នាយករដ្ឋមន្ត្រីបន្តពូជថ្មីរបស់កម្ពុជាលោក ហ៊ុន ម៉ាណែត ចោទប្រធានគណបក្សកម្លាំងជាតិលោក ស៊ុន ចន្ធី ថាបានផ្សាយបំភ្លៃពីកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលលើកម្មវិធីជាតិជំនួយសង្គម ដូច្នេះការអនុវត្តច្បាប់ចំពោះលោក ស៊ុន ចន្ធី គឺដើម្បីការពារភាពត្រឹមត្រូវរបស់រាជរដ្ឋាភិបាលតែប៉ុណ្ណោះ។
លោក ហ៊ុន ម៉ាណែត បានលើកឡើងនៅក្នុងកម្មវិធីមួយនៅសណ្ឋាគារ រេស៊ីដង់ សុខាភ្នំពេញ នៅថ្ងៃទី២៣ ឧសភា នេះថា រដ្ឋាភិបាលកម្ពុជាគាំទ្រសេរីភាពនៃការបញ្ចេញមតិពេញទំហឹង ប៉ុន្តែរដ្ឋាភិបាលក៏ត្រូវអនុវត្តច្បាប់ចំពោះការបំភ្លៃ ចោទប្រកាន់ និងការបង្កើតចលាចលក្នុងសង្គមដែរ ព្រោះការលើកឡើងថាគោលនយោបាយជាតិជំនួយសង្គមមានការរើសអើង និងការអភិវឌ្ឍនានារបស់រដ្ឋាភិបាល ដោយសារតែមានបក្សប្រឆាំង គឺជាការបំភ្លៃខុសពីការពិតសុទ្ធសាធ។
នាយករដ្ឋមន្ត្រីកម្ពុជារូបនេះលើកឡើងថា ពលរដ្ឋ ៤លាន ៧សែននាក់ ដែលទទួលផលពីកម្មវិធីជាតិជំនួយសង្គម ត្រូវបានអនុវត្តដោយតម្លាភាព មិនមែនអនុវត្តសម្រាប់តែបក្ខពួក ឬសាច់ញាតិដូចការមួលបង្កាច់របស់លោក ស៊ុន ចន្ធី នោះឡើយ។
លោក ហ៊ុន ម៉ាណែត បញ្ជាក់ថា ការលើកឡើងរបស់ប្រធានគណបក្សកម្លាំងជាតិជុំវិញគោលនយោបាយជាតិជំនួសសង្គម ថាមានការរើសអើង និងការអភិវឌ្ឍនានារបស់រដ្ឋាភិបាលដោយសារតែមានបក្សប្រឆាំង មិនមែនសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិទេ ប៉ុន្តែជាទង្វើបោកប្រាស់ និងជាការផ្សព្វផ្សាយព័ត៌មានមិនពិត ដើម្បីចំណេញនយោបាយដោយចេតនាប៉ុណ្ណោះ ដូច្នេះបុគ្គលរូបនោះត្រូវតែប្រឈមមុខជាមួយផ្លូវច្បាប់ជាដាច់ខាត។
កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ ប្រធានគណបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធី បានលើកឡើងថា សមិទ្ធផលជាតិសំខាន់ៗមួយចំនួននៅកម្ពុជា គឺកើតឡើងដោយសារតែមានបក្សប្រឆាំងប៉ុណ្ណោះ ក្នុងនោះការចែកបណ្ណក្រីក្រដល់ពលរដ្ឋក៏មានការរើសអើងដែរ។
លោកបន្ថែមថា ការចែកបណ្ណនេះទាល់តែសែស្រឡាយមេឃុំ និងសែស្រឡាយចៅហ្វាយស្រុក ជាដើម ទើបគេចែកឱ្យ ប៉ុន្តែសម្រាប់ពលរដ្ឋក្រីក្រពិតប្រាកដ គេមិនចែកឱ្យនោះទេ។
យ៉ាងណាក៏ដោយ បន្ទាប់ពីការលើកឡើងនេះ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ លោក ស៊ុន ចន្ធី ក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួនតែម្តង ដោយចោទប្រកាន់ពីបទញុះញង់។
ក្រុមអ្នកសង្កេតការណ៍លើកឡើងថា ការចែកបណ្ណក្រីក្រ ឬបណ្ណសមធម៌ក្រោមគោលនយោបាយជាតិជំនួយសង្គមរបស់រដ្ឋាភិបាល នៅតែត្រូវបានរកឃើញថា ធ្វើឡើងដោយគ្មានតម្លាភាពតាំងពីដើមរហូតមក។ ជាក់ស្តែង អំឡុងពេលមានជំងឺកូវីដ-១៩ រាតត្បាតពេញប្រទេស ក៏គេបានរកឃើញពីការប្រព្រឹត្តអំពើពុករលួយជុំវិញការចែកបណ្ណក្រីក្រនេះដែរ។
កាលពីចុងឆ្នាំ២០២០ អំឡុងពេលជំងឺកូវីដ-១៩ រាតត្បាតពេញបន្ទុក ក្រសួងផែនការ បានរកឃើញថា ពលរដ្ឋដែលមានជីវភាពធូរធារជាង ៤ពាន់គ្រួសារ បានបន្លំធ្វើជាពលរដ្ឋក្រីក្រ ដើម្បីបានទទួលប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាល ដែលត្រូវគេដឹងថា អ្នកទាំងនោះគឺសុទ្ធតែជាសាច់ញាតិរបស់មេភូមិ មេឃុំ និងសែស្រឡាយរបស់អភិបាលស្រុក ជាដើម។
ដោយសារតែបញ្ហានេះ លោក ហ៊ុន សែន ដែលជានាយករដ្ឋមន្ត្រីនៅពេលនោះ បានគំរាមទៅកាន់អាជ្ញាធរមូលដ្ឋានថា ប្រសិនបើលោករកឃើញថានៅភូមិ ឃុំ សង្កាត់ណាមួយមានការរើសអើងក្នុងការចែកបណ្ណសមធម៌ លោកនឹងចាត់វិធានការច្បាប់គ្មានករណីលើកលែងដាច់ខាត។
យ៉ាងណាក៏ដោយ គេមិនដែលឃើញរដ្ឋាភិបាលចាត់វិធានការច្បាប់លើមន្ត្រីមូលដ្ឋានដែលប្រព្រឹត្តអំពើពុករលួយទាំងនោះទេ សូម្បីតែមួយករណី ទោះបីជាមន្ត្រីជំនាញអះអាងថា ពួកគេបានរកឃើញ និងដកហូតបណ្ណក្រីក្រពីពលរដ្ឋដែលមានជីវភាពធូរធារប្រមាណជាង ៣ពាន់គ្រួសារ ដែលពួកគេទទួលបានពីអាជ្ញាធរមូលដ្ឋានក៏ដោយ។
ជាងនេះទៀត កាលពីដើមខែកុម្ភៈ ឆ្នាំ២០២៤ នេះ ពលរដ្ឋមួយចំនួនដែលរស់នៅឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានត្អូញត្អែរថា ការចែកបណ្ណសមធម៌នៅក្នុងឃុំរបស់ពួកគេ ធ្វើឡើងដោយគ្មានតម្លាភាព ពីព្រោះគ្រួសារក្រីក្រពិតប្រាកដខ្លះមិនបានទទួលបណ្ណក្រីក្រនេះឡើយ ប៉ុន្តែបណ្ណនេះចែកឱ្យតែអ្នកដែលជាសមាជិករបស់គណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះ ទោះអ្នកទាំងនោះមានជីវភាពធូរធារយ៉ាងណាក៏ដោយ។
ការលើកឡើងបែបនេះ ធ្វើឡើងបន្ទាប់ពីក្រសួងសង្គមកិច្ច កាលពីដើមខែកុម្ភៈ ឆ្នាំ២០២៤ បានធ្វើបទបង្ហាញមួយជុំវិញការបញ្ចេញកញ្ចប់ថវិកាជាតិជំនួយសង្គមទៅដល់ពលរដ្ឋក្រីក្ររាប់សែនគ្រួសារ ក្នុងពេលមានវិបត្តិសេដ្ឋកិច្ចនៃការរីករាលដាលជំងឺកូវីដ-១៩ គ្រោះទឹកជំនន់ និងក្នុងពេលរងនូវសម្ពាធសេដ្ឋកិច្ចសកលជាបន្តបន្ទាប់មកនេះ។
អនុប្រធានវេទិកាពលរដ្ឋលោក ម៉ែន ណាត ធ្លាប់បានលើកឡើងជុំវិញការចែកបណ្ណក្រីក្រនេះថា ពលរដ្ឋក្រីក្រ ដូចជាអតីតយោធិន និងជនងាយរងគ្រោះភាគច្រើនមិនទទួលបានការគាំពារពីរដ្ឋាភិបាលប្រកបដោយតម្លាភាពនោះទេ។
លោក ម៉ែន ណាត បញ្ជាក់ថា បញ្ហានេះគឺបណ្តាលមកពីកត្តាមួយចំនួន ដូចជា ការប្រព្រឹត្តអំពើពុករលួយ ការរើសអើងនយោបាយ និងដោយសារតែរដ្ឋាភិបាលគ្មានយន្តការត្រួតពិនិត្យ ឬហ៊ានដាក់ពិន័យទៅលើមន្ត្រីរបស់ខ្លួនដែលបានប្រព្រឹត្តអំពើពុករលួយក្នុងការអនុវត្តកម្មវិធីជាតិជំនួយសង្គមនេះ៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.
