ក្រុមអ្នកតស៊ូមតិកម្ពុជា ចាត់ទុកការចេញមុខសម្រេចនានាលើការសាងសង់ព្រែកជីកហ្វូណនរបស់មេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន ជាទង្វើបំពានច្បាប់ធ្ងន់ធ្ងរ ព្រោះលោក ហ៊ុន សែន មិនមានតួនាទីផ្លូវការណាមួយដែលត្រូវសម្រេចលើគម្រោងព្រែកជីកនេះទេ។
ក្រុមអ្នកតស៊ូមតិកម្ពុជា ចេញលិខិតវិភាគមួយស្ដីពីភាពចម្រូងចម្រាសនៃគម្រោងព្រែកជីកហ្វូណន នៅថ្ងៃទី២០ ឧសភា នេះថា យោងតាមច្បាប់ស្ដីពីលទ្ធកម្មសាធារណៈចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ចែងថា គម្រោងសាងសង់ធំៗ ដូចជា គម្រោងព្រែកជីក ជាដើម ត្រូវតែឆ្លងកាត់ការអនុម័តពីរដ្ឋសភា និងព្រះមហាក្សត្រដែលជាព្រះប្រមុខរដ្ឋ។ ជាងនេះទៀត ត្រូវឆ្លងកាត់លទ្ធកម្មសាធារណៈតាមនីតិវិធីដេញថ្លៃជាសាធារណៈចាប់តាំងពីការសម្រេចជ្រើសរើសក្រុមហ៊ុនវាយតម្លៃ ក្រុមហ៊ុនអនុវត្តគម្រោង និងការសម្រេចនានាដោយរដ្ឋសភាផងដែរ។
ចំណែកឯរាជរដ្ឋាភិបាលមានមុខនាទី និងអំណាចត្រឹមតែប្រតិបត្តិតាមច្បាប់ដោយការដាក់ឲ្យមានការដេញថ្លៃជាសាធារណៈ ដើម្បីជ្រើសរើសក្រុមហ៊ុនឱ្យសាងសង់តាមកិច្ចសន្យាប៉ុណ្ណោះ។
ប្រភពដដែលលើកឡើងថា ការសម្រេចដោយស្ងាត់ៗ ទាំងការដាក់ឈ្មោះ ការកំណត់ថ្លៃសាងសង់ និងការជ្រើសរើសក្រុមហ៊ុនជីកព្រែកនេះ ជាដើម មិនមែនជារឿងហួសហេតុទេដែលគេសង្ស័យអំពីវត្តមានកងទ័ពចិន នៅកម្ពុជា។
ប្រភពដដែលបន្តថា វត្តមានជនជាតិចិន នៅខេត្តព្រះសីហនុ និងខេត្តកោះកុង ដែលជាផ្នែកនៃកម្មវិធី ផ្លូវមួយខ្សែក្រវាត់មួយរបស់រដ្ឋាភិបាលចិន ជាភស្តុតាងមួយយ៉ាងច្បាស់ដែលអាចនាំទៅរកការផ្សារភ្ជាប់គម្រោងព្រែកជីកនេះបានគ្រប់ពេល។
ក្រុមអ្នកតស៊ូមតិកម្ពុជា អះអាងថា ក្រៅពីការសង្ស័យពីការតភ្ជាប់បណ្ដាញផ្លូវទឹក និងផ្លូវគោករបស់រដ្ឋាភិបាលចិន ជាមួយព្រែកជីកនេះ ក៏មានការសង្ស័យពីការប្រព្រឹត្តអំពើពុករលួយក្នុងការសាងសង់ព្រែកនេះដែរ។
ប្រភពដដែលបន្តថា ទឹកប្រាក់ ១៧០០លានដុល្លារអាមេរិកដែលត្រូវចំណាយលើការជីកព្រែកដែលមានប្រវែង ១៨០គីឡូម៉ែត្រ បង្ហាញថា ព្រែកនេះត្រូវការចំណាយលុយរហូតដល់ ៩លាន ៤សែនដុល្លារអាមេរិកក្នុងមួយគីឡូម៉ែត្រ ដែលជាការចំណាយដ៏ខ្ពស់បំផុត។
ទន្ទឹមនេះ បើប្រៀបធៀបនឹងការចំណាយលើការសាងសង់ផ្លូវជាតិលេខ ៦អា ពីទីក្រុងភ្នំពេញទៅខេត្តសៀមរាប កម្ពុជាបានខ្ចីលុយពីប្រទេសចិន ត្រឹមតែ ៤៥០លានដុល្លារអាមេរិកប៉ុណ្ណោះ ហើយបើធ្វើការគណនាលើចម្ងាយផ្លូវ ៣២១គីឡូម៉ែត្រពីភ្នំពេញទៅសៀមរាប នោះ បានបង្ហាញថា ការធ្វើផ្លូវជាតិលេខ ៦អា ចំណាយត្រឹមតែ ១លាន ៥សែនដុល្លារអាមេរិកប៉ុណ្ណោះក្នុងប្រវែងផ្លូវមួយគីឡូម៉ែត្រ។
ដូច្នេះ យោងលើការគណនានេះ បង្ហាញថា កម្ពុជាបានចំណាយទឹកប្រាក់លើការសាងសង់ព្រែកជីកនេះលើសការសាងសង់ផ្លូវជាតិលេខ ៦អា ចំនួន ៦ដង ស្របពេលដែលរដ្ឋាភិបាលកម្ពុជាមិនបានបង្ហាញអំពីផែនការចំណូលដែលនឹងបានមកពីគម្រោងព្រែកជីកនេះទៀតនោះ ក៏ជាហេតុនាំឱ្យមានការសង្ស័យថា មានអំពើពុករលួយក្នុងការចំណាយលើព្រែកជីកនេះដែរ។
ក្រុមអ្នកតស៊ូមតិកម្ពុជា អំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាពិចារណាអនុវត្តគម្រោងជីកព្រែកនេះតាមនីតិវិធីច្បាប់ និងបង្ហាញតម្លាភាពដើម្បីទប់ស្កាត់អំពើពុករលួយ រួមទាំងពិចារណាធ្វើផែនការថវិកាជាតិសម្រាប់ការចំណាយលើគម្រោងព្រែកជីកផងដែរ។
ជាងនេះទៀត ក៏ត្រូវបើកផ្លូវឱ្យអ្នកនយោបាយខ្មែរគ្រប់និន្នាការ និងប្រជាពលរដ្ឋខ្មែរចូលរួមគាំទ្រនយោបាយឯករាជ្យ ឬសហការជាមួយបណ្តាប្រទេសប្រជាធិបតេយ្យសេរី ជាជាងដាក់ខ្លួនក្រោមឥទ្ធិពលនយោបាយរបស់ប្រទេសកុម្មុយនីស្តផ្ដាច់ការដូចពេលនេះ។
កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ លោក ហ៊ុន សែន អះអាងថា កម្ពុជាត្រូវតែអនុវត្តគម្រោងព្រែកជីកនេះឱ្យខាងតែបាន ហើយលោកក៏បានប្រាប់ទៅរាជរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ឱ្យបើកការដ្ឋានសាងសង់ព្រែកនេះឱ្យបានកាន់តែឆាប់ដែរ ព្រោះកម្ពុជាមិនមានអ្វីត្រូវរង់ចាំក្នុងការសាងសង់ព្រែកជីកនេះទៀតទេ។
គម្រោងព្រែកជីកហ្វូណនតេជោ ដែលគ្រោងចំណាយទឹកប្រាក់ ១៧០០លានដុល្លារអាមេរិក ត្រូវសាងសង់ឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនឯកជនចិន ក្នុងទម្រង់ BOT ដែលគេមើលឃើញថាជាគម្រោងខ្សែក្រវាត់ និងផ្លូវរបស់រដ្ឋាភិបាលចិន។
ទាក់ទិននឹងការសាងសង់ព្រែកជីកនេះ មតិជាតិ និងអន្តរជាតិជាច្រើន តែងតែលើកជាសំណួរថា តើគម្រោងព្រែកជីកនេះបង្កើតឡើងនៅពេលណា? អ្នកណាជាអ្នកផ្ដួចផ្ដើមបង្កើត? តើគម្រោងនេះមានការសម្រេចពីរដ្ឋសភាដែលជាតំណាងឆន្ទៈប្រជាពលរដ្ឋដែរឬទេ? តើមានការដេញថ្លៃសាងសង់ជាសាធារណៈតាមច្បាប់ឬក៏អត់?
ជុំវិញការសាងសង់ព្រែកជីកនេះ ត្រូវក្រុមអ្នកសង្កេតការណ៍មើលឃើញថា រដ្ឋាភិបាលកម្ពុជាបានពឹងផ្អែកទាំងស្រុងលើរដ្ឋាភិបាលចិន ចំពោះការសាងសង់ព្រែកនេះ ប៉ុន្តែគេនៅមិនទាន់ឃើញចិនចុះកិច្ចសន្យាជាផ្លូវការយល់ព្រមលើគម្រោងនេះនៅឡើយទេ ខណៈរដ្ឋាភិបាលកម្ពុជាក៏មិនដែលបង្ហាញពីផែនការគម្រោងសាងសង់អំពីព្រែកនេះក្រោមតម្លាភាពនៃច្បាប់របស់កម្ពុជាណាមួយនៅឡើយទេ រហូតដល់ពេលនេះ គឺមានតែការសម្រេចរបស់លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ប៉ុណ្ណោះ។
កាលពីដើមខែឧសភា ឆ្នាំ២០២៤ នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត អះអាងថា រាជរដ្ឋាភិបាលនឹងចុះកិច្ចព្រមព្រៀងឥណទានជាមួយក្រុមហ៊ុនឯកជនចិន ដើម្បីសាងសង់ព្រែកជីកហ្វូណននៅក្នុងអំឡុងខែកក្កដា ឬខែសីហា ខាងមុខនេះ។
ទោះជាមេដឹកនាំរាជរដ្ឋាភិបាលអះអាងប្រាប់ពលរដ្ឋខ្មែរថាយ៉ាងណាៗក៏ដោយ មជ្ឈដ្ឋានខ្មែរ និងបរទេស នៅតែមិនទាន់អស់ចិត្ត ហើយគេចេះតែព្យាយាមស្រាវជ្រាវរកការពិតបន្ថែមទៀត ដើម្បីបង្ហាញអំពីតម្លាភាពខ្លះ។ កាលពីថ្ងៃទី១៦ ខែឧសភា សប្តាហ៍មុន សារព័ត៌មាន Al Jazeera ផ្សាយអត្ថបទមួយយ៉ាងវែងអំពីគម្រោងអភិវឌ្ឍន៍លើផ្ទៃប្រទេសកម្ពុជាក្នុងអាណត្តិរាជរដ្ឋាភិបាលដឹកនាំដោយបក្សប្រជាជនកម្ពុជា។
ទស្សនវិស័យនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កូនតត្រកូលពីឪពុកលោក ហ៊ុន សែន ចង់បានឲ្យប្រទេសកម្ពុជាជាប្រទេសដែលពលរដ្ឋមានចំណូលមធ្យមនាឆ្នាំ២០៣០ ហើយមានចំណូលខ្ពស់នាឆ្នាំ២០៥០។ យោងតាមការចុះផ្សាយក្នុងព្រឹត្តិបត្រ Visual Capitalist បច្ចុប្បន្ននេះ ចំណូលសម្រាប់ពលរដ្ឋម្នាក់ក្នុងមួយឆ្នាំនៅប្រទេសកម្ពុជា ហៅតាមអង់គ្លេសថា GDP per capita ក្នុងចំណោមប្រទេសក្នុងសហគមន៍អាស៊ានទាំង ១០ គឺ ៣ពាន់ដុល្លារក្នុងមួយឆ្នាំ គឺលើសតែប្រទេសភូមា ដែលរកចំណូលបាន ១ពាន់ដុល្លារ និងលាវ ២ពាន់ដុល្លារក្នុងមួយឆ្នាំ។
ដើម្បីបំពេញបំណងតាមទស្សនវិស័យ និងចក្ខុវិស័យនោះ លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត បានព្យាយាមស្វែងរកជំនួយ និងការបណ្ដាក់ទុនពីបរទេស ដោយទទូចអង្វរប្រទេសណាដែលចង់រកស៊ីជាមួយប្រទេសកម្ពុជា។ មហាផែនការ masterplan របស់លោក ហ៊ុន ម៉ាណែត មាន ១៧៤គម្រោង ដោយត្រូវការប្រើថវិកាជិត ៣៧ពាន់លានដុល្លារ។ គម្រោងទាំងអស់នោះមានគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗចំនួន ៩ មានដូចជាថ្នល់ទំនើបល្បឿនលឿនភ្នំពេញ-សៀមរាប Expressway ថ្នល់រថភ្លើងទំនើបល្បឿនលឿនលើដីភ្នំពេញ-ប៉ោយប៉ែត High Speed Train ថ្នល់រថភ្លើងរត់ក្រោមដីក្នុងក្រុងភ្នំពេញ Underground train ជាដើម។ល។
ចិនហក់ចូលវិនិយោគមុនគេដោយយកគម្រោងខ្លះ ប៉ុន្តែដោយមានការចោទថា ចិនប្រើជំនួយជាអន្ទាក់បំណុល ក្រុងប៉េកាំងក៏ញញើតដាក់ទុនលើគម្រោងណាដែលប្រើថវិកាលើសពី ១ពាន់លានដុល្លារឡើងទៅ។ ពីឆ្នាំទៅ ក្រុមហ៊ុនចិន ថ្នល់ និងស្ពាន Road and Bridge (CRBC) ផ្តើមបើកការដ្ឋានធ្វើថ្នល់ទំនើបល្បឿនលឿនភ្នំពេញ-បាវិត ជាប់ព្រំដែនយៀកណាម ប្រើថវិកាអស់ ១៣៥០លានដុល្លារ។ ថ្នល់រថភ្លើងទំនើបល្បឿនលឿនភ្នំពេញ-ប៉ោយប៉ែត ប្រើថវិកា ១៩៣០លានដុល្លារ ថ្នល់រថភ្លើងទំនើបល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ប្រើថវិកា ១៣៣០លានដុល្លារ។ ប្រព័ន្ធថ្នល់រថភ្លើងក្រោមដី subway system ក្នុងក្រុងភ្នំពេញ និងក្រុងសៀមរាប ប្រើថវិកាសរុប ៣៥០០លានដុល្លារ។
ចំពោះក្រុមហ៊ុនចិន ដែលលោក ហ៊ុន ម៉ាណែត ហៅថាក្រុមហ៊ុនឯកជននោះ ដូចជាក្រុមហ៊ុន ថ្នល់និងស្ពាន CRBC គឺជាក្រុមហ៊ុននាំមុខជារនាំងបម្រើផលប្រយោជន៍គោលនយោបាយជាតិ-អន្តរជាតិឲ្យរដ្ឋាភិបាលនៃបក្សកុម្មុយនីស្តចិន ដែលឧបត្ថម្ភទុនដោយសហគ្រាសរដ្ឋដ៏ធំមួយឈ្មោះ ក្រុមហ៊ុនសំណង់ហេដ្ឋារចនាសម្ព័ន្ធចិន Chinese Communications Construction Company (CCCC)។
គម្រោងផែនការអភិវឌ្ឍន៍ជាតិនៃបក្សប្រជាជនកម្ពុជា គឺប្រើធនធានទុនបរទេស ពីព្រោះប្រទេសកម្ពុជាគ្មានថវិកាក្នុងឃ្លាំងរដ្ឋគ្រប់គ្រាន់ ហើយខ្ចីបុលបរទេសជិតលើសចំណុះ។ ដូច្នេះមានតែដើរតាមរបៀប BOT គឺបរទេសទាញយកផលឲ្យរួចដើមជាច្រើនទសវត្សមុនសិន ដូចជា ៣០, ៥០, ៧០, ៩០ឆ្នាំជាដើម ទើបឲ្យខ្មែរត្រងផលតាមក្រោយ៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.
