ប្រទេសបារាំង កំពុងស្វែងរកការពិតថាតើក្រុងប៉េកាំង ប្រកាន់ជំហរអព្យាក្រឹត្យនេះមានភាពប្រាកដប្រជាកម្រិតណា ដែលគេថាអំឡុងរុស្ស៊ី និងអ៊ុយក្រែន ប្រយុទ្ធគ្នាក្នុងសង្គ្រាមជាង ២ឆ្នាំមកនេះ ចិនមានទំនោរទៅរករុស្ស៊ី កាន់តែខ្លាំងនោះ។
ក្នុងអំឡុងសង្គ្រាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន នេះ ចិនមិនបានថ្កោលទោសរុស្ស៊ី នោះទេ ទោះជាប្រទេសជាង ១៣០ រួមគ្នាថ្កោលទោសក្រុងមូស្គូ ក៏ដោយ។ ចិនបានត្រឹមតែបោះឆ្នោតអនុប្បវាទ ហើយពេលខ្លះជំទាស់ទៀតផង ដូចជាករណីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដាក់ចេញនូវសេចក្ដីសម្រេចដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើរុស្ស៊ី គឺចិន បោះឆ្នោតជំទាស់។
កាលពីពេលថ្មីៗនេះ លោក វ៉្លាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី បានធ្វើទស្សនកិច្ចនៅប្រទេសចិន តាមការអញ្ជើញរបស់សមភាគីចិន លោក ស៊ី ជីនពីង បើទោះជាដឹងថា លោក ពូទីន កំពុងជាប់ដីកាចាប់ខ្លួនរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC ករណីលើកទ័ពឈ្លានពានប្រទេសអ៊ុយក្រែន បង្កវិនាសកម្មយ៉ាងធ្ងន់ធ្ងរក៏ដោយ។
តាមមើលទៅ ចំណុចនេះហើយដែលរដ្ឋមន្ត្រីការបរទេសបារាំង Stephane Sejourne បានលើកឡើងនៅចំពោះមុខសមភាគីចិន លោក វ៉ាង យី ថាព្រោះតែចិន មានតួនាទីគន្លឹះនូវការប្រកាន់ភាពអព្យាក្រឹត្យជុំវិញសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ហើយចិន គោរពច្បាប់អន្តរជាតិ និងបូរណភាពដែនដីអ៊ុយក្រែន ទើបបារាំង ចង់ឱ្យចិន នាំសារដ៏ច្បាស់លាស់មួយទៅប្រាប់រុស្ស៊ី ពីផលវិបាកដល់ពិភពលោកដោយសារសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន។
ការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសបារាំង ក្នុងសន្និសីទកាសែតជាមួយសមភាគីចិន លោក វ៉ាង យី នៅទីក្រុងប៉េកាំង។
លោកប្រមុខការទូតបារាំង បានអះអាងទៀតថា សង្គ្រាមនៅអ៊ុយក្រែន មានការពាក់ព័ន្ធនឹងសហគមន៍អន្តរជាតិទាំងមូល ហើយបារាំង មានជំនឿយ៉ាងមុតមាំថា នឹងគ្មានសន្តិភាពជានិរន្តរ៍ឡើយ ប្រសិនបើគ្មានការចរចាជាមួយអ៊ុយក្រែន ហើយមិនតែប៉ុណ្ណោះ សន្តិសុខសម្រាប់អឺរ៉ុប ក៏គ្មានដែរ បើគ្មានសន្តិភាពស្របតាមច្បាប់អន្តរជាតិ។ ក្នុងស្ថានភាពនេះហើយដែលបារាំង ចាំបាច់រក្សាចំណងទំនាក់ទំនងជាមួយចិន។
លោករដ្ឋមន្ត្រីការបរទេសបារាំង ក៏បានការពារទំនាក់ទំនងសេដ្ឋកិច្ចជាមួយចិន ដែលលោកថា បារាំង មិនមានចេតនាកាត់បន្ថយចំណងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ប៉ុន្តែចង់ធ្វើកំណែទម្រង់ ព្រោះការដោះដូរពាណិជ្ជកម្មទ្វេភាគីត្រូវឈរលើមូលដ្ឋានត្រឹមត្រូវ និងប្រកបដោយនិរន្តរភាព។
ចំណែកសមភាគីចិន លោក វ៉ាង យី ពេញចិត្តខ្លាំងនឹងការលើកឡើងរបស់ប្រទេសបារាំង ដោយយល់ថាការផ្តាច់ ឬកាត់បន្ថយភាពរំពឹងសេដ្ឋកិច្ចលើចិន ជាហានិភ័យសេដ្ឋកិច្ចធំណាស់។ លោកថា ចិនជាឱកាសមិនមែនជាហានិភ័យរបស់អឺរ៉ុប ទេ។
នៅក្នុងជំនួបកាលពីខែកុម្ភៈ នៅទីក្រុងប៉ារីស លោក វ៉ាង យី បានប្រាប់លោក Emmanuel Macron ប្រធានាធិបតីបារាំង ថា ក្រុងប៉េកាំង ទទួលបានការសរសើរព្រោះតែប្រកាន់ជំហរឯករាជ្យចំពោះសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។
ប៉ុន្តែទីក្រុងប៉ារីស ត្រូវគេមើលឃើញថា កំពុងគាបសង្កត់ក្រុងប៉េកាំង បញ្ជាក់ឱ្យច្បាស់ជាងនេះទៀតអំពីចំណងទាក់ទងទ្វេភាគីរវាងចិន និងរុស្ស៊ី ទាំងវិស័យពាណិជ្ជកម្ម និងយោធា ដែលប្រទេសមហាអំណាចចិន កាន់តែធ្វើឱ្យស៊ីជម្រៅខ្លាំងជាមួយរុស្ស៊ី ជាពិសេសវិស័យយោធា។
នៅក្នុងទីក្រុងប៉េកាំង លោករដ្ឋមន្ត្រីការបរទេសបារាំង Stephane Sejourne ក៏បានជួបនាយករដ្ឋមន្ត្រីចិន Li Qiang។ លោក Stephane Sejourne បានប្រាប់លោក Li Qiang ថា លោក និងលោក វ៉ាង យី បានពិភាក្សាគ្នាអំពីស្ថានភាពពិភពលោក និងពិភពលោកជួបការបែកបាក់នាពេលបច្ចុប្បន្ននេះ ដោយសារតែសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន និងសង្គ្រាមនៅមជ្ឈិមបូព៌ា។
រដ្ឋមន្ត្រីការបរទេសបារាំង ទៅចិន នាពេលនេះ និងរដ្ឋមន្ត្រីការបរទេសចិន ទៅក្រុងប៉ារីស កាលពីខែកុម្ភៈ គឺជាការរំលឹកខួប ៦០ឆ្នាំនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។
នេះជាលើកទីពីរដែលរដ្ឋមន្ត្រីការបរទេសបារាំង ទៅបំពេញទស្សនកិច្ចនៅចិន ក្នុងអំឡុងពេលតែ ៦ខែ។ កាលពីខែមេសា ឆ្នាំ២០២៣ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានទៅបំពេញទស្សនកិច្ចនៅចិន ហើយខែឧសភា នៅខែក្រោយនេះ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នឹងមកទស្សនកិច្ចនៅបារាំង។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន AFP។
គេរំពឹងថា លោក Macron នឹងបន្តស្នើឱ្យចិន ប្រកាន់យកគោលការណ៍អព្យាក្រឹត្យឱ្យកាន់តែប្រសើរជាងនេះ ដោយមិនត្រូវមានទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយរុស្ស៊ី ទាំងសេដ្ឋកិច្ច និងយោធា ជាពិសេសទំនាក់ទំនងលើវិស័យយោធាទ្វេភាគីរវាងក្រុងប៉េកាំង និងក្រុងមូស្គូ។
តែយ៉ាងណា ក្រុងប៉េកាំង តែងតែអះអាងថា ចិនមិនដែលបញ្ជូនអាវុធណាមួយទៅឱ្យរុស្ស៊ី ម្ដងណាទេចាប់តាំងពីសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន ផ្ទុះឡើង៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.
