មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង លើកឡើងថា សូម្បីឧកញ៉ា គួច ម៉េងលី ដែលជាស្ថាបនិក និងជាប្រធានក្រុមហ៊ុន Mengly J Quach Group ដែលធ្លាប់ដាក់ទុនជិត ១សែនដុល្លារអាមេរិក (៧៦៩២៣ដុល្លារ) ក្នុងក្រុមហ៊ុន ខេមបូឌាន អ៊ិនវេសស្ទ័រ ឃែភីថល ផាតនើរ ម.ក ដែលហៅកាត់ថា CIC Partner នៅអំឡុងឆ្នាំ២០១៥ ក៏ដោយសារតែចាញ់បោកក្រុមហ៊ុននេះដែរ។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក អ៊ុំ សំអាន សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២៥ មីនា នេះថា កុំថាឡើយពលរដ្ឋសាមញ្ញ សូម្បីតែឧកញ៉ា គួច ម៉េងលី ក៏ចាញ់បោកគ្រូជោគជ័យ និងក្រុមហ៊ុន CIC Partner អស់ជិត ៣សែនដុល្លារអាមេរិកដែរ ដូច្នេះការអះអាងរបស់ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ប៉ែន ជីវ័ន្ត (Chivann Pen) ដែលមានឈ្មោះពិតថា យ៉ង់ ប៉ាក់ កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅ ជុំវិញរឿងបាត់លុយ ៨០លានដុល្លារអាមេរិកក្នុងក្រុមហ៊ុន CIC Partner ក៏មិនមែនជាការអះអាងខុសការពិតដែរ។
លោក អ៊ុំ សំអាន លើកឡើងថា មកដល់ពេលនេះ អតីតប្រធានអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល ក៏មិនទាន់រួចផុតពីការសង្ស័យនៅឡើយទេ ហើយការចុះចូលជាមួយរដ្ឋាភិបាលរបស់បក្សកាន់អំណាចកាលពីពេលកន្លងទៅ ក៏ទំនងជាដើម្បីគេចយករួចខ្លួនពីអំពើឆបោកនេះដែរ ខណៈលុយ ៨០លានដុល្លារអាមេរិកនោះ គ្មានសមាជិកក្រុមប្រឹក្សាភិបាលណាម្នាក់ហ៊ានចេញមុខមកទទួលខុសត្រូវទាល់តែសោះរហូតដល់ពេលនេះ ចំណែកចំណាត់ការស្រាវជ្រាវពីក្រសួងមានសមត្ថកិច្ចក៏មិនត្រូវបានធ្វើឡើងដែរ។
មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងរូបនេះបញ្ជាក់ថា អ្នកបោកលុយគេមិនជាប់គុកទេ តែបែរជាជាប់គុកអ្នកត្រូវគេបោកទៅវិញ ដោយគ្រាន់តែបកអាក្រាតការបោកប្រាស់នោះប៉ុណ្ណោះ ព្រោះថាម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ប៉ែន ជីវ័ន្ត ត្រូវតុលាការចាប់ឃុំខ្លួន បន្ទាប់ពីទម្លាយពីទង្វើបោកប្រាស់របស់ក្រុមហ៊ុន CIC Partner អស់រយៈពេលរាប់ឆ្នាំកន្លងមកនោះ។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីឧកញ៉ា គួច ម៉េងលី ទាមទាររកយុត្តិធម៌ដោយស្នើសុំឱ្យស្ថាប័នមានសមត្ថកិច្ច ស្រាវជ្រាវស៊ើបអង្កេតលើដំណើរការរបស់ក្រុមហ៊ុន CIC Partner ក្រោមហេតុផលថា ខ្លួនបានចាញ់បោកក្រុមហ៊ុននេះកន្លងមក។
កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ ឧកញ៉ា គួច ម៉េងលី បានសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួនដោយស្នើសុំឱ្យអាជ្ញាធរមានសមត្ថកិច្ច បើកការស៊ើបអង្កេតក្រុមហ៊ុន CIC Plc ដើម្បីចាប់ឧក្រិដ្ឋជន ស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ ព្រោះថាក្រុមហ៊ុននេះត្រូវតែប្រមូលលុយសងដល់អ្នកពាក់ព័ន្ធ និងជនរងគ្រោះទាំងអស់ត្រឡប់មកវិញ។
ឧកញ៉ា គួច ម៉េងលី លើកឡើងថា ករណីនេះត្រូវតែមានការស៊ើបអង្កេតជាបន្ទាន់ ព្រោះថាលុយរាប់សិបលានដុល្លារអាមេរិក ត្រូវបានបាត់បង់ ហើយគ្រួសារ និងជីវិតមនុស្សជាច្រើននាក់បានរងនូវផលប៉ះពាល់ និងការឈឺចាប់ដោយសារតែការក្លែងបន្លំទាំងនេះយ៉ាងធ្ងន់ធ្ងរ។
លោកបន្ថែមថា ករណីនេះមិនគួរមើលរំលងជាដាច់ខាត ត្បិតសំណុំរឿងព្រហ្មទណ្ឌនេះគួរតែត្រូវចាប់ផ្ដើមស៊ើបអង្កេតដោយបើកចំហ ព្រោះថាលុយពិបាករកខ្លាំងណាស់ ហើយជនល្មើសត្រូវបានចាប់ខ្លួនយកមកកាត់ទោសតាមផ្លូវច្បាប់។
ឧកញ៉ា គួច ម៉េងលី អំពាវនាវឱ្យជនរងគ្រោះទាំងអស់បន្តធ្វើការតស៊ូឱ្យអស់ពីលទ្ធភាព ដើម្បីតម្លាភាព និងយុត្តិធម៌ ព្រោះឧក្រិដ្ឋជននៅតែមានសេរីភាពក្រៅច្បាប់នៅឡើយ ហើយពួកគេក៏កំពុងរស់នៅក្នុងជីវិតដ៏ឡូយឆាយ និងពោរពេញដោយសេរីភាពដែរសព្វថ្ងៃនេះ ខណៈប្រជាជនស្លូតត្រង់ជាច្រើនកំពុងរងទុក្ខវេទនា ខូចចិត្ត និងទទួលរងនូវផលអវិជ្ជមានដោយសារតែគម្រោងកេងបន្លំស្រដៀងគ្នានឹងគម្រោងបោកប្រាស់ Ponzi ដែលកំពុងតែកើតឡើងនៅគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជាពេលបច្ចុប្បន្ននេះ។
ឧកញ៉ា គួច ម៉េងលី លើកឡើងថា ប្រទេសកម្ពុជាមិនត្រូវបណ្តោយឱ្យមានរឿងបែបនេះកើតឡើងទេ ព្រោះថាប្រទេសកម្ពុជាមិនអាចបន្តរស់នៅក្រោមការបំពុលបរិយាកាសសង្គម និងភាពមិនប្រក្រតីនានានៃបរិស្ថានសង្គមបែបនេះទៀតដែរ។ ផ្ទុយទៅវិញ ប្រសិនបើនៅតែបន្តឱ្យមានការឆបោកបែបនេះ នោះប្រជាជនយើងនឹងបន្តរងនូវភាពអយុត្តិធម៌ ហើយក៏គ្មានសន្តិភាពក្នុងផ្លូវចិត្តដែរ។
ជាងនេះទៀត ប្រសិនបើរឿងនេះនៅតែបន្តកើតមាន ហើយឧក្រិដ្ឋជនមិនត្រូវបានចាប់យកមកកាត់ទោសតាមផ្លូវច្បាប់ នោះវានឹងបង្កឱ្យកាន់តែមានភាពច្របូកច្របល់នៅក្នុងសង្គមកាន់តែខ្លាំង ដែលនាំឱ្យឈានទៅរកការបំផ្លិចបំផ្លាញនូវសក្ដានុពលផ្នែកមីក្រូសេដ្ឋកិច្ច និងប្រព័ន្ធម៉ាក្រូសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាទាំងមូលតែម្តង។
លោកត្អូញត្អែរថា បើទុកឱ្យជនបោកប្រាស់មានឱកាសបន្តបំផ្លាញប្រជាជន និងសេដ្ឋកិច្ច នោះប្រទេសកម្ពុជានឹងខូចខាតយ៉ាងធំនាពេលខាងមុខ ខណៈប្រជាពលរដ្ឋក៏នឹងបាត់បង់ជំនឿលើប្រព័ន្ធយុត្តិធម៌ និងទំនុកចិត្តលើសមត្ថភាពដឹកនាំរបស់រដ្ឋាភិបាលក្នុងការដោះស្រាយភាពអយុត្តិធម៌ដែលបង្កដោយសេរីពីសំណាក់ជនបោកប្រាស់មួយក្រុមតូចនៅក្នុងសង្គមជាតិជាមិនខាន។
ឧកញ៉ា គួច ម៉េងលី បញ្ជាក់ថា បើរដ្ឋាភិបាលគ្មានចំណាត់ការណាមួយទេ ហើយឧក្រិដ្ឋជននៅតែបន្តរស់នៅដោយសេរីបែបនេះ នោះទំនុកចិត្តនឹងត្រូវបាត់បង់ទាំងក្នុងឆាកជាតិ ឆាកអន្តរជាតិយ៉ាងធ្ងន់ធ្ងរ ហើយការវិនិយោគផ្ទាល់ពីបរទេសចូលមកក្នុងប្រទេសកម្ពុជា នឹងរឹតតែរងនូវផលប៉ះពាល់កាន់តែខ្លាំង ដូច្នេះសូមរដ្ឋាភិបាលចាត់វិធានការ និងបើកការស៊ើបអង្កេតលើរឿងទាំងអស់នេះ មិនថាអ្នកមានខ្សែ ឬអ្នកខ្លាំងប៉ុនណានោះទេ ដើម្បីរកយុត្តិធម៌ជូនប្រជាជនរាប់សែននាក់ មុនពេលដែលបទល្មើសនេះរីករាលដាលកក្រើកពេញផ្ទៃប្រទេសកម្ពុជាទាំងមូល។
បើតាមសេចក្តីប្រកាសរបស់គណៈមេធាវីកម្ពុជា ដែលមានលោក លី ច័ន្ទតុលា ជាប្រធាន បានឲ្យដឹងថា គណៈមេធាវីបានបង្កើតក្រុមការងារមេធាវីមួយ ដើម្បីជួយប្រជាពលរដ្ឋជុំវិញករណីដាក់ប្រាក់វិនិយោគជាមួយក្រុមហ៊ុន ខេមបូឌាន អ៊ិនវេសស្ទ័រ ខបភើរេសិន ភិអិលស៊ី (CIC Plc)។
ក្នុងសេចក្តីប្រកាសនាថ្ងៃទី២៥ មីនា គណៈមេធាវីបានសង្កត់ធ្ងន់ថា កន្លងមកមានក្រុមហ៊ុន និងបុគ្គលមួយចំនួនតូចតែងតែបង្កើតគម្រោងវិនិយោគ ដោយប្រមូលប្រាក់ពីប្រជាពលរដ្ឋក្នុងរូបភាពប្រមូលធនធានយកទៅវិនិយោគ ប៉ុន្តែលទ្ធផលចុងក្រោយ ប្រជាពលរដ្ឋដែលដាក់ប្រាក់វិនិយោគតែងតែទទួលរងគ្រោះបាត់បង់ផលប្រយោជន៍ជាបន្តបន្ទាប់។
ដោយសារឃើញរូបភាពបែបនេះ គណៈមេធាវីដែលជាស្ថាប័នបម្រើវិស័យយុត្តិធម៌ក្នុងការរៀបចំនីតិរដ្ឋ ពង្រឹងយុត្តិធម៌សង្គម និងការពារសិទ្ធិមនុស្សផងនោះ បានសម្រេចបង្កើតក្រុមមេធាវីជួយប្រជាពលរដ្ឋដែលពាក់ព័ន្ធករណីដាក់ប្រាក់វិនិយោគជាមួយក្រុមហ៊ុន ខេមបូឌាន អ៊ិនវេសស្ទ័រ ខបភើរេសិន ភិអិលស៊ី (CIC Plc)។ ក្រុមមេធាវីមានភារកិច្ចជាអាទិ៍ ពិគ្រោះយោបល់ផ្នែកច្បាប់ ពិនិត្យ និងរៀបចំឯកសារជាភស្តុតាង និងធ្វើបណ្ដឹង ក៏ដូចជាការពារក្តីជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ នេះបើតាមគណៈមេធាវី។
ក្រុមហ៊ុន ខេមបូឌាន អ៊ិនវេសស្ទ័រ ឃែភីថល ផាតនើរ ម.ក (Cambodian Investors Capital Partners Plc.) ដែលហៅកាត់ថា CIC Partner គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុន ខេមបូឌាន អ៊ិនវេសស្ទ័រ ខបភើរេសិន ភីអិលស៊ី (Cambodian Investors Corporation Plc.) ដែលត្រូវបានបង្កើតឡើងក្នុងចំណោមក្រុមហ៊ុនជាច្រើនផ្សេងទៀត ស្ថិតក្រោមឈ្មោះបុគ្គលតែម្នាក់ គឺលោក គុយ វ៉ាតនិងមានការចូលរួមសហការផ្ដួចផ្ដើមពីសហស្ថាបនិកចំនួន ៣៣នាក់ផ្សេងទៀតកាលពីដើមខែមេសា ឆ្នាំ២០១៣ ដោយកំណត់ផែនការវិនិយោគរយៈពេល ៩៩ឆ្នាំ។
ក្រុមហ៊ុន CIC Partner ត្រូវបានបង្កើតឡើងដោយប្រតិបត្តិការប្រមូលទុនវិនិយោគតាមរយៈនៃការកៀងគរវិនិយោគិនទាំងលក្ខណៈជាបុគ្គល និងស្ថាប័ន ទាំងក្នុងស្រុក និងក្រៅស្រុក ដាក់លុយសម្រាប់អ្នកដែលមានបំណងបណ្ដាក់ទុន ក្នុងទម្រង់ជាការទិញឯកតាមូលនិធិ ដោយក្រុមហ៊ុនចុះកិច្ចព្រមព្រៀងសន្យាផ្ដល់ប្រាក់ចំណេញតាមរយៈនៃការបង់ការប្រាក់ដល់អ្នកដែលចូលរួមវិនិយោគទាំងនោះត្រឡប់ទៅវិញ ប៉ុន្តែអស់រយៈពេលជិត ១ឆ្នាំមកនេះ ក្រុមហ៊ុន CIC Partner បានផ្អាកបង់ការប្រាក់ឱ្យអ្នកផ្តល់កម្ចីទាំងស្រុងរហូតដល់ពេលនេះ៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.
