ប្រធានព្រឹទ្ធសភាប្រទេសកម្ពុជា និងជាប្រធានបក្សកាន់អំណាច លោក ហ៊ុន សែន ស្នើឲ្យសមត្ថកិច្ចប្រទេសរបស់លោក សហការជាមួយសមត្ថកិច្ចប្រទេសវៀតណាម ស្រាវជ្រាវរកបុគ្គលដែលបានចូលទៅជេរលោកតាមបណ្ដាញសង្គមតិកតុក (TikTok) របស់លោក ក្រោយពីលោកបាននិយាយរឿងព្រែកជីកហ្វូណនតេជោ។
លោក ហ៊ុន សែន បានសរសេរនៅលើហ្វេសប៊ុកផ្លូវការរបស់លោកនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ នេះថា លោកពិតជាមានការភ្ញាក់ផ្អើលពេលបើកមើលមតិយោបល់នៅក្នុងតិកតុក ដែលលោកបានបង្ហោះ។ តែលោកមិនដឹងថា តើជនជាតិវៀតណាម រាប់សិបនាក់ចូលទៅជេរលោកពីពេលណាមកទេ តាមរយៈវីដេអូចំនួន៤ ដែលលោកបានបង្ហោះ។
អតីតនាយករដ្ឋមន្ត្រីកម្ពុជារូបនេះបានសរសេរថា សម្រាប់ការជេរលើកនេះ ប្រហែលជាក្រោយលោកនិយាយរឿងព្រែកជីកហ្វូណនតេជោ។ លោក ហ៊ុន សែន ថាកាលពីឆ្នាំ២០១៦-២០១៧ មានអ្នកចូលទៅជេរលោកជាង ២ពាន់នាក់តាមហ្វេសប៊ុក ទាក់ទងនឹងរឿងសមុទ្រចិនខាងត្បូង ក្នុងនោះមានម្នាក់ជាលេខាបក្សស្រុកផង។ តែក្រោយពីលោកប្រាប់ទៅអគ្គលេខាបក្សលោក ង្វៀន ហ្វូជុង រឿងនោះក៏បានស្ងប់ស្ងាត់ទៅវិញ។
លោក ហ៊ុន សែន បានចាត់ទុកករណីនេះជាការសង្ស័យ និងភាពមិនច្បាស់លាស់ដែលលោកស្នើឲ្យសមត្ថកិច្ចកម្ពុជា-វៀតណាម សហការគ្នាស្រាវជ្រាវកំណត់សមាសភាពរបស់ជនដែលចូលទៅជេរលោក។
លោក ហ៊ុន សែន បញ្ជាក់ថា លោកមិនចោទប្រកាន់លើថ្នាក់ដឹកនាំវៀតណាម ជាអ្នកប្រើប្រាស់មនុស្សបែបនេះឲ្យចូលជេរលោក និងស្នើសុំកិច្ចសហការស្រាវជ្រាវ ដើម្បីជៀសវាងពួកអាក្រក់ឆ្លៀតបំបែកបំបាក់។
ក្រសួងការបរទេសកម្ពុជា នៅថ្ងៃចន្ទ ទី២០ ឧសភា នេះដែរ ក៏បានកោះហៅឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំប្រទេសកម្ពុជា ទៅពិភាក្សាជុំវិញសំណើរបស់កម្ពុជា ដែលស្នើឲ្យរដ្ឋាភិបាលវៀតណាម ផ្តល់កិច្ចសហការធ្វើការស្រាវជ្រាវដើម្បីកំណត់សមាសភាពអត្តសញ្ញាណអ្នកដែលបានបង្ហោះខ្លឹមសារអមិត្តទាំងនោះ ដើម្បីទប់ស្កាត់ការប៉ុនប៉ងណាមួយសំដៅបំផ្លាញចំណងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរ។
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក សុខ ចិន្តាសោភា បានជួបពិភាក្សាលើករណីនេះជាមួយលោក Nguyễn Huy Tăng ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំប្រទេសកម្ពុជា នៅទីស្ដីការក្រសួងនាព្រឹកថ្ងៃទី២០ ខែឧសភា។ លោកបានប្រាប់ភាគីវៀតណាម ថា ការបង្ហោះសារតាម Tik Tok ជេរប្រមាថថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជាពាក់ព័ន្ធនឹងគម្រោងព្រែកជីកហ្វូណន បានបង្កឱ្យមានអារម្មណ៍មិនល្អក្នុងរង្វង់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។
រដ្ឋមន្ត្រីការបរទេសខ្មែរ បានស្នើឱ្យរដ្ឋាភិបាលវៀតណាម ផ្តល់កិច្ចសហការស្រាវជ្រាវដើម្បីកំណត់សមាសភាពអត្តសញ្ញាណរកជនជាតិវៀតណាម ដែលបានបង្ហោះខ្លឹមសារអមិត្តទាំងនោះ ដើម្បីទប់ស្កាត់ការប៉ុនប៉ងណាមួយសំដៅលើការបំផ្លាញចំណងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរ។
ឯកអគ្គរដ្ឋទូតវៀតណាម លោក Nguyễn Huy Tăng ក៏បានយល់ស្របដែរថា ការបង្ហោះខ្លឹមសារអមិត្តទាំងនោះជាសកម្មភាពអវិជ្ជមាន ដែលចាំបាច់ត្រូវមានកិច្ចសហការយ៉ាងជិតស្និទ្ធរវាងស្ថាប័នមានសមត្ថកិច្ចនៃប្រទេសទាំងពីរ ដើម្បីស្រាវជ្រាវកំណត់សមាសភាពអត្តសញ្ញាណជនដែលនៅពីក្រោយសកម្មភាពទាំងនោះ។
ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បណ្ឌិត សុខ ទូច បានបង្ហោះនៅលើហ្វេសប៊ុករបស់លោកថា ការធ្វើអត្ថាធិប្បាយជាភាសាវៀតណាម ទាំងនោះ គឺសំដៅលើការរម្លឹកគុណបំណាច់ដែលវៀតណាម បានជួយខ្មែរបណ្តេញរបបខ្មែរក្រហម ការលើកឡើងពីវត្តមានកងទ័ពចិន នៅកម្ពុជា និងការជេរប្រមាថត្រង់ៗលើលោក ហ៊ុន សែន ជាច្រើនទៀត។
លោក សុខ ទូច បានលើកជាសំណួរថា តើអ្នកឯងចង់សាងប្រវត្តិសាស្ត្រដូចឆ្នាំ១៩៧០ ទៀតឬយ៉ាងណា ទើបអ្នកឯងប្រើប្រាស់ភាសាដែលគ្មានដឹងប្រវត្តិសាស្ត្រដូច្នេះ? អ្នកឯងត្រូវដឹងគុណកម្ពុជាដែលអ្នកយកដីកម្ពុជាក្រោម ហើយកម្ពុជាមិនតវ៉ា និងថែមទាំងបានយកទឹកដីកម្ពុជាដើម្បីបង្រួបបង្រួមប្រទេសវៀតណាម ថែមទៀតផង។
កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ លោក ហ៊ុន សែន អះអាងថា កម្ពុជាត្រូវតែអនុវត្តគម្រោងព្រែកជីកនេះឱ្យខាងតែបាន ហើយលោកក៏បានប្រាប់ទៅរាជរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ឱ្យបើកការដ្ឋានសាងសង់ព្រែកនេះឱ្យបានកាន់តែឆាប់ដែរ ព្រោះប្រទេសកម្ពុជាមិនមានអ្វីត្រូវរង់ចាំក្នុងការសាងសង់ព្រែកជីកនេះទៀតទេ។
គម្រោងព្រែកជីកហ្វូណនតេជោ ដែលគ្រោងចំណាយទឹកប្រាក់ ១៧០០លានដុល្លារអាមេរិក ត្រូវសាងសង់ឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនឯកជនចិន ក្នុងទម្រង់ BOT ដែលគេមើលឃើញថាជាគម្រោងខ្សែក្រវាត់ និងផ្លូវរបស់រដ្ឋាភិបាលចិន។
កាលពីដើមខែឧសភា ឆ្នាំ២០២៤ នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត អះអាងថា រដ្ឋាភិបាលកម្ពុជានឹងចុះកិច្ចព្រមព្រៀងឥណទានជាមួយក្រុមហ៊ុនឯកជនចិន ដើម្បីសាងសង់ព្រែកជីកហ្វូណនក្នុងអំឡុងខែកក្កដា ឬខែសីហា ខាងមុខនេះ។
ព័ត៌មានដោយឡែកមួយទៀត គឺទាក់ទងនឹងការធ្វើសមយុទ្ធយោធារួមគ្នា ហៅថាសមយុទ្ធនាគមាស កងទ័ពរំដោះចិន បានយកអាវុធទំនើបជាឆ្កែម៉ាស៊ីនយន្ត Robodogs ប្រដាប់ដោយកាំភ្លើងយន្តស្វ័យប្រវត្តិ មកបាញ់ពិសោធន៍សាកល្បងក្នុងសមរភូមិទឹកដីខ្មែរនាខេត្តកំពង់ឆ្នាំង៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.
