គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានធ្វើសមាជដើម្បីបោះឆ្នោតជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំបក្សជាផ្លូវការកាលពីថ្ងៃទី៧ ខែមេសា ដោយសារលោក យ៉េង វីរៈ បានដកខ្លួនចេញពីប្រធានប្រតិបត្តិគណបក្សនេះ ក្រោមហេតុផលដល់កំណត់អាណត្តិត្រឹម ១០ឆ្នាំ។
តាមរយៈការធ្វើសមាជដើម្បីបោះឆ្នោតជ្រើសរើសប្រធានគណៈកម្មាធិការទាំង ៣ របស់គណបក្ស កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤ លោក យ៉េង វីរៈ បានដកខ្លួនចេញពីប្រធានប្រតិបត្តិគណបក្ស ចំណែកអ្នកស្រី ប្រុក វ៉ាន្នី បានដកខ្លួនចេញពីប្រធានគណៈកម្មាធិការដោះស្រាយវិវាទ និងវិន័យ។
យោងតាមគណនីហ្វេសប៊ុករបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានសរសេរថា គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានរៀបចំសមាជបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំថ្មីរបស់គណបក្ស បន្ទាប់ពីប្រធានគណៈកម្មាធិការទាំងបីរបស់គណបក្សបានផុតអាណត្តិ។ ជាលទ្ធផល ពិធីសមាជបានប្រព្រឹត្តទៅយ៉ាងរលូន និងដោយជោគជ័យ។
ប្រភពខាងលើឲ្យដឹងទៀតថា ឆ្លងតាមរយៈនៃការបោះឆ្នោតដោយសម្ងាត់រួចមក អង្គបោះឆ្នោតបានសម្រេចបោះឆ្នោតជ្រើសរើសលោក សេក សុខា ជាប់ជាប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ជំនួសលោក យ៉េង វីរៈ ដែលមិនឈរឈ្មោះបន្ត ដោយអង្គសមាជគាំទ្រដោយសំឡេងគាំទ្រ ១៤៨ លើ១៥៩។
ចំណែកប្រធានគណៈកម្មាធិការនាយក ត្រូវបានជំនួសដោយ លោក មាន អ៊ាង ទទួលបានសំឡេងគាំទ្រ ១៥៤ លើ១៥៩ ខណៈលោក ធួក បូណា ជាប់ជាប្រធានគណៈកម្មាធិការដោះស្រាយវិវាទ និងវិន័យ ជំនួសអ្នកស្រី ប្រុក វ៉ាន្នី ដែលដកខ្លួនចេញ។
យោងតាមលក្ខន្តិកៈរបស់គណបក្ស គណៈកម្មាធិការនីមួយៗអាចដឹកនាំបានត្រឹម ២អាណត្តិដែលមានរយៈពេលយ៉ាងយូរ ១០ឆ្នាំ។
លោក ធួក បូណា បានប្រាប់សារព័ត៌មានក្នុងស្រុកថា មូលហេតុដែលលោក យ៉េង វីរៈ និងអ្នកស្រី ប្រុក វ៉ាន្នី ដកខ្លួនចេញមិនឈរឈ្មោះតទៅទៀត គឺដោយគោលការណ៍ផ្ទៃក្នុងគណបក្សបានកំណត់អាណត្តិត្រឹម ១០ឆ្នាំ។ លោកថា បើទោះបីជាអតីតស្ថាបនិកលោក យ៉េង វីរៈ និងលោកស្រី ប្រុក វ៉ាន្នី បានដកខ្លួនចេញមែន ប៉ុន្តែពួកគាត់នៅតែបន្តជួយពីក្រោយគណបក្សប្រជាធិបតេយ្យមូលដ្ឋាន តាមរយៈជាគំនិត និងការគាំទ្រ។
កាលពីខែមិថុនា ឆ្នាំ២០២២ ក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ទទួលបាន ៦អាសនៈ ខណៈការបោះឆ្នោតតំណាងរាស្ត្រកាលពីខែកក្កដា ឆ្នាំ២០២៣ គណបក្សនេះមិនទទួលបានអាសនៈនោះឡើយ។
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ត្រូវបានបង្កើតឡើងនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០១៥ ដោយបញ្ញវន្តមួយក្រុម និងប្រជាពលរដ្ឋមកពីតាមមូលដ្ឋាន នៅពេលនោះអង្គសមាជបានសម្រេចបោះឆ្នោតជ្រើសរើសលោក យ៉េង វីរៈ ឱ្យជាប់ជាប្រធានគណៈកម្មាធិការប្រតិបត្តិ និងជាប្រធានគណបក្ស។
លោក យ៉េង វីរៈ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន មុននឹងឈានចូលប្រឡូកនយោបាយ លោកធ្លាប់ធ្វើជាប្រធានមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ (CLEC) ដែលអង្គការនោះធ្វើការលើកកម្ពស់សិទ្ធិមនុស្ស និងផ្តល់មេធាវីការពារក្តីជនរងគ្រោះដោយមិនគិតថ្លៃ។
អតីតក្បាលម៉ាស៊ីនដឹកនាំគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដូចជាលោកបណ្ឌិត យ៉ង សាំងកុមារ និងលោកបណ្ឌិត សាម អ៊ីន បានទៅចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ក្រោយការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០២២ ក្រោមហេតុផលដើម្បីចូលរួមសង្គ្រោះវិស័យកសិកម្ម៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.
