យផ្នែកយោធា បានផ្លាស់ប្ដូរជំហររបស់ខ្លួនស្វែងរកការការពារខ្លួន។ ប្រទេសស៊ុយអែត និងប្រទេសហ្វាំងឡង់ បានប្រកាសនូវបំណងរបស់ខ្លួនក្នុងខែឧសភា ឆ្នាំ២០២២ សុំចូលជាសមាជិករបស់អង្គការណាតូ។
ប្រទេសហ្វាំងឡង់ ក្រោយមកបានក្លាយជាសមាជិករបស់អង្គការណាតូ កាលពីខែមេសា ឆ្នាំ២០២៣ និងប្រទេសស៊ុយអែត នឹងរំពឹងក្លាយជាសមាជិកអង្គការណាតូជាបន្ថែមទៀតក្នុងពេលអនាគតខាងមុខនេះ បន្ទាប់ពីប្រទេសតួកគី និងប្រទេសហុងគ្រី ដែលធ្លាប់តែជំទាស់នឹងបេក្ខភាពប្រទេសស៊ុយអែត ទើបតែបានយល់ព្រមតាមរយៈការធ្វើសច្ចាប័នតាមសភារៀងៗខ្លួននាពេលថ្មីៗនេះ។ ទាំងហ្វាំងឡង់ និងស៊ុយអែត សុទ្ធតែមានព្រំដែនផ្ទាល់ជាប់នឹងរុស្ស៊ី។
លោក ពូទីន ថ្លែងដាស់តឿនឱ្យប្រជាជនរុស្ស៊ី ត្រូវតែការពារសន្តិសុខព្រំដែនរបស់ខ្លួន។
សារព្រមានរបស់លោក ពូទីន បាននាំឱ្យសហរដ្ឋអាមេរិកថ្កោលទោសពីការបង្កហានិភ័យនៃការព្រមានពីការផ្ទុះសង្គ្រាមនុយក្លេអ៊ែរ ថាជាមេដឹកនាំដែលគ្មានការទទួលខុសត្រូវ ប៉ុន្តែក្រុងវ៉ាស៊ីនតោន អះអាងថាមិនមានសញ្ញានៃហានិភ័យធ្ងន់ធ្ងរណាមួយអាចកើតចេញពីការព្រមានរបស់លោក ពូទីន នោះទេ។
ថ្លែងប្រាប់អ្នកសារព័ត៌មាន អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Matthew Miller បានបញ្ជាក់ថា នេះមិនមែនជាលើកទី១ នោះទេដែលគេបានលឺវោហារសាស្ត្រគ្មានទំនួលខុសត្រូវរបស់លោក វ្ល៉ាឌីមៀរ ពូទីន។ ឋានៈជាមេដឹកនាំរដ្ឋដែលមានអាវុធនុយក្លេអ៊ែរ មិនត្រូវនិយាយដូចនេះទេ។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បន្ថែមថា សហរដ្ឋអាមេរិកមានទំនាក់ទំនងទាំងលក្ខណៈឯកជន និងដោយផ្ទាល់ជាមួយរុស្ស៊ី អំពីផលវិបាកនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ប៉ុន្តែគេមិនបានឃើញពីសញ្ញាណាមួយថារុស្ស៊ី កំពុងត្រៀមលក្ខណៈប្រើអាវុធនុយក្លេអ៊ែរនោះឡើយ។
រុស្ស៊ីជាប្រទេសមានក្បាលគ្រាប់នុយក្លេអ៊ែរជិត ៦០០០គ្រាប់ ចំណែកសហរដ្ឋអាមេរិកមានជាង ៥៥៥០គ្រាប់។ បារាំងមាន ២៨០គ្រាប់ និងអង់គ្លេសមាន ២២៥គ្រាប់។ សហរដ្ឋអាមេរិកបានដាក់ពង្រាយក្បាលគ្រាប់នុយក្លេអ៊ែរនៅប្រទេសយ៉ាងតិចចំនួន ៥ នៅអឺរ៉ុប មានអាល្លឺម៉ង់ អ៊ីតាលី ហុឡង់ដ៍ បែលហ្ស៊ិក និងតួកគី។ គ្រាប់នុយក្លេអ៊ែរ ឬហៅថាអាវុធបរមាណូ គឺជាអាវុធប្រល័យលោកដ៏សាហាវបំផុត៕